សិង្ហបុរី​​ស៊ើប​អង្កេត​រឿង​យន្តហោះ​​​​​គាំង​ម៉ាស៊ីន​ពេល​ហោះហើរ​

  • 2015-05-28 20:30:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុមហ៊ុន​អាកាសចរ​សិង្ហបុរី​ Singapore Airlines បាន​ប្រកាស​បើក​ការ​ស៊ើប​អង្កេត​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ ក្រោយ​យន្តហោះ​ Airbus របស់​ខ្លួន ​ជួប​បញ្ហា​ម៉ាស៊ីន​ពេល​កំពុង​ហោះហើរ​ទៅ​កាន់​ទីក្រុង​សៀងហៃ​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​​ ដែល​ធ្វើ​ឲ្យ​អ្នក​ដំណើរ​ភ័យ​ស្លន់ស្លោ។

 

 

យន្តហោះ​​ប្រភេទ ​​Airbus A330-300 នៃ​​ជើង​ហោះ​ហើរ​​ SQ836 ​ជួប​បញ្ហា​ម៉ាស៊ីន ពេល​ហោះ​ឡើង​ដល់​កម្ពស់៣៩០០០ហ្វីត (១១,៩គីឡូម៉ែត្រ) ក្រោយ​ចាកចេញ​ពី​សិង្ហបុរី​បាន​៣ម៉ោង​កន្លះ ក្នុង​ការ​ហោះហើរ​រយៈ​ពេល​៥ម៉ោង​ទៅ​សៀងហៃ។ ពេល​ជួប​បញ្ហា​ យន្តហោះ​បាន​ដាំក្បាល​ចុះ​ ១៣០០០ហ្វីត (៣៩៦២ម៉ែត្រ) មុន​ពេល​ហោះ​ឡើង​ទៅ​កម្ពស់​ធម្មតា​វិញ។​

 

​តាម​ប្រភព​រ៉ាដា​នៃ​ការ​ហោះ​ហើរ​បាន​​បង្ហាញ​ថា​ ម៉ាស៊ីន​ទាំង​ពី​​របស់​យន្តហោះ​នេះ​​លែង​​ដំណើរការ​​នៅ​ពេល​ដែល​បើក​ឆ្លង​កាត់​ក្នុង​តំបន់​សមុទ្រ​ចិន​ភាគ​ខាង​ត្បូង ដោយ​សារ​អាកាស​ធាតុ​មិន​អំណោយ​ផល​​។

 

យ៉ាង​ណា​ក្ដី​ អ្នក​​​ដំណើរ​​១៨២​នាក់​ និង​បុគ្គលិក​ក្នុង​យន្តហោះ​១២​នាក់​ទៀត​សរុប​១៩៤នាក់ បាន​ទៅ​ដល់​សៀងហៃ​ដោយ​សុវត្ថិភាព ពេល​យន្តហោះ​ចុះចត​​នៅ​​សៀងហៃ​​​​នា​ម៉ោង​១០​:​៥៦​នាទី​យប់​ ម៉ោង​ក្នុង​ស្រុក។

 

ក្រោយ​ពេល​ចុះចត​ យន្តហោះ​បាន​ទទួល​ការ​ពិនិត្យ និង​ពន្យារ​ពេល​ហោះហើរ​២ម៉ោង មុន​ហោះ​ទៅ​កាន់​សិង្ហបុរី​វិញ៕

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ dailymail, theguardian

​​​​​​​​​​