បេក្ខ​នារី​ ​Talen​t​ ​Show​ ​​របស់​ទួរគី​​ម្នាក់​​ ត្រូវ​​ខ្មាន់​កាំភ្លើង​​លួច​បាញ់​កណ្ដាល​ក្បាល

  • 2015-05-20 18:09:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ត្រី​ឈ្មោះ Mutlu Kaya ដែល​គេ​ស្គាល់​ថា​​ជា ​បេក្ខនារី​​ប្រលង​ក្នុង​កម្មវិធី បង្ហាញ​ទេពកោសល្យ Sesi Cok Guzel របស់​ទួរគី ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់​​​ចំ​កណ្តាល​ក្បាល​​ ខណៈ​នាង​កំពុង​ហាត់សម​​ក្នុង​ផ្ទះរបស់​ខ្លួន កាល​​ពី​ព្រឹក​ថ្ងៃ​ចន្ទ​កន្លង​ទៅ​។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ ពី​សារព័ត៌មាន​ជាតិ​​ទួរគី។

 

 

 

​ប្រភព​បន្ត​ទៀត​ថា មុន​កើតហេតុ​បេក្ខនារី​វ័យ​១៩​ឆ្នាំ ត្រូវ​ជន​មិន​ស្គាល់​អត្តសញ្ញាណគំរាម​សម្លាប់​ បើ​សិន​នាង​ហ៊ានឡើងច្រៀង ​ក្នុង​កម្មវិធី​មួយ​នេះ។

 

ចំណែក​ខ្មាន់កាំភ្លើង​ត្រូវ​គេ​ឱ្យ​ដឹង​ថា បាន​ស្ថិត​ក្នុង​សួនច្បារ និង​បាន​បាញ់​រះ​តាម​បង្អួច​ផ្ទះ ដែល​បណ្ដាល​ឱ្យ​ជនរងគ្រោះរបួស​ធ្ងន់ធ្ងរ ហើយ​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​នេះ មនុស្ស​ម្នាក់​ត្រូវ​ចាប់​ខ្លួន។

 

ចំណែក​កាសែត Posta រាយការណ៍​ដែរ​ថា Kaya ទទួល​បាន​ការ​គំរាម​សម្លាប់ ពី​ជន​មិន​ស្គាល់​អត្តសញ្ញាណ ក្រោយ​នាងបង្ហាញ​ខ្លួន​ក្នុង​កម្មវិធី Sesi Cok Guzel នាពេល​កន្លង​មក។ កា​សែត​នេះ​បាន​ស្រង់​សម្ដី​​​​ពេល Kaya ប្រាប់​ក្រុម​ផលិត​របស់​កម្មវិធីខាងលើ​​ថា "ខ្ញុំ​ខ្លាច​ខ្លាំង​ណាស់"។

 

លោក Mehmet Kaya ឪពុក​ជនរងគ្រោះ ​បាន​សម្ដែង​ក្ដី​សោកស្ដាយ​ជា​ខ្លាំងចំពោះ​កូន និង​ប្រាប់​ទៅ​សារព័ត៌មាន​ក្នុង​ស្រុក​​ថា កូន​ស្រី​របស់​លោក កំពុង​តែ​ហាត់​សម​​​ច្រៀង ពេល​គេ​បាញ់​សម្លាប់​​នោះ។

 

ករណី​បាញ់​ប្រហារ​មក​លើ​ស្ត្រី​វ័យ​ក្មេង​ខាងលើ បាន​កើតឡើង​ក្នុង​​​ស្រុក Ergani ខេត្ត Diyarbakir ទីក្រុង Diyarbakir ភាគ​ខាង​កើត​ឆៀង​ខាងត្បូង​ប្រទេស​ទួរគី ដែល​ជា​កន្លែង​មាន​ចលនា​ស្ត្រី​ឃឺដ​ខ្លាំងក្លា​បំផុត ។ ចៅហ្វាយ​ក្រុង និង​ស្ទើរ​តែ​ពាក់​កណ្ដាល​​នៃ​​តំណាង​រាស្ត្រ​ក្នុង​​តំបន់​នេះ​​គឺ​ជា​​​ស្ត្រី។

 

Sesi Cok Guzel ជា​ប្រភេទ​កម្មវិធី​បង្ហាញ​ទេពកោសល្យ​មួយ​របស់​ទួរគី ដែល​មាន​លក្ខណៈ​ស្រដៀង នឹង​កម្មវិធី Britain's Got Talent របស់​អង់គ្លេស​ដែរ៕

 

 

 

 

 

ចុចអាន៖ បេក្ខជន​ម្នាក់​ច្រៀង​បទ “Let It Go”​ សំឡេង​ដូច​គោ​រោទ៍​ក្នុង​កម្មវិធី​ ​​Britain’s Got Talent​​​

 

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ BBC