ប៉ារីស​ចាប់​ផ្ដើម​ប្រមូល​សោ​គូស្នេហ៍​រាប់​តោន​ចេញ​ពី​ស្ពាន

  • 2015-06-02 17:24:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គូស្នេហ៍​ដែល​ធ្លាប់​ចាក់​សោ​ជា​សក្ខីភាព​បញ្ជាក់​ទឹក​ចិត្ត​ស្មោះ លើ​ស្ពាន Pont des Arts នា​ទីក្រុង​ប៉ារីស ប្រទេស​បារាំង នឹង​លែង​បាន​ឃើញ​អនុស្សាវរីយ៍​របស់​ខ្លួន​ទៀត​ហើយ បន្ទាប់​ពី​អាជ្ញាធរ​ក្រុង​ចាប់​ផ្ដើម​ប្រតិបត្តិការ កាត់​យក​សោ​ទាំង​នោះ​ចេញ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ។

 

 

ការ​ចាក់​សោ​នៅ​បង្កាន់​ដៃ​ស្ពាន Pont des Arts រួច​បោះ​កូន​សោ​ចូល​ក្នុង​ទន្លេ Seine ដើម្បី​រក្សា​ស្នេហ៍​ស្មោះ គឺ​ជា​ទម្លាប់​របស់​គូស្នេហ៍​ដែល​ធ្លាប់​ធ្វើ​អស់​មួយ​សតវត្ស​ទៅ​ហើយ។ អ្នក​ទេសចរ​មាន​គូ​ទាំង​នោះ ច្រើន​ទិញ​សោ​ចាក់​ជាប់​ជាមួយ​បង្កាន់​ដៃ​ស្ពាន រួច​បោះ​កូន​ចូល​ទៅ​ក្នុង​ទន្លេ ជា​សញ្ញា​នៃ​ចំណង​ស្នេហ៍​គ្មាន​ទី​បញ្ចប់។

 

ទោះ​យ៉ាង​ណា អាជ្ញាធរ​ក្រុង​បាន​សម្រេច​ចិត្ត​កាត់​យក​សោ​ទាំង​នោះ​ចេញ ដោយសារ​ភ័យ​ខ្លាច​​ស្ពាន​ដែល​មាន​អាយុកាល​តាំង​ពី​សតវត្ស​ទី១៩ មិន​អាច​ទ្រាំទ្រ​ទម្ងន់​បាន។ តាម​ការ​ប៉ាន់​ស្មាន សោ​នៅ​លើ​​បង្កាន់​ដៃ​ស្ពាន​មាន​ប្រហែល ៧០​ម៉ឺន​សោ ដែល​គិត​ជា​ទម្ងន់​រាប់​តោន។ ​​​​

 

 

អភិបាល​រង​ក្រុង​ប៉ារីស លោក Bruno Julliard ធ្លាប់​បាន​បញ្ជាក់​ក្រោយ​ទិវា​នៃ​ក្ដី​ស្រលាញ់​កាល​ពី​ខែ​កុម្ភៈ​ថា សាលាក្រុង​កំពុង​ប្រយុទ្ធ​ប្រឆាំង​ប្រពៃណី​ចាក់​សោ​គូស្នេហ៍​លើ​ស្ពាន ដែល​​​កំពុង​រីក​រាលដាល​ពេញ​ទីក្រុង​ប៉ារីស ដោយ​មិន​ឲ្យ​ប៉ះ​ពាល់​អារម្មណ៍​អ្នក​ទេសចរ។

 

លោក​បាន​និយាយ​ថា “យើង​មិន​ចង់​ឲ្យ​មាន​ការ​ចាក់​សោ​លើ​ស្ពាន​ទេ… វា​ដូច​ជា​មិន​ស្អាត និង​គ្រោះ​ថ្នាក់​ណាស់។ អភិបាលរងក្រុង​វ័យ ៣៤​ឆ្នាំ​រូប​នេះ​បាន​បន្ត​ទៀត​ថា “​យើង​ចង់​ឲ្យ​មនុស្ស​មក​លេង​ប៉ារីស តែ​មិន​ចង់​ឲ្យ​ចាក់​សោ​លើ​ស្ពាន… មាន​វិធី​ផ្សេង​ទៀត​ដូច​ជា​និយាយ​ថា “I love you” តាម​សារ ឬ​អ៊ីមែល​ជា​ដើម”៕

 

 

 

 

 

 

 

 

 

ចុចអាន៖ គូ​ស្នេហ៍​រ៉ូមែនទិក​នាំ​គ្នា​ងូត​ទឹក​ត្រសង​កណ្ដាល​ហ្វូង​មនុស្ស​

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ dailymail, NBCNEWS ​​

អត្ថបទថ្មី