មើល​វីដេអូ​​នេះ​​ទើប​​ដឹង​ថា​ការ​តថ្លៃ​ទំនិញ​​ខុស​គ្នា​យ៉ាង​ណា

  • 2015-05-25 22:30:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លក់​តាម​ចិញ្ចើម​ផ្លូវ​ដែល​រក​ប្រាក់​ត្រឹម​ចិញ្ចឹម​ក្រពះ ត្រូវ​អ្នក​ទិញ​តថ្លៃ​យ៉ាង​រោយ​មាត់​ទម្រាំ​ទិញ ប៉ុន្តែ​ទំនិញ​តាម​ហាង​មាន​តម្លៃ​ថ្លៃ​បែរ​ជា​លក់​បាន​ដោយ​ស្រួល មិន​ចាំ​បាច់​ចរចា​យូរ។ ដោយ​មើល​ឃើញ​ពី​ភាព​មិន​ស្មើ​គ្នា​បែប​នេះ ទើប​ជនជាតិ​ឥណ្ឌា​នាំ​គ្នា​បង្កើត​វីដេអូ បង្ហាញ​ពី​ការ​យល់​ខុស​របស់​អ្នក​ទិញ​ក្នុង​ការ​ត​ថ្លៃ​ទំនិញ​តាម​ចិញ្ចើម​ផ្លូវ និង​ទំនិញ​តាម​ហាង។

 

 

នៅ​ក្នុង​វីដេអូ​ជាង ២​នាទី បង្ហាញ​ពី​បុរស​ម្នាក់​ចុះ​ពី​លើ​ឡាន សំដៅ​ទៅ​រក​ទិញ​ដូង​តាម​រទេះ​មក​ទទួល​ទាន។ អ្នក​លក់​បាន​ប្រាប់​ថា ដូង​មាន​តម្លៃ ៣០​រូពី (ប្រហែល ២០០០​រៀល) ព្រម​ទាំង​រៀប​រាប់​ថា​ដូង​នោះ​ស្រស់​ល្អ មាន​ទឹក​ផ្អែម​ឆ្ងាញ់...។

 

គ្រាន់​តែ​ឮ​តម្លៃ​ភ្លាម អ្នក​ទិញ​បាន​ផ្លាស់​ប្ដូរ​ទឹក​មុខ ហើយ​ចោទ​អ្នក​លក់​ថា​ជា​ចោរ​ប្លន់ ដោយ​តថ្លៃ​ឲ្យ​តែ ១៥​រូពី (ប្រហែល ១០០០​រៀល) ប៉ុណ្ណោះ។ អ្នក​លក់​រៀបរាប់​ប្រាប់​ពី​ទុក្ខ​លំបាក​របស់​ខ្លួន ដែល​ត្រូវ​ឈរ​ក្រោម​កម្ដៅ​ថ្ងៃ សម្រក់​ញើស​តាំង​ពី​ព្រលឹម ត្រឹម​រក​ប្រាក់​មួយ​ចម្អែត​ក្រពះ ប៉ុន្តែ​អ្នក​ទិញ​បែរ​ជា​ខឹង និង​ថា​ឲ្យ​អ្នក​លក់​ជា​ចោរ​ដដែល។

 

​​​មួយ​សន្ទុះ​ក្រោយ​មក អ្នក​ទិញ​បាន​ដើរ​មក​កាត់​អ្នក​លក់​ដូង​វិញ ដោយ​មាន​ទឹក​ក្រូច​មួយ​ដប​ផឹក​តាម​ផ្លូវ។ អ្នក​លក់​ដូង​បាន​ហៅ​អ្នក​ទិញ​នោះ​មក​ជិត​ខ្លួន រួច​សួរ​ថា​ទឹក​ក្រូច​មាន​តម្លៃ​ប៉ុន្មាន។ អ្នក​ទិញ​ប្រាប់​វិញ​ថា មាន​តម្លៃ ៣៥​រូពី (ប្រហែល ២៣០០​រៀល)។ អ្នក​លក់​សួរ​អ្នក​ទិញ​ទៀត​ថា ត​ថ្លៃ​ប៉ុន្មាន​ទើប​ទិញ ប៉ុន្តែ​អ្នក​ទិញ​នោះ​បែរ​ជា​និយាយ​ថា វា​ជា​ទំនិញ​តាម​ហាង​មាន​ម៉ាក​ត្រឹម​ត្រូវ មិន​អាច​ត​ថ្លៃ​ទេ។

 

អ្នក​លក់​ចាប់​ផ្ដើម​និយាយ​ថា ទំនិញ​របស់​អ្នក​មាន​សូម្បី​មួយ​រូពី​មិន​ត​ថ្លៃ​ផង ចំណែក​ទំនិញ​អ្នក​ក្រ​ដូច​ជា​លោក បែរ​ជា​ត​ថ្លៃ​រហូត​ដល់ ១៥​រូពី។ ពាក្យ​សម្ដី​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​ទិញ​ភ្ញាក់​ខ្លួន និង​ទទួល​ស្គាល់​ថា​អ្វី​ដែល​អ្នក​លក់​និយាយ​សុទ្ធតែ​ត្រឹម​ត្រូវ...។

 

ចង់​ដឹង​ច្បាស់ សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

ចុចអាន៖ មើល​វីដេអូ​នេះ ទើប​ដឹង​ថាការ​ជួបជុំ​មាន​តម្លៃ​យ៉ាង​ណា​សម្រាប់​ឪពុក​ម្តាយ

 

ដោយ៖ គង់ វិសាល ប្រភព៖ YouTube(ActorVarunPruthi) ​