Barca ឈ្នះ Atletico លើកពាន La Liga លើកទី២៣ ទោះ CR7 ស៊ុតហ៊ែតទ្រីក
- 2015-05-18 15:00:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Barca ឈ្នះ Atletico លើកពាន La Liga លើកទី២៣ ទោះ CR7 ស៊ុតហ៊ែតទ្រីក
ចន្លោះមិនឃើញ
ក្រុម Barcelona បានក្លាយជាម្ចាស់ជើងឯក La Liga ជាស្វ័យប្រវត្តិដោយសល់មួយប្រកួតក្នុងដៃ ក្រោយយកឈ្នះ Atletico Madrid ១-០ យប់មិញនេះ។ អាចថាជាការសងសឹកមួយដ៏ល្អផងដែរ ត្បិតអីកាលពីរដូវកាលមុន Atletico បានឈ្នះជើងឯកនេះនៅកីឡដ្ឋាន Nou Camp តែរដូវកាលនេះ Barca អាចឈ្នះវិញនៅលើទឹកដី Vicente Calderon។
កីឡាករក្រុម Barcelona អបអរក្រោយឈ្នះពាន La Liga
លទ្ធផលនេះគឺល្មមគ្រប់គ្រាន់ឲ្យក្រុមលោក Luis Enrique លើកពានលីកកំពូលអេស្ប៉ាញជាលើកទី២៣ បើទោះបីជា Cristiano Ronaldo អាចធ្វើបានហ៊ែតទ្រីកជួយឲ្យ Real ឈ្នះ Espanyol ៤-១ ក៏ដោយ ពោលគឺលើសគ្នា៤ពិន្ទុ ខណៈនៅសល់តែ១ប្រកួតទៀតប៉ុណ្ណោះនឹងចប់រដូវកាល។
មួយគ្រាប់ជ័យជម្នះរបស់ក្រុមអ្នកមានបុណ្យ ធ្វើបានដោយខ្សែប្រយុទ្ធ Lionel Messi នៅនាទី៦៥។ នេះជាគ្រាប់បាល់ទី៤១ប្រចាំ La Liga រដូវកាលនេះ សម្រាប់ខ្សែប្រយុទ្ធអាហ្សង់ទីនម្ចាស់ពាន Ballon d'Or ៤សម័យ ដោយចាញ់ Ronaldo ៤គ្រាប់។
ក្រោយបញ្ចប់ការប្រកួតយប់មិញនេះ កីឡាករ ក្រុមគ្រូបង្វឹក និងបុគ្គលិកនៃក្រុមអ្នកមានបុណ្យទាំងអស់ នាំគ្នាអបអរនៅលើទីលាន Vicente Calderon របស់ក្រុមម្ចាស់ផ្ទះ មុនបន្តអបអរនៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់។
Barcelona នៅមានឱកាសលើកពាន២ទៀតក្នុងរដូវកាលនេះ ដោយត្រូវជួប Athletic Bilbao នៅវគ្គផ្ដាច់ព្រ័ត្រ Copa del Rey នាថ្ងៃទី៣០ ឧសភា មុនប៉ះ Juventus នៅវគ្គផ្ដាច់ព្រ័ត្រ UEFA Champions League នៅថ្ងៃទី៦ មិថុនា។
កាលពីរដូវកាល ២០០៨-២០០៩ ក្រុមនេះអាចឈ្នះពាន៣ក្នុងមួយរដូវកាលម្ដងរួចមកហើយ ក្រោយការដឹកនាំរបស់ Pep Guardiola។ ចាំមើលរដូវកាលនេះវិញ អាចធ្វើបានទៀតឬអត់?
ប្រភព៖ bbc