ប្រធាន​ក្រុម​ វង់​តន្រ្តី​បងប្អូន ច្រាន​ចោល​ព័ត៌មាន​បែក​បាក់​ក្រុម

  • ពុធ, 27 ឧសភា 2015 19:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​ក្រុម​វង់​តន្ត្រី​បងប្អូន លោក ហុង ស្រី​សន្តិភាព បាន​ទាត់​ចោល​ពាក្យ​ចចាមអារ៉ាម​មួយ​ថា វង់តន្ត្រី​នេះ​មាន​ការ​បែកបាក់​ក្រុម ស្រប​ពេល​ដែល​ស្ងប់ស្ងាត់​មិន​សូវ​ចេញ​សម្ដែង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ដូច​ប៉ុន្មាន​ថ្ងៃ​មុន។

 

ជម្លោះ​ផ្ទៃ​ក្នុង ក្រុម​ថ្មី​ងាយ​បែក​បាក់​ ហើយ​សមាជិក​និមួយ​ៗ​ បាន​រត់​ចេញ​ពី​ក្រុម​ទៅ​បង្កើត​ក្រុម​ថ្មី​រៀងៗខ្លួន គឺជា​ អ្វី​ដែល​បាន​លេច​ឮ​នៅ​ក្នុង​ចង្កោម​អ្នក​សិល្បៈ​ដូច​គ្នា នៅ​ប៉ុន្មាន​រយៈ​ចុង​ក្រោយ​នេះ។ "ខ្ញុំ​ប៉ុន្មាន​ថ្ងៃ​នេះ ឮ​ពាក្យ​ចចាមអារ៉ាម​នេះ​ភ្លាម​ គឺ​ខ្ញុំ​មិន​សប្បាយ​ចិត្ត​ខ្ញុំ​ចង់​បញ្ជាក់​ថា វង់តន្ត្រី​របស់​ពួក​ខ្ញុំ​បង្កើត​ឡើង​ដោយ​សាច់ញាតិ​ទាំង​ ៨ នាក់ ពួក​ខ្ញុំ​ស្រឡាញ់​គ្នា​ណាស់​គ្មាន​ទេ​ពាក្យ​បែក​បាក់ តែ​ខ្ញុំ​ទទួល​ស្គាល់​ថា មួយ​រយៈ​នេះ​ខ្ញុំ​ស្ងាត់​ពី​សិល្បៈ"។

 

សន្តិភាព វ័យ ២៣ ឆ្នាំ ដែល​ជំនាញ​ខាង​កាន់​ Guitar Solo បាន​ពន្យល់​ប្រាប់​ Sabay ថា ហេតុ​ផល​ដែល​ស្ងាត់​សកម្មភាព​សម្ដែង​នៅ​តាម​កញ្ចក់​ទូរទស្សន៍​ ដោយ​សារ​មួយ​រយៈ​នេះ សមាជិក​ក្រុម​ជាប់​រវល់​​រឿង​សិក្សា ដូចជា លោក សោម ផានុត វ័យ ២៣ ឆ្នាំ ជំនាញ Giuitar​ និង កញ្ញា សោម លីវ័ន្ត វ័យ ១៨ ឆ្នាំ ជំនាញ Bass ដែល​ត្រូវ​ជា​បងប្អូន​ជីដូន​មួយ បាន​ប្រលង​ជាប់​សាលា​ភូមិន្ទ​នាយ​ទាហាន​សកម្ម​ត្រូវ​រៀន​រយៈពេល ៤ ឆ្នាំ ប៉ុន្ដែ ក្នុង​អំឡុង​ ៣ ខែ​ដំបូង គឺ​ត្រូវ​ហ្វឹកហាត់​ជាប់​រហូត​ដោយ​មិន​អាច​មក​ផ្ទះ​បាន​នោះទេ (ចាប់​ផ្ដើម​ហាត់​តាំង​ពី​ខែ មីនា ២០១៥ មក)។ ឯ​ប្អូន​ស្រី​ពីរ​នាក់​ទៀត សោម ស្រីនា ជំនាញ ស្គរ កំពុង​រវល់​ត្រៀម​ប្រលង​​បញ្ចប់​បរិញ្ញាបត្រ​ផ្នែក​ដូរ្យតន្ត្រី​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ និង ហុង ស្រីវចនា ជំនាញ Organ កំពុង​ត្រៀម​ប្រលង​បញ្ចប់​ថ្នាក់​បរិញាបត្រ​ ផ្នែក​ភាសា​បារាំង​នៅ​សាកល​វិទ្យាល័យ IFL។ "ចំណែក​ខ្ញុំ​វិញ​ក៏​រវល់​ខ្លាំង​ដែរ​បង​ គឺ​ខ្ញុំ​នៅ​សល់​ពេល​ប្រហែល​ ៤ ខែ​ទៀត​ខ្ញុំ​ត្រូវ​ប្រលង​បញ្ចប់​ ម៉ាស្ទ័រ ផ្នែក​គ្រប់​គ្រង​នៅ​សាកល​វិទ្យាល័យ​ ន័រតុន"។

 

លោក ហុង ស្រី​សន្តិភាព ដែល​ជា​ប្រធាន​ក្រុម​វង់​តន្រ្តី​បងប្អូន ដែល​ចូល​ចិត្ត​​ប្រើប្រាស់​ឧបករណ៍​ហ្គីតា​ សូឡូ ដោយ​មាន​ការ​បង្ហាត់​បង្រៀន​ពី លោកគ្រូ​តា កែវ ផែន​ ទាំង​ការ​ច្រៀង​ ការ​រៀន​អក្សរ​ភ្លេង ការ​រៀន​វិស្វករ​សំឡេង​ ព្រម​ទាំង​ការ​និពន្ធ​បទ​ភ្លេង បាន​និយាយ​ទៀត​ថា ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​គ្រប់​គ្នា​ហើយ គឺ​ចាប់​ពី​ខែ កញ្ញា ខាង​មុខ​ ក្រុម​មួយ​នេះ​នឹង​ចាប់​ផ្ដើម​មាន​វត្តមាន​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ឡើង​វិញ​ហើយ។

 

សូម​ស្ដាប់​សំឡេង ហុង ស្រីសន្ដិភាព

 

[audio mp3="http://media.sabay.com/uploads/2015/05/Hong-SreySantepheap-1.mp3"][/audio]

 

ហុង ស្រីសន្ដិភាព​

 

វង់តន្ត្រី​បងប្អូន​ដែល​ប្រមូល​ផ្ដុំ​ដោយ​សាច់ញាតិ​កាល​ពី​អំឡុង​ឆ្នាំ ១៩៩៧ ហើយ​​ផលិត​បាន​បទ​ចម្រៀង​ជា​ស្នាដៃ​ខ្លួន​ឯង​បាន​ ១ វ៉ុល ស្មើ​នឹង​ ១២ បទ ឥឡូវ​ក្រុម​នេះ​បាន​ត្រៀម​វ៉ុល​ទី ២ ហើយ​ តែ​ទាល់​រហូត​ដល់​ចុង​ឆ្នាំ ២០១៦ ទើប​ចេញ​ជា​ផ្លូវ​ការ។ "ក្រុម​ខ្ញុំ​ចេញ​បទ​ចម្រៀង​​វ៉ុល​ចម្រៀង​មួយ​ គឺ​យូរ​ណាស់​ព្រោះ​ពួក​ខ្ញុំ​ត្រូវ​បង្កើត​ទំនុក​ភ្លេង​ថ្មី និង ទំនុក​ច្រៀង​ដោយ​ខ្លួន​ឯង ឥឡូវ​ពួក​ខ្ញុំ​បាន​សរសេរ​ទំនុក​ភ្លេង បាន​ ៦ បទ​ហើយ តែ​នៅ​មិនទាន់​​និពន្ធ​ទំនុក​ច្រៀង​នៅ​ឡើយ"។ ហុង ស្រី​សន្តិភាព ​និយាយ។

 

នៅ​ថ្ងៃ​ទី ១៤ ខែ កញ្ញា ឆ្នាំ ១៩៩៧ លោក ហុង ស្រី​សម្បត្តិ​ ដែល​ត្រូវ​ជា​ឪពុក​របស់​ ហុង ស្រី​សន្តិភាព បាន​បង្កើត​វង់តន្ត្រី​បងប្អូន​ ដោយ​បាន​ចំណាយ​ប្រាក់​អស់​ប្រមាណ​​ជិត ២ ម៉ឺន​ដុល្លារ ក្នុង​ការ​ទិញ​ឧបករណ៍​ និង ជួល​គ្រូ​ មក​បង្រៀន​កូន​បង្កើត​ ៤ នាក់ និង ក្មួយ​ៗ ៤ នាក់​ សរុប​ចំនួន​ ៨ នាក់។ វង់តន្ត្រី​នេះ បង្រៀន​ដោយ​ លោក កែវ ផែន ដែល​ជា​សិល្បករ​ Saxophone ជើង​ចាស់។

 

វង់តន្ត្រី​បងប្អូន​មាន​សមាជិក​សរុប​ចំនួន​ ៨ នាក់ ដូច​ខាង​ក្រោម៖

 

១. ហុង ស្រីសន្តិភាព Guitar Solo និង ជា​ប្រធាន​ក្រុម ២. សោម ផានុត Guitar ៣. ហុង ស្រីវចនា Organ ៤. សោម ស្រីនា Drum ៥. ហុង ស្រីចមចន្ទាកា Clariret/ Saxophone ៦. សោម លីវ័ន្ត​ Bass ៧. សោម យុត្ថវាទ Clarinet/Saxophone ៨. ហុង​ ស្រីសមចា​ Mandolin/ Violin ចាប់​តាំង​ពី​បង្កើត​វង់តន្រ្តី​បងប្អូន​ពី​ឆ្នាំ ១៩៩៧-២០០៣ ផលិត​បាន​ជា CD&VCD ១ វ៉ុល ដែល​មាន​១២​បទ៖ ១. ហិង្សា​លើ​គ្រួសារ ២. ក្មេង​រើស​អេត​ចាយ ៣. ថ្ងៃ នេះ​ចម្លែក ៤. ទំនួញ​ក្មេង​អនាថា ៥. ជីវិត​ក្មេង​សុំទាន ៦. ប៉ាម៉ាក់​មាន​គុណ ៧. ក្មេង​លក់​កាសែត​ ៨. ម៉ាក់ខ្ញុំ ៩ ១+១=៣ ១០ ថ្នាំ​ញៀន​ជា​អ្វី ១១ កូន​ខ្មែរ​ ១២ វង់តន្ត្រី​បងប្អូន។

 

លោក ហុង ស្រី​សន្តិភាព ដែល​ជា​ប្រធាន​ក្រុម​បាន​បញ្ជាក់​ប្រាប់​ Sabay ថា "ក្រុម​ខ្ញុំ​គ្មាន​ទេ​ពាក្យ​បែក​បាក់​ យើង​មាន​តែ​សាមគ្គី ហើយ​យើង​កំពុង​ពង្រឹង​សមត្ថភាព និង កំពុង​ហាត់​សម​រាល់​ថ្ងៃ នឹង​ត្រៀម​ចេញ​ ១ វ៉ុល​ ក្រោយ​ទៀត ពួក​ខ្ញុំ​នឹង​កាន់តែ​រឹងមាំ​ ក្រោយ​ពី​បញ្ចប់​ការ​រវល់​រឿង​សិក្សា"៕

 

[audio mp3="http://media.sabay.com/uploads/2015/05/Hong-SreySantepheap-2.mp3"][/audio]

សោម ផានុត ជំនាញ Guitar

សោម លីវ័ន្ត​ ជំនាញ Bass

អត្ថបទ៖ ប៊ិន ប៊ុណ្ណា
អត្ថបទថ្មី