Bill Gates នឹង​ចំណាយ​ជាង​​៧០លាន​ដុល្លារ ជួយ​កាត់​បន្ថយ​អត្រា​មរណ​ភាព​កុមារ

  • 2015-05-08 21:03:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Bill Gates នឹង​ដាក់​ឱ្យ​ដំណើរ​ការ​​ប្រព័ន្ធ​ពិនិត្យ​ថែ​ទាំ​សុខភាព ​​និង​ឃ្លាំ​មើល​ជំងឺ​​រាត​ត្បាត​ ក្នុង​គោល​បំណង​ដើម្បី​ជួយ​កាត់​បន្ថយ​អត្រា​មរណៈ​ភាព​របស់​កុមារ​នៅ​តាម​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ។

 

 

មូល​និធិ Bill & Melinda Gates នឹង​​​​​ចំណាយ​ប្រាក់​ប្រមាណ ៧៥លាន​ដុល្លារ​​ទៅ​លើ​គម្រោង​​ខាង​លើ​​ ហើយ​គម្រោង​នេះ​​នឹង​ត្រូវ​ដាក់​ឱ្យ​ដំណើរ​ការ​នៅ​អាហ្វ្រិក និង​អាស៊ី​ខាង​ត្បូង ​(ឥណ្ឌា នេប៉ាល់ ប៉ាគីស្ថាន បង់ក្លាដេស...) ដើម្បី​ប្រមូល​ទិន្នន័យ​ជាក់​លាក់​អំពី​មូលហេតុ​នាំ​ឱ្យ​កុមារ​បាត់​បង់​ជីវិត។

 

គម្រោង​នេះ​នឹង​ជា​ជំនួយ​មួយ​ដ៏​មាន​សារប្រយោជន៍​សម្រាប់​មន្ត្រី​សុខាភិបាល​ទូទាំង​ពិភព​លោក ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​​អត្រា​មរណៈ​ភាព​របស់​កុមារ ហើយ​ក៏​​សម្រាប់​ឃ្លាំ​មើល​និង​ឆ្លើយ​តប​បាន​ទាន់​ពេល​វេលា​ ក្នុង​ករណី​មាន​ជំងឺ​រាតត្បាត​ផ្សេង​ៗ​កើត​ឡើង តួយ៉ាង​ដូច​ជំងឺ​អេបូឡា​ជា​ដើម។

 

"ពិភព​លោក​ពិត​ជា​ត្រូវ​ការ​ជា​ចាំ​បាច់​នូវ​ទិន្នន័យ​អំពី​បញ្ហា​សុខភាព​សាធារណៈ។ នៅ​ពេល​យើង​ចង់​ដឹង​អ្វី​មួយ​នៅ​អាហ្វ្រិក យើង​ត្រូវ​ហោះ​ហើរ​ទៅ​កាន់​ទីនោះ​ជាមួយ​នឹង​ឧបករណ៍​និង​កម្លាំង​ជំនួយ (គ្រូពេទ្យ) ដែល​ត្រូវ​ចំណាយ​ប្រាក់​ច្រើន"។ លោក Bill Gates ចង់​សំដៅ​ទៅ​កាន់​កង្វះ​ខាត​មន្ទីរ​ពិសោធន៍​នៅ​អាហ្វ្រិក​ខាង​លិច និង​ការ​ឆ្លើយ​តប​យ៉ាង​យឺត​យាវ​ពី​សំណាក់​​ស្ថាប័ន​អន្តរជាតិ​ចំពោះ​ជំងឺ​អេបូឡា​ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​រង្គាល​នៅ​អាហ្វ្រិក កាល​ពី​ពេល​កន្លង​ទៅ។

 

លោក​ Bill Gates និង​​លោក​​ស្រី​ Melinda Gates ជា​ភរិយា

 

ប្រព័ន្ធ​ឃ្លាំ​មើល​បញ្ហា​សុខភាព​របស់​កុមារ​ទាំង​៦ធំ​ៗ នឹង​ត្រូវ​ដាក់​ឱ្យ​ប្រើ​ប្រាស់​នៅ​ក្នុង​តំបន់​​មាន​អត្រា​​មរណៈ​របស់​កុមារ​ខ្ពស់​បំផុត នៅ​តាម​បណ្ដា​ប្រទេស​អភិវឌ្ឍ​ដូច​ជា អហ្រ្វិក និង​អាស៊ី​ខាង​​ត្បូង​​។

 

ស្ថាបនិក​ក្រុមហ៊ុន Microsoft រូប​នេះ​ បាន​ឱ្យ​ដឹង​ទៀត​ថា បើ​ទោះ​បី​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ​អត្រា​មរណៈ​ភាព​របស់​កុមារ​បាន​ថយ​ចុះ​ តែ​ពិភពលោក​នៅ​តែ​ត្រូវ​ការ​កម្លាំង​បន្ថែម​ ដើម្បី​ឱ្យ​តួ​លេខ​នេះ​កាន់​តែ​​ទាប​តាម​លទ្ធភាព​អាច​ធ្វើ​ទៅ​បាន។

 

ដើម្បី​ឱ្យ​តួ​លេខ​នេះ​កាន់​តែ​ថយ​ចុះ មជ្ឈមណ្ឌល​ឃ្លាំ​មើល​​ជំងឺ​រាត​ត្បាត​​របស់​លោក ​ក៏​ចាំ​បាច់​ត្រូវ​មាន​អ្នក​ជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​ត្រៀម​ជា​ស្រេច​ ក្នុង​ករណី​មាន​ជំងឺ​សាហាវ​ផ្ទុះ​ឡើង​ ព្រោះ​ពេល​អនាគត​អាច​នឹង​មាន​ជំងឺ​រាតត្បាត​ណាមួយ​កើត​ឡើង​ ដែល​​មិន​ធ្លាប់​ឃើញ​ពី​មុន​មក​ក៏​ថា​បាន៕ ​

 

អាន៖ Bill Gates៖ រឿង​ដែល​​ខ្ញុំ​សោក​ស្តាយ​បំផុត​ក្នុង​មួយ​ជីវិត គឺ​មិន​ចេះ​និយាយ​ភាសា​បរទេស​

អាន៖ Bill Gates បោក​ពិធី​ករ​ល្បី​អាមេរិក​ឲ្យ​ផឹក​ទឹក​ចម្រាញ់​ពី​លាមក​មនុស្ស

អាន៖ Bill Gates បរិច្ចាគ​ទ្រព្យ​​​សម្បត្តិ​ច្រើន​ជាង​គេ​ ក្នុង​ចំណោម​មហាសេដ្ឋី​លំដាប់​ពិភពលោក​​​ ៥រូប​​​​​

 

 

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត

ប្រភព៖ ft.com