តារា​ល្បី​៦​រូប ដែល​មាន​ស្នាដៃ​មនុស្សធម៌​ធំធេង សម្រាប់​ពិភពលោក

  • 2015-05-22 18:37:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ល្បី​ៗ​គឺ​ជា​មនុស្ស​ដ៏​មាន​ឥទ្ធិពល​ក្នុង​សង្គម ប៉ុន្តែ​អ្វី​ដែល​មិន​អាច​ប្រកែក​បាន​គឺ​ពួក​គេ​ក៏​ជា​មនុស្ស​ តែង​តែ​មាន​ចំណុច​ល្អ និង​ចំណុច​អាក្រក់ ហើយ​ចំណុច​ខ្លះ​ក៏​ផ្ដល់​ជា​គំរូ​មិន​ល្អ​ដល់​សង្គម​របស់​ពួក​គេ។ ទោះ​យ៉ាង​ណា មាន​តារា​ជា​ច្រើន​នាក់​ដែល​បាន​ព្យាយាម​ប្រើប្រាស់​កេរ្តិ៍ឈ្មោះ និង​អ្វី​ៗ​ដែល​ពួក​គេ​មាន​ ដើម្បី​កសាង​ជា​ប្រយោជន៍​ជា​ច្រើន​ដល់​សង្គម​ជាតិ​របស់​ខ្លួន ក៏​ដូច​ជា​ពិភពលោក​ទាំង​មូល។

 

ខាង​ក្រោម​នេះ​ គឺ​ជា​តារា​អន្តរជាតិ​​​ ៦រូប ដែល​មាន​កេរ្តិ៍ឈ្មោះ​ល្បី​លេចធ្លោ​លើ​វិថី​សិល្បៈ និង​បាន​ចូលរួម​ចំណែក​ធ្វើ​ឲ្យ​ពិភពលោក​​កាន់​តែ​ប្រសើរ​ឡើង តាម​រយៈ​សកម្មភាព​មនុស្សធម៌៖

 

៦. Shakira

 

 

ជាមួយ​សម្រស់​ស្រស់​សោភា Shakira គឺ​ជា​តារា​ចម្រៀង​ដ៏​​មាន​ទេពកោសល្យ​ម្នាក់​ពី​ប្រទេស​កូឡុំប៊ី។នាង​បាន​ប្រឡូក​អាជីព​ចម្រៀង​តាំង​ពី​អាយុ ១៣ឆ្នាំ និង​បាន​ចេញ​អាល់ប៊ុម​ចម្រៀង​ចំនួន ២​មុន​នឹង​បាន​ចូល​ច្រៀង​ក្នុង​ផលិតកម្ម​ល្បី នៅ​ពេល​មាន​អាយុ ១៧ឆ្នាំ។ ពីរ​ឆ្នាំ​ក្រោយ​មក នាង​បាន​បង្កើត​មូលនិធិ Pies Descalzos ដែល​ជា​អង្គការ​មិន​ស្វែង​រក​ប្រាក់​ចំណេញ និង​មាន​គោលបំណង​ពង្រីក​ការ​អប់រំ​សម្រាប់​មនុស្ស​គ្រប់​គ្នា​នៅ​ប្រទេស​ហៃទី អាហ្វ្រិក​ខាង​ត្បូង និង​កូឡុំប៊ី។ នាង​ក៏​បាន​ប្រើប្រាស់​ទេពកោសល្យ​សិល្បៈ​ដ៏​សម្បូរ​បែប​របស់​នាង ក្នុង​ការ​ប្រគំ​តន្ត្រី​សប្បុរសធម៌​នានា​ ជា​ញឹកញាប់​ដែរ។ លើស​ពី​នេះ តារា​វ័យ ៣៨ឆ្នាំ​រូប​នេះ ក៏​ជា​ឯកអគ្គរដ្ឋទូត​សុឆន្ទៈ​របស់​​អង្គការ UNICEF ម្នាក់​ដែរ។​

 

៥. Leonardo DiCaprio

 

Leonardo DiCaprio គឺ​ជា​តារា​សម្ដែង និង​ផលិតករ​ភាពយន្ត​ដ៏​លេចធ្លោ​ម្នាក់​ក្នុង​សម័យ​បច្ចុប្បន្ន។ លោក​​ជា​តារា​ម្នាក់​ដែល​មាន​សមត្ថភាព​សម្ដែង​ខ្សែ​ភាពយន្ត​​បាន​ល្អ​ស្ទើរ​​គ្រប់​ប្រភេទ។ លោក​បាន​ចាប់​ផ្ដើម​អាជីព​សម្ដែង​ នៅ​ពេល​មាន​អាយុ ១៥ឆ្នាំ ហើយ​រហូត​មក​ដល់​ពេល​នេះ​ទ្រព្យ​សម្បត្តិ​របស់​លោក បាន​កើន​ឡើង​ដល់ ២២០លាន​ដុល្លារ។ ទោះ​យ៉ាង​ណា តារា​វ័យ ៤០ឆ្នាំ​រូប​នេះ​ក៏​បាន​ចំណាយ​ប្រាក់​មិន​តិច​ដែរ​ក្នុង​ការងារ​មនុស្សធម៌។ ជា​ពិសេស លោក​គឺ​ជា​សកម្មជន​បរិស្ថាន​ម្នាក់ និង​ជា​អ្នក​តំណាង​អង្គការ​សហប្រជាជាតិ ក្នុង​ផ្នែក​​គ្រប់គ្រង​បញ្ហា​បម្រែបម្រួល​អាកាសធាតុ។ ក្រោយ​ពី​មាន​គ្រោះ​រញ្ជួយ​ដី​ដ៏​ធំ​នៅ​ប្រទេស​ហៃទី DiCaprio បាន​បរិច្ចាគ​ប្រាក់ ១លាន​ដុល្លារ សម្រាប់​ប្រជាជន​ដែល​រង​ផល​ប៉ះពាល់។ លោក​ក៏​ជា​សកម្មជន​សិទ្ធ​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា​ម្នាក់​ដែរ។​​

 

៤. Nicole Kidman

 

 

តារា​សម្ដែង និង​ផលិតករ​ភាពយន្ត​សញ្ជាតិ​អូស្ត្រាលី​រូប​នេះ បាន​ចាប់​ផ្ដើម​អាជីព​សិល្បៈ​តាំង​ពី​អាយុ ១៦ឆ្នាំ។ នាង​ចាប់​ផ្ដើម​មាន​ឈ្មោះ​ជា​តារា​ជួរ​មុខ​ក្នុង​វិស័យ​ភាពយន្ត​ហូលីវូដ​ក្នុង​អំឡុង​ទសវត្ស​ ៩០។ បច្ចុប្បន្ន​នាង​មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១៣០លាន​ដុល្លារ និង​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ទូទាំង​ពិភពលោក ប៉ុន្តែ​នាង​បាន​ប្រើប្រាស់​ទឹកប្រាក់ និង​កេរ្តិ៍ឈ្មោះ​ទាំង​នេះ ក្នុង​ផ្លូវ​មនុស្សធម៌​ជា​ច្រើន។ រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ តារា​ម្ចាស់​ពាន​រង្វាន់ Oscar រូប​នេះ បាន​ធ្វើ​កិច្ច​ការងារ​ជា​ច្រើន​សម្រាប់​កុមារ​ងាយ​រង​គ្រោះ​ទូទាំង​ពិភពលោក។ នាង​គឺ​ជា​ឯកអគ្គរដ្ឋទូត​សុឆន្ទៈ​របស់​អង្គការ UNICEF ម្នាក់ និង​ធ្លាប់​បាន​ទទួល​ពាន​រង្វាន់ "ពលរដ្ឋ​ឆ្នើម​ក្នុង​ពិភពលោក" ពី​អង្គការ​សហប្រជាជាតិ​កាល​ពី​ឆ្នាំ​២០០៤។

 

៣. Jackie Chan

 

 

កំពូល​តារា​ក្បាច់​គុន Jackie Chan បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​តាំង​ពី​នៅ​វ័យ​កុមារ ហើយ​បើ​គិត​មក​ដល់​ពេល​នេះ លោក​បាន​សម្ដែង​ភាពយន្ត​ជាង ១៥០រឿង។ បច្ចុប្បន្ន​តារា​វ័យ ៦១ឆ្នាំ​រូប​នេះ​មាន​ទ្រព្យ​សម្បត្តិ​សរុប​ប្រមាណ ១៤០លាន​ដុល្លារ។ ក្រៅ​ពី​ការ​ចំណាយ​​សម្រាប់​ជីវិត​ហ៊ឺហា (ដូច​ជា​ទិញ​យន្តហោះ​ផ្ទាល់​ខ្លួន​ថ្លៃ ៣០លាន​ដុល្លារ) Jackie Chan ក៏​បាន​ចំណាយ​ប្រាក់​ជា​ច្រើន​ដែរ​ក្នុង​ការ​ជួយ​ដល់​ជន​ក្រីក្រ​នា​ពេល​បច្ចុប្បន្ន។ ក្រៅ​ពី​អាជីព​សម្ដែង លោក​គឺ​ជា​ម្ចាស់​មុខ​ជំនួញ​ច្រើន​ប្រភេទ រួម​មាន ភោជនីយដ្ឋាន ហាង​កាហ្វេ ហាង​លក់​សំលៀកបំពាក់ ​ក្រុមហ៊ុន​ផលិត និង​ចែកចាយ​​ភាពយន្ត ក្លឹប​ហាត់​ប្រាណ និង​មុខ​ជំនួញ​ជា​ច្រើន​ទៀត។ មួយ​ភាគ​រយ​នៃ​ប្រាក់​ចំណេញ​ពី​មុខ​ជំនួញ​ទាំង​អស់​របស់​លោក ត្រូវ​បាន​បរិច្ចាគ​ទៅ​កាន់​មូលនិធិ​សប្បុរសធម៌​ជា​ច្រើន​នៅ​ជុំវិញ​ពិភពលោក។ លោក​គឺ​ជា​ឯកអគ្គរដ្ឋទូត​សុឆន្ទៈ​របស់​អង្គការ UNICEF ហើយ​ថ្មី​ៗ​នេះ លោក​ទើប​តែ​ត្រូវ​បាន​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​ប្រឆាំង​គ្រឿង​ញៀន នៅ​ប្រទេស​សិង្ហបុរី។​​

 

២. Angelina Jolie

 

 

Angelina Jolie ត្រូវ​បាន​គេ​ស្គាល់​ច្រើន​តាម​រយៈ​ទេពកោសល្យ​សម្ដែង​ដ៏​ប៉ិន​ប្រសប់ រួម​ជាមួយ​ទឹក​ចិត្ត​ដ៏​មោះមុត​ក្នុង​ផ្នែក​មនុស្សធម៌។ នាង​បាន​ចាប់​ផ្ដើម​សម្ដែង​រឿង​ទី​មួយ អំឡុង​ទសវត្ស ៩០ និង​ចាប់​ផ្ដើម​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​នៅ​ឆ្នាំ​២០០១ នៅ​ពេល​សម្ដែង​រឿង "Lara Croft: Tomb Raider”។ នាង​បាន​មក​ថត​ភាពយន្ត​នេះ​នៅ​ប្រទេស​កម្ពុជា ដែល​ធ្វើ​ឲ្យ​នាង​មើល​ឃើញ​ពី​ស្ថានភាព​រស់​នៅ​ដ៏​លំបាក​របស់​ប្រជាពលរដ្ឋ​ជា​លើក​ដំបូង ហើយ​​​ក៏​ចាប់​ផ្ដើម​ជួយ​ដល់​មនុស្ស​ជុំវិញ​ពិភពលោក​តាំង​ពី​ពេល​នោះ។ នាង​បាន​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​ទៅ​កាន់​ជំរំ​ជន​ភៀស​ខ្លួន​នៅ​ជុំវិញ​ពិភពលោក និង​បាន​បរិច្ចាគ​ប្រាក់​រាប់​លាន​ដុល្លារ​ដល់​ពួក​គេ។ នាង​ក៏​ធ្លាប់​បាន​ជួយ​ឧបត្ថម្ភ​ដល់​មជ្ឈមណ្ឌល​ផ្ដល់​ការ​អប់រំ និង​ថែ​ទាំ​សុខភាព​កុមារ ជា​ច្រើន​កន្លែង​ដែរ​នៅ​ជុំវិញ​ពិភពលោក និង​បាន​ចូលរួម​ក្នុង​ការងារ​មនុស្សធម៌​ជា​ច្រើន​ទៀត​ជាមួយ​ស្វាមី​របស់​នាង Brad Pitt។ Angelina ក៏​ជា​សកម្មជន​សិទ្ធ​នារី លេចធ្លោ​ម្នាក់​ដែរ។​

 

១. Oprah Winfrey

 

 

មាន​ទ្រព្យ​សម្បត្តិ​ជាប់​ខ្លួន​ជាង ៣ពាន់​លាន​ដុល្លារ ពិធីការិនី​ល្បី Oprah អាច​ចំណាយ​ទៅ​លើ​អ្វី​គ្រប់​យ៉ាង​ដែល​ខ្លួន​ចង់​បាន​ដោយ​គ្មាន​បញ្ហា។ ទោះ​យ៉ាង​ណា​ពិធីការិនី​រូប​នេះ តែង​តែ​បង្ហាញ​ឲ្យ​ឃើញ​ថា គោលដៅ​ធំ​បំផុត​របស់​នាង គឺ​ត្រូវ​ប្រើប្រាស់​កេរ្តិ៍ឈ្មោះ និង​ឥទ្ធិពល​របស់​ខ្លួន​ដើម្បី​ជួយ​ដល់​មនុស្ស​ដែល​មាន​ជីវភាព​ខ្វះ​ខាត។ Oprah ត្រូវ​បាន​មនុស្ស​ជា​ច្រើន​ចាត់​ទុក​ជា​មនុស្ស​ស្រី​មាន​ឥទ្ធិពល​បំផុត​ក្នុង​ពិភពលោក និង​ជា​សប្បុរសជន​ស្បែក​ខ្មៅ​ដ៏​អស្ចារ្យ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក។ នាង​ធ្លាប់​បាន​ឧបត្ថម្ភ​អាហារូបករណ៍​ចំនួន ៥ពាន់​កន្លែង ដល់​សិស្ស និស្សិត​ជុំវិញ​ពិភពលោក ដែល​មាន​ឆន្ទៈ​ក្នុង​ការ​ប្រើ​ចំណេះ​ដែល​ខ្លួន​បាន​រៀន​ដើម្បី​បម្រើ​ដល់​សង្គម​វិញ។ នាង​បាន​បើក​សាលា​រៀន​មួយ​ដែល​មាន​ទី​កន្លែង​ស្នាក់​នៅ សម្រាប់​សិស្ស​ស្រី​នៅ​អាហ្វ្រិក​ខាង​ត្បូង ដែល​បាន​ផ្ដល់​ឱកាស​អប់រំ​ដ៏​មាន​ប្រសិទ្ធភាព​សម្រាប់​ក្មេង​ស្រី​ដែល​ចង់​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​នៅ​ក្នុង​ពិភពលោក។ ស្នាដៃ​របស់​លោក​ស្រី​នៅ​មាន​ច្រើន​ត​ទៅ​ទៀត ប៉ុន្តែ​បើ​និយាយ​ឲ្យ​ខ្លី​ពិភពលោក​ដែល​យើង​រស់​នៅ​គឺ​មិន​អាច​ដូច​ជា​បច្ចុប្បន្ន​ឡើយ​ប្រសិន​បើ​គ្មាន Oprah Winfrey ៕​​​​

 

ចុចអាន៖តារា​ល្បី​ៗ​ហូលីវូដ ៧រូប ដែល​អ្នក​មិន​ដឹង​ថា​ជា​កសិករ

ចុចអាន៖តារា​ហូលីវូដ​ភាគ​ច្រើន​សង្ហាៗ តែ​ដឹង​ថា​កម្ពស់​ពិត​​ប៉ុន្មាន​អត់?

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ therichest
អត្ថបទពេញនិយម