Bill Gates៖ "ខ្ញុំ​ខ្លាច​​ថា​ជំងឺ​រាតត្បាត​ពេល​អនាគត នឹង​សាហាវ​ជាង​អេបូឡា​ទៀត"

  • 2015-05-28 16:36:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហាសេដ្ឋី​វ័យ៥៩ឆ្នាំ​និង​ជា​ម្ចាស់​ក្រុមហ៊ុន Microsoft លោក Bill Gates បាន​បង្ហាញ​ក្ដី​ព្រួយ​បារម្ភ​ជា​ខ្លាំង​ចំពោះ​សុវត្ថិភាព​ និង​សុខុមាលភាព​របស់​មនុស្ស​ជាតិ​ទូទាំង​ពិភព​លោក ដោយ​ការ​យាយី​ពី​​​ជំងឺ​កាច​សាហាវ​ដែល​អាច​នឹង​កើត​ឡើង​នា​ពេល​អនាគត។

 

“ខ្ញុំ​វាយ​តម្លៃ​ឃើញ​ថា​ លទ្ធភាព​ដែល​អាច​ធ្វើ​ឱ្យ​សង្គ្រាម​នុយក្លេអ៊ែរ​កើត​ឡើង ក្នុង​សម័យ​កាល​របស់​ខ្ញុំ ដូច​ជា​​តិចតួច​បំផុត តែ​បើ​ការ​រាតត្បាត​នៃ​ជំងឺ​ដែល​ខ្លះ​សឹង​តែ​សាហាវ​ជាង​អេបូឡា​ទៀត​នោះ គឺ​មាន​រហូត​ដល់​ទៅ​ជាង ៥០ភាគរយ​ឯណោះ"។ លោក Bill Gates ប្រាប់​ទៅ​ប្លុក​មួយ​ឈ្មោះ Vox កាល​ពី​ពេល​ថ្មីៗ​នេះ។

 

 

មូល​ហេតុ​អំពី​ក្តី​ព្រួយ​បារម្ភ​ដូច្នេះ លោក Bill Gates ចង់​សំដៅ​ទៅ​លើ​លទ្ធភាព​នៃការ​​មាន​ជំងឺ​រាតត្បាត​សាហាវ​ៗ ដែល​អាច​នឹង​កើត​ឡើង​នៅ​ប៉ុន្មាន​ទសវត្ស​ខាង​មុខ​នេះ។ ជាក់ស្ដែង​ដូច​ជំងឺ​អេបូឡា​ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​រង្គាល​កាល​ពី​ឆ្នាំ​មុន ជា​ពិសេស​គឺ​ប្រជាជន​រស់​នៅ​តំបន់​អាហ្វ្រិក។

 

ដោយ​ឡែក​​កាល​ពី​​ឆ្នាំ ១៩១៨ និង ១៩១៩ ជំងឺ​មួយ​ឈ្មោះ Spanish Flu បាន​សម្លាប់​មនុស្ស​អស់​ជា​ច្រើន​លាន​នាក់​ ចន្លោះ​ពី ២០ ទៅ ៤០លាន​នាក់​ទូទាំង​ពិភពលោក។ លោក Bill Gates ​និយាយ​ថា អ្វី​ដែល​គួរ​ឱ្យ​ភ័យ​ខ្លាច​ចំពោះ​ជំងឺ Spanish Flu នេះ គឺ​ការ​ដែល​​គ្មាន​នរណា​ដឹង​ថា វា​មាន​ប្រភព​មក​ពី​ណា​ ហើយ​ការ​នាំ​គ្នា​ហៅ Spanish Flu នេះ ដោយ​សារ​មាន​សារព័ត៌មាន​មួយ​របស់​អេស្ប៉ាញ​ បាន​ចុះ​ផ្សាយ​មុន​គេ​អំពី​ជំងឺ​មួយ​នេះ។

 

លោក Bill Gates បាន​ទៅ​ប្លុក​ខាង​លើ​ទៀត​​ថា ដោយ​សារ​តែ​មូល​ហេតុ​បែប​នេះ​ហើយ ទើប​លោក​ភ័យ​ខ្លាច​ថា​ជំងឺ​រាតត្បាត​សាហាវៗ​ដូចជា Spanish Flu ​និង​អេបូឡា​នៅ​ពេល​អនាគត អាច​នឹង​សម្លាប់​មនុស្ស​ដល់​ទៅ ៣៣លាន​នាក់​តែ​ក្នុង​រយៈ​ពេល ២៥០ថ្ងៃ​ប៉ុណ្ណោះ។

 

“មនុស្សជាតិ​ខ្លួន​ឯង​ជា​អ្នក​បង្កើត​ឱ្យ​មាន​បរិស្ថាន​ដ៏​គួរ​ឱ្យ​ខ្លាច​បែប​នេះ"។ លោក Bill Gates សង្កត់​ធ្ងន់​ជា​ចុង​ក្រោយ៕ ​​​​​​​​​

 

 

អាន៖ Bill Gates នឹង​ចំណាយ​ជាង​​៧០លាន​ដុល្លារ ជួយ​កាត់​បន្ថយ​អត្រា​មរណ​ភាព​កុមារ

 

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត

ប្រភព៖ businessinsider

អត្ថបទថ្មី