ស៊ីវហួង រៀន​ជំនាញ​កម្រ​មាន​​​ស្រុក​ខ្មែរ​​ តែ​សមត្ថភាព​ខ្លាំង​អាច​​ប្រជែង​ឈ្នះ​និស្សិត​ចិន​ពូកែ​ៗ

  • 2015-05-26 17:57:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាំង​ ស៊ីវ​ហួង​ ជា​យុវតី​ខ្មែរ​មួយ​រូប​ក្នុង​ចំណោម​និស្សិត​អាហារូបករណ៍​​ជាង​ ១០ នាក់​ផ្សេង​ទៀត​ដែល​មាន​ឱកាស​បាន​សិក្សា​ជំនាញ​ស្ថាបត្យកម្ម​បរិស្ថាន​និង​វិស្វកម្ម​បរិក្ខារ​នៅ​ប្រទេស​មហាអំណាច​ចិន​​​​។ ជំនាញ​ស្ថាបត្យកម្ម​បរិស្ថាន​និង​វិស្វកម្ម​បរិក្ខារ​ ជា​ជំនាញ​មួយ​​កម្រ​មាន​សាលា​ក្នុង​ស្រុក​បណ្តុះបណ្តាល​ ប៉ុន្តែ​ ស៊ីវហួង បាន​ពុះពារ​ការ​លំបាក​ដោយ​បាន​​ប្រឹងប្រែងសិក្សា​យ៉ាង​ខ្លាំងក្លា រហូត​អាច​ប្រជែង​ឈ្នះ​​និស្សិត​ចិន​មួយ​ចំនួន​​​​ដែល​កញ្ញា​ទទួល​ស្គាល់​ថា​ពោរពេញ​ដោយ​សមត្ថភាព​និង​ពូកែៗ។

 

យុវតី​មាន​​ស្រុក​កំណើត​នៅ​​ស្រុក​បាត់ដំបងរូប​នេះ​បាន​ចែក​រំលែក​បទពិសោធន៍​​លើ​ការ​សិក្សា​និង​​រឿងរ៉ាវ​​នានា​ជុំវិញ​ការ​សិក្សា​នៅ​ទី​នោះ​ តាម​រយៈ​ការ​ផ្ដល់​បទ​សម្ភាស៍​មួយ​​ជាមួយ ​Sabay៖

 

 

Sabay ៖ មូលហេតុ​អ្វី​ទើប​ស៊ីវហួង​ចង់​រៀន​ជំនាញ​ទាក់​ទង​នឹង​ស្ថាបត្យកម្ម​បរិស្ថាន​និង​វិស្វកម្ម​បរិក្ខារ?

 

ស៊ីវហួង៖ នេះ​ជា​ការ​សម្រេច​ចិត្ត​មួយ​ដ៏​លំបាក​ដែល​ខ្លួន​ខ្ញុំ​ជា​ស្រី​ ហើយ​​ត្រូវ​រៀន​ជំនាញ​មួយ​ដែល​ក្នុង​ប្រទេស​អត់​មាន​បែប​នេះ។ កាល​ពី​បួន​ឆ្នាំ​មុន​ ខ្ញុំ​បាន​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ឆ្នាំ​ទី ២ ក្នុង​ជំនាញ​វិស្វករ​សំណង់​ស៊ីវិល។ ដោយ​មាន​ឱកាស​ក្នុង​ការ​សុំ​សិទ្ធ​ប្រលង​អាហារូបករណ៍​ក៏​ខ្ញុំ​បាន​ប្រលង​ជាប់​ជោគ​ជ័យ​ និង​មាន​ឱកាស​សិក្សា​បន្ត​ក្នុង​កម្រិត​បរិញ្ញាបត្រ​ដដែល​រយៈពេល​ ៥ ឆ្នាំ​នៃ​សាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​នៃ​ទីក្រុង​ប៉េកាំង។

​​​

កាល​ពី​វិទ្យាល័យ​ខ្ញុំ​ជា​សិស្ស​ពូកែ​គណិតវិទ្យា​មួយ​រូប ​ធ្លាប់​ជាប់​ជា​សិស្ស​ពូកែ​ទូទាំង​ខេត្តទាំង​ទី ៩ និង ទី១២។ ដូច​នេះ​ការ​ប្រឹង​ប្រែង​របស់​ខ្ញុំ​មិន​មែន​មាន​តែ​គណិតវិទ្យា​គឺ​មាន​ទាំង​មុខ​វិជ្ជា​សំខាន់​ប៉ុន្មាន​ទៀត​ដូច​ជា រូបវិទ្យា គីមីវិទ្យា ជា​ដើម ទើប​ធ្វើ​ឲ្យ​ខ្ញុំ​ស្រលាញ់​ជំនាញ​វិទ្យាសាស្ត្រ​រហូត​សម្រេច​បំណង​រៀន​ជំនាញ​វិស្វករ​ ក៏​ដូច​ការ​សិក្សា​បន្ត​នៅ​ចិន​។

 

Sabay ៖ ពេល​រៀន​ផ្នែក ស្ថាបត្យកម្ម​បរិស្ថាន​និង​វិស្វកម្ម​បរិក្ខារ​នៅ​ចិន​អីចឹង ក្រុម​គ្រួសារ​ និង ​មិត្តភ័ក្ដិ យល់​យ៉ាង​ណា?

 

ស៊ីវហួង៖ ក្រុម​គ្រួសារ​ខ្ញុំ​ពុំ​បាន​ជំទាស់​នឹង​ការ​ជ្រើស​​នេះ​ឡើយ ពួក​គាត់​ផ្ដល់​ឯករាជ្យ​និង​សេរីភាព​ពេញ​លេញ​ក្នុង​ការ​រើស​តែ​ទាស់​ត្រង់​អ្នក​ម៉ាក់​ខ្ញុំ​គាត់​មិន​ចង់​ឲ្យ​កូន​ទៅ​ឆ្ងាយ​ខ្លាច​កូន​លំបាក​ក្នុង​ការ​រស់នៅ​ហើយ​ណា​មួយ​ខ្ញុំ​ជា​ស្រី​ទើប​គាត់​បារម្ភ។ បង​ប្អូន​ខ្ញុំ​និង​លោក​ប៉ា​ គាត់​តែង​តែ​សូរ​ចិត្ត​ខ្ញុំ​ថា​អាច​ទៅ​រួច​ទេ​បើ​​ត្រូវ​ទៅ​ប្រលូក​ក្នុង​ចំណោម​និស្សិត​បរទេស​ ដែល​ជា​អ្នក​ចេះដែល​មាន​គំនិត​គិត​រហ័ស​ និង ឆ្លាត​ៗ​បែប​នេះ។ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ពួក​គាត់​លើក​ទឹក​ចិត្ត​ខ្ញុំ​។ ចំណែក​មិត្តភ័ក្ដិ​​​ អ្នក​ខ្លះ​គំាទ្រ​និង​អ្នក​ខ្លះ​ក៏​មិន​សូវ​គាំទ្រ​ដែរ​។ តែ​មួយ​ចំនួនក៏​បាន​​ជំរុញ​បន្ថែម​។

Sabay ៖ នៅ​ពេល​កំពុង​សិក្សា​តើ​ស៊ីវ​ហួង​ធ្លាប់​មាន​គំនិត​បោះ​បង់​ចោល​ការ​សិក្សា​នៅ​ទី​នោះ​ឬ​ទេ?

 

ស៊ីវ​ហួង​៖ ធ្លាប់​ពិត​ជា​ធ្លាប់ ! ព្រោះ​ហាក់​ដូច​ជា​ឯក​ការ ឬ នឹក​ផ្ទះ​ទាំង​ពេល​ម៉ោង​សិក្សា​និង​មក​ដល់​កន្លែង​ស្នាក់​នៅ។ ព្រោះ​និស្សិត​ខ្មែរ​ដែល​បាន​ជាប់​មក​រៀន​នៅ​ទី​នេះ​គឺ​មិន​មែន​សុទ្ធ​តែ​រៀន​សាកល​ជា​មួយ​គ្នា​នោះ​ទេ ខ្លះ​ទៅ​រៀន​ខេត្ត​ផ្សេង​ៗ​តាម​ដែល​គេ​​បែង​ចែក​ តែ​មិន​ថ្វី​ចាប់​ពី​ ១ ឆ្នាំ កន្លង​ផុត​ទៀត​មាន​និស្សិត​ខ្មែរ​មក​សិក្សា​បន្ថែម​ហាក់​ដូច​ជា​កក់​ក្តៅ​បន្តិច។ មួយ​វិញ​ទៀត​ការ​សិក្សា​គឺ​សុទ្ធ​តែ​និស្សិត​ចិន​ មើល​ទៅ​ហាក់​ដូច​ជា​យើង​ចាញ់​ប្រៀប​ដោយ​ឯកសារ​និង​ការ​ប្រាស្រ័យ​ទាក់​ទង​ជា​ភាសា​ដើម​កំណើត​គេ ចំណែក​ខ្ញុំ​វិញ​ពិបាក​បន្តិច​ព្រោះ​សុទ្ធ​តែ​ពាក្យ​បច្ចេកទេស។ តែ​មិន​ថ្វី​ទេ​ភាសា​ចិន​ខ្ញុំ​បាន​រៀន​តាំង​ពី​តូច​នៅ​ស្រុក​ខ្មែរ​ដូច​នេះ​ ខ្ញុំ​បាន​ខំ​ប្រឹង​បន្ថែម​មិន​ឲ្យ​ចាញ់​គេ​ទេ។

 

Sabay៖ ឃើញ​ថា​មានការ​លំបាក​ច្រើន​ សម្រាប់​ការ​សិក្សា​នៅ​ទី​នោះ ចុះលទ្ធផល​សិក្សា​យ៉ាង​ម៉េច​ដែរ?

 

អ្វី​ដែល​ខ្ញុំ​បាន​ប្រឹង​ប្រែង​ពិត​ជា​មិន​ឥតប្រយោជន៍​នោះ​ទេ ហើយ​ក៏​ជា​មោទនភាព​​ជាមួយ​ការ​​ទទួល​បាន​ការ​លិខិត​សរសើរ​នៃ​រង្វាន់​ទី ១ ​ជា​រៀង​រាល់​ឆ្នាំ​ដែល​កម្រិត​មធ្យម​ភាគ​លើ ៩០ ភាគរយ​អាច​ចាត់​ថា​ជា​សិស្ស​ពូកែ​បើ​ប្រៀបធៀប​ទៅ​នឹង​និស្សិត​បរទេស​ទៅ​រៀន​នៅ​ចិន។

 

លិខិត​សរសើរ First Prize នៃ​ សាកលវិទ្យាល័យវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាប៉េកាំង

 

​Sabay ៖ សម្រាប់​ស៊ីវហួង​ក្រោយ​សិក្សា​មុខ​វិជ្ជា​នេះ យល់​ថា​ទទួល​បាន​អ្វី​ខ្លះ?

 

ស៊ីវ​ហួង​៖ រយៈពេល​នៃ​ការ​សិក្សា​នេះ​គឺខ្ញុំ​ទទួល​បាន​ចំណេះ​ដឹង​ជា​ទាក់​ទង​ការ​គណនា​ប្រព័ន្ធ​ម៉ាស៊ីន​ត្រជាក់ ប្រព័ន្ធ​ខ្យល់ និង ប្រព័ន្ធ​ភ្លើង​ និង ប្រព័ន្ធ​ទឹក​ក្តៅ​ទឹក​ត្រជាក់ ក្នុង​អគារ​ធំ ហើយ ខ្ពស់​ៗ​ផង​ដែរ។ អ្វី​ដែល​សំខាន់​គឺ​ខ្ញុំ​បាន​ចុះ​ទៅ​ផ្ទាល់​ក្នុង​ការ​គណនា​ផ្សេង​ៗ​នៅ​ចិន​នេះ​ដោយ​ចិន​ជា​ប្រទេស​មួយ​អភិវឌ្ឍ​ខ្លាំង​លើ​វិស័យ​ទាំង​នេះ។

Sabay ៖ ស៊ីវ​ហួង​សង្ឃឹម​ថា បន្ទាប់​ពី​រៀន​ចប់​នឹង​អាច​យក​ទ្រឹស្ដី​ក៏​ដូច​ជា​ចំណេះ​ទាំង​នេះ​ជួយ​អ្វី​ខ្លះ?

 

ស៊ីវ​ហួង​៖ បន្ទាប់​ពី​រៀន​ចប់​ ខ្ញុំ​នឹង​យក​ទ្រឹស្ដី​ និង បទពិសោធន៍​ដែល​ខ្ញុំ​ទទួល​បាន​ពី​ការ​សិក្សា​របស់​ខ្ញុំ​នេះ​មក​ជួយ​អភិវឌ្ឍ​ក្នុង​ប្រទេស​កម្ពុជា​យើង​វិញ លើ​ប្រព័ន្ធ​បរិក្ខារ​តាម​អគារ​នា​នា​ផង​ដែរ។ ព្រោះ​រៀន​ចប់​ខ្ញុំ​ចង់​មក​កម្ពុជា​ហើយ​ក៏​អាច​និយាយ​ថា​ត្រូវ​ធ្វើ​ការ​ឲ្យ​គេ​សិន​ ព្រោះ​ចំណេះ​ដឹង​ត្រូវ​ពង្រីក​បន្ថែម ព្រោះ​​ខ្ញុំ​គ្មាន​​ធនធាន​គ្រប់​គ្រាន់​នឹង​ធ្វើ​អ្វី​មួយ​នៅ​ឡើយ​ទេ។

 

កម្មវិធិ​បង្ហាញ​ពី​វប្បធម៌​នៃ​ប្រទេស​នីមួយៗដែល​សាលារៀបចំ​មួយឆ្នាំម្តង

sabay៖ ក្រោយ​រៀន​ចប់ ស៊ីវហួង​ចង់​ក្លាយ​ជា​អ្វី?

 

ស៊ីវ​ហួង៖ ខ្ញុំ​ចង់​ក្លាយ​ជា​សាស្ត្រាចារ្យ​ផ្នែក​ស្ថាបត្យកម្ម​បរិស្ថាន​និង​វិស្វកម្ម​បរិក្ខារ ដែល​កំពុង​រៀន​សព្វ​ថ្ងៃ​នេះ។ ខ្ញុំ​ចង់​ឲ្យ​និស្សិត​ខ្មែរ​មក​សិក្សា​ជំនាញ​បែប​វិទ្យាសាស្ត្រ​ថ្មី​នេះ​ឲ្យ​បាន​ច្រើន​ជាង​ពេល​បច្ចុប្បន្ន ព្រោះ​ប្រទេស​ជាតិ​ពិត​ជា​ត្រូវ​ការ​វិស័យ​នេះ​ក្នុង​ការ​អភិវឌ្ឍ​​គ្រឿង​បរិក្ខារ​ផ្សេង​ៗ​ក្នុង​អគារ​បែប​ស្តង់ដារ​ដូច​ប្រទេស​ជឿន​លឿន​ដែរ។ លើស​ពី​នេះ​​បើ​អាច​ ក៏​​ចង់​ធ្វើ​ជា​អ្នក​បក​ប្រែ​ភាសា​ចិន និង អង់គ្លេស​ថែម​មួយ​ទៀត​​ដែរ​។

 

អត្ថបទ៖ ដារ៉ាឆានី​​

អត្ថបទថ្មី