Guo Meimei អាច​ប្រឈម​ជាប់​គុក​១០​ឆ្នាំ​ពី​បទ​បើក​បនល្បែង

  • 2015-05-22 23:22:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Guo Meimei ដែល​គេ​ស្គាល់​ថា ជា​តារា​អ៊ីនធឺណិត​ដ៏​ល្បី​ម្នាក់​នោះ អាច​នឹងត្រូវ​ប្រឈម​ជាប់​ពន្ធនាគារ​រយៈពេល១០​ឆ្នាំ ក្រោយ​ជាប់​​ចោទ​ពី​បទថា បើក​បនល្បែង​ខុសច្បាប់។

 

 

សេចក្ដី​ថ្លែង​របស់​រដ្ឋអាជ្ញា​សង្កាត់​ Dongcheng ក្នុង​ទីក្រុង​ប៉េកាំង កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ឱ្យ​ដឹង​ថា ​​ពួកគេ​​មាន​ភស្តុតាង​គ្រប់គ្រាន់ ដើម្បី​បង្ហាញ​ពី​ទោស​កំហុស​របស់​នាង។ សេចក្ដី​ថ្លែងការណ៍​រៀបរាប់​ថា៖ "យើង​មាន​ភស្តុតាង​គ្រប់គ្រាន់​បញ្ជាក់​ថា Meimei និង​មិត្ត​របស់​នាង Zhao Xiaolai បាន​រៀបចំ​​ និង​សម្រួល​ដល់​អ្នក​លេងល្បែង​ផ្សេងទៀត ជា​ច្រើនលើកច្រើនសា នៅ​ក្នុង​ឱកាស​ផ្សេងៗ"។

 

កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៤ ប៉ូលិស​ក្រុង​ប៉េកាំង​បាន​រក​ឃើញ ការ​បើក​ភ្នាល់​បាល់ទាត់​​អន្តរជាតិ World Cup មួយ ដែល​មាន Meimei ជា​មេខ្លោង ហើយ​ប៉ូលិស​បាន​ចាប់​ខ្លួន​អ្នកលេង​ល្បែង​៨​នាក់។ ដល់​ខែ​សីហាតារា​ស្រី​រូប​នេះ ត្រូវ​ប៉ូលិស​ចាប់ខ្លួន ក្រោយ​សង្ស័យ​ថា​បើក​កាស៊ីណូ ហើយ​រដ្ឋអាជ្ញា​បាន​ប្រាប់​ប៉ូលិស​ឱ្យ​ប្រមូល​ភស្តុតាង​ឱ្យ​បាន​​គ្រប់គ្រាន់ ដើម្បី​ប្រឆាំង​នឹងអ្នក​វក់​ល្បែង​អនឡាញ​ទាំង​នោះ។ ​

 

ក្នុង​ពេល​នោះ​ដែរ ប៉ូលិស​បាន​និយាយ​ថា នាង Meimei ក៏​បាន​បើក​គណនី​ជាមួយ​នឹង​វិបសាយ​ល្បែង​ជាច្រើន​នៅ​បរទេស ដែល​អាច​ភ្នាល់​គ្នា​តាម​ទូរសព្ទ​ និង​កម្មវិធី WeChat។ មិន​តែ​ប៉ុណ្ណោះ​នាង​ថែម​ទាំង​ជាប់ពាក់ព័ន្ធ នឹង​ការ​ជួញដូរ​ផ្លូវ​ភេទ និង​បើក​វិបសាយ​បោកប្រាស់ នៅ​បរទេស​ទៀត​ផង។

 

 

យោង​តាម​លោក Xu Yongjun ចៅក្រម​ជាន់​ខ្ពស់​មក​ពី​សាលា​ក្ដី​ឧក្រិដ្ឋកម្ម ស្ថិត​ក្រោម​តុលាការ​កំពូល​ប្រជាជន​ចិន បាន​ឱ្យ​ដឹង​ថា ព្រះរាជអាជ្ញាបាន​ចោទប្រកាន់​នាង​ពី​បទ​បើក​បនល្បែង ជា​ជាង​ចោទ​លើ​ការ​ជួញដូរ​ផ្លូវ​ភេទ។ នេះ​បើ​​មើល​តាម​ភស្តុតាង និង​បទ​ល្មើស​ជាក់​ស្ដែង។

 

ច្បាប់​ព្រហ្មទណ្ឌ​ចិន​បាន​ចែក​ថា ជន​ណា​ហ៊ាន​បើក​បនល្បែង នឹង​ត្រូវ​ជាប់​ពន្ធនាគារ​តិចជាង​បី​ឆ្នាំ តែ​ក្នុង​ករណី​ទោស​ធ្ងន់ អាច​ជាប់​ពី​បី​ឆ្នាំ​ដល់​ដប់​​​ឆ្នាំ។

 

តារា​​អ៊ីនធឺណិត​ចិន​ដ៏​ល្បី​រូប​នេះ បាន​​ល្បីល្បាញ​​ពេញ​ប្រទេស​ក្នុង​​ឆ្នាំ ២០១១ ពេល​នាង​អះអាង​ខ្លួន​​​​លើ​បណ្ដាញ​សង្គម​ថា នាង​​បាន​បើក​អង្គការ​មួយ ក្រោម​ការ​ទំនុកបម្រុង​របស់​កាកបាទក្រហម។  ពេលនោះ​ហើយធ្វើ​ឱ្យ​នាង​ល្បីល្បាញ ​មាន​ជីវភាព​ធូរធារ និង​មាន​ជីវិត​ថ្កុំថ្កើង។ ប៉ុន្តែ​ក្រោយ​ប៉ូលិស​ចាប់​ខ្លួន តារា​ខាងលើ​​បាន​និយាយ​ថា នាង​គ្មាន​​​អ្វី​ពាក់ព័ន្ធ​នឹង​កាកបាទក្រហម​ទេ ហើយ​នាងក៏​បាន​​​សូម​​ទោស​​ ចំពោះ​កាកបាទក្រហម និង​សាធារណជន៕

 

 

 

 

ចុចអាន៖ ម៉ូដែល​​ចិន​​​​​​ណា​​ហ៊ាន​បង្ហាញ​​ចង្អូរ​ទ្រូង​លើស​​២​ស.ម នឹង​​​រង​​​​​ពិន័យ​ជាង​៨០០ដុល្លារ

 

 

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ lollipop