សាកល​​វិទ្យាល័យ​​ភូមិន្ទ​​ភ្នំពេញ​​បក​ស្រាយ​​មូល​​ហេតុ​​គ្មាន​​បាវចនា​​​លើ​​សញ្ញាប័ត្រ​

  • 2015-05-23 00:22:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​បាន​រៀប​ចំ​ពិធី​ប្រគល់​សញ្ញាប័ត្រ​ថ្នាក់​បរិញ្ញាបត្រ និង​ បរិញ្ញាបត្រ​ជាន់​ខ្ពស់ ជូន​ដល់​និស្សិត​ដែល​បាន​បញ្ចប់​ការ​សិក្សា កាល​ពី​ថ្ងៃ​ ១៩ ខែ​ ឧសភា ឆ្នាំ ​២០១៥ ប៉ុន្តែ ​គេ​កត់​សំគាល់​ឃើញ​ថា នៅ​លើ​សញ្ញាប័ត្រ​ពុំ​មាន​ដាក់​​បាវចនា ជាតិ សាសនា​ ព្រះមហាក្សត្រ ​នោះ​ទេ។​ និស្សិត​ក៏​ដូច​ជា​អ្នក​លេង​បណ្ដាញ​សង្គម​ជា​ច្រើន​ប្រតិកម្ម​ពី​បញ្ហា​នេះ​​ រហូត​មាន​ការ​ថត​បង្ហោះ និង​ ចោទ​ជា​ចម្ងល់​ផ្សេងៗ។

 

រូបភាពដែលអ្នកលេង Facebook ម្នាក់បានបង្ហោះ

 

ទាក់​ទិន​នឹង​រឿង​នេះ ឯក​ឧត្ដម​បណ្ឌិត​ ជេត ជាលី​ ដែល​ជា​សកលវិទ្យាធិការ​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​​ បាន​ធ្វើ​ការ​បក​ស្រាយ​ជុំវិញ​បញ្ហា​នេះ​ នៅ​ក្នុង​សិក្ខា​សាលា​មួយ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​ ២២ ខែ​ ឧសភា ​ឆ្នាំ​ ២០១៥​​ នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ថា ការ​ដក​បាវចនា​ជាតិ​​មិន​មែន​ជា​រឿង​ចៃដន្យ ​និង​ ការ​ធ្វេស​ប្រហែស​ទេ​ ពោល​គឺ​ មុន​ពេល​ដែល​គណៈ​គ្រប់​គ្រង​សាលា​សម្រេច​ចិត្ត​ជ្រើស​យក​សន្លឹក​សញ្ញាប័ត្រ​​បច្ចុប្បន្ន​ គឺ​មាន​ការ​ប្រជុំ​ជា​ច្រើន​សារ បន្ទាប់​ពី​មាន​ការ​ផ្ទេរ​សិទ្ធិ​ពី​ក្រសួង​អប់​រំ​យុវជន ​និង​ កីឡា​ ដែល​អនុញ្ញាត​ឱ្យ​សាកល​វិទ្យាល័យ​​ប្រថាប់​ត្រា​ទទួល​ស្គាល់​ដោយ​ខ្លួនឯង។

 

 

ឯក​ឧត្ដម​បណ្ឌិត​ ​ជេត ជាលី​ បាន​បន្ត​ទៀត​ថា​ គណៈ​គ្រប់​គ្រង​សាលា​សម្រេច​ប្រកាន់​គោលការណ៍​បី​​សំខាន់ៗ​បី​គឺ​ ទី​មួយ​គឺ​ រចនាបថ​​សញ្ញាប័ត្រ​ត្រូវ​មាន​លក្ខណៈ​ជា​ខ្មែរ​ និង ​មាន​អក្សរ​ខ្មែរ ​ទី​ពីរ​គឺ​ មិន​ពាក់​ព័ន្ធ​នឹង​នយោបាយ ​និង​ ទី​ ៣​ មាន​ព័ត៌មាន​​ច្រើន​បំផុត​ដែល​ពាក់ព័ន្ធ​នឹង​ការ​សិក្សា​ ចំណែក​ព័ត៌មាន​​​ដែល​មិន​ពាក់ព័ន្ធ​ត្រូវ​បាន​ដក​ចេញ។

 

 

ឯកឧត្ដម​ក៏​បាន​បន្ថែម​ផង​ដែរថា​ សាលា​មិន​ដាក់​បាវចនា​ជាតិ​ព្រោះ​សាលា​គ្មាន​ភាព​ក្រអឺតក្រទម​​ណា​ប្រដូច​​​ខ្លួន​ខ្ពស់​​ដូច​សញ្ញាប័ត្រ​ដែល​ចេញ​ដោយ​ក្រសួង​នោះ​ទេ​ ដោយ​សារ​វា​ត្រឹម​តែ​ជា​​ផលិត​ផល​របស់​សាលា​តែ​ប៉ុណ្ណោះ​ លើស​ពី​នេះ​ក៏​គ្មាន​ច្បាប់​ណា​ដែល​ចែង​ថា​ការ​មិន​ដាក់​បាវចនា​ជាតិ​ជា​អំពើ​ខុស​ច្បាប់​នោះ​​ដែរ។​​​

 

 

ចំពោះ​ការ​លុប​នូវ​បាវចនា​ជាតិ​លើ​សញ្ញាប័ត្រ​សម្រាប់​ឆ្នាំ​ក្រោយ​ៗ​ទៀត ​លោក​សកលវិទ្យាធិការ​​បាន​បញ្ជាក់​ថា​ ក្រសួង​អប់​រំ​នឹង​កោះ​ប្រជុំ​សាកល​វិទ្យាល័យ​រដ្ឋ​ទាំង​អស់​ដើម្បី​ពិភាក្សា។

 

 

 

សូម​ស្ដាប់​សំឡេង ឯក​ឧត្ដម​បណ្ឌិត​ ជេត ជាលី​ សាកល​វិទ្យា​ធិការ​ នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ​​បក​ស្រាយ​​មូល​​ហេតុ​​គ្មាន​​បាវចនា​​​លើ​​សញ្ញាប័ត្រ​ នៅ​ក្នុង​សិក្ខាលាលា​មួយ​ កាល​ពី​ព្រឹកមិញ​នេះ៖

 

 

 

 

 

 

សូមអាន ៖​   ស្ទើរ​ស្រក់​ទឹក​ភ្នែក​ពេល​​ឃើញ​វត្ថុ​បុរាណ​ខ្មែរ​​ត្រូវ​បាន​ដាក់​លក់​តាម​អ៊ីនធ័រណេត​​

 

 

 

អត្ថបទ៖ គង់ ច័ន្ទ​វ៉ាន់​ណេង + លឹម សុ​នា