សាលាកម្សត់មួយក្នុងខេត្តតាកែវ កំពុងជួបភាពខ្វះខាត
- 2015-06-02 21:25:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាលាកម្សត់មួយក្នុងខេត្តតាកែវ កំពុងជួបភាពខ្វះខាត
ចន្លោះមិនឃើញ
ចម្ងាយ១២គីឡូម៉ែត្រពីទីរួមខេត្តតាកែវ "ផ្នៀត" ជាសាលាបឋមសិក្សាដាច់ស្រយាលមួយ ស្ថិតនៅភូមិក្បាលពោធិ៍ ឃុំសំបួរ ស្រុកទ្រាំង ហើយបច្ចុប្បន្ន សាលានេះកំពុងជួបបញ្ហាខ្វះខាតអគារសិក្សា របងសាលា អណ្ដូងទឹក និងសៀវភៅសិក្សាគ្រប់ប្រភេទ ដែលបញ្ហារាំងស្ទះ ដល់ការសិក្សារបស់សិស្សានុសិស្ស។
លោក ទូច សាម៉ន នាយកសាលាបឋមសិក្សាផ្នៀត បានឱ្យ Sabay ដឹងនៅថ្ងៃទិវាសិទ្ធិកុមារថា សព្វថ្ងៃសាលារបស់លោកមានពីរអគារ ដោយអគារទីមួយមានបីបន្ទប់ កសាងដោយចៅអធិការវត្តពោធិ៍ព្រះថ្នល់ព្រះនាម ជួង ម៉ាក ក្នុងឆ្នាំ១៩៥៧ ប៉ុន្តែឥលូវអគារនេះ មានសភាពទ្រុឌទ្រោម បើទោះមានការជួសជុលក្នុងឆ្នាំ២០១២ ដោយសប្បុរសជនជប៉ុនយ៉ាងណាក្ដី។ ចំណែកមួយខ្នងទៀត មានបីបន្ទប់ដូចគ្នា កសាងក្នុងឆ្នាំ២០០២ ដោយធនាគារពិភពលោក World Bank។ ក្នុងចំណោមបន្ទប់ទាំង៦ មានបួនជាបន្ទប់សិក្សា (មត្តេយ្យមួយថ្នាក់) មួយបន្ទប់ជាបណ្ណាល័យ និងមួយបន្ទប់ទៀតជាទីចាត់ការ។
https://www.youtube.com/watch?v=mKUE65D7zGw&feature=youtu.be
លោកគ្រូ សាម៉ន បានត្អូញត្អែរពីការលំបាកថា ហេតុតែគ្មានបន្ទប់សិក្សាគ្រប់គ្រាន់ សិស្សជាង២០០នាក់របស់លោក ត្រូវបង្ខំចិត្តរៀនពីរពេលព្រឹក-ល្ងាច ហើយសិស្សភាគច្រើន មិនចង់រៀនដូច្នេះឡើយ។
លើសពីនេះហេតុតែជាតំបន់ក្រីក្រ និងដាច់ស្រយាលផងនោះ សាលាបឋមសិក្សាផ្នៀត ដូចជានៅតំបន់ទីរហោឋានអ៊ីចឹង ព្រោះមានតែខ្លោងទ្វារឆ្កឹង និងដើមឈើតែបីបួនដើមប៉ុណ្ណោះ និយាយឱ្យចំគឺគ្មានរបងហ៊ុមព័ទ្ធបិទបាំងការពារ សត្វគោក្របី ជ្រូក មាន់ទា របស់អ្នកស្រុកឡើយ។
នាយកសាលាវ័យជាង៥០ឆ្នាំរូបនេះបានថ្លែងបន្តថា នៅរដូវប្រាំងសាលាហាក់ពិបាកទឹកបន្តិច ព្រោះអណ្ដូងទឹកមួយ ដែលកសាងក្នុងឆ្នាំ២០០៤នោះ បានខូចបាត់ទៅហើយ។ ដោយឡែកនៅរដូវវស្សាវិញ ពេលមានទឹកឡើងខ្លាំង សាលាកម្សត់មួយនេះ ត្រូវលិចលង់ ប្រៀបដូចជាកោះអ៊ីចឹង។ ឆ្នាំខ្លះសិស្សអាចរៀនបាន ហើយគ្រូត្រូវជិះទូកមកបង្រៀនក៏មាន តែឆ្នាំណាដែលទឹកឡើងរាងធំបន្តិច សាលាត្រូវបិទទ្វារ ដើម្បីសុវត្ថិភាពក្មេងៗ។
លោកនាយក ទូច សាម៉ន
ចំណែកបញ្ហាមួយទៀត ដែលបឋមសិក្សាផ្នៀតខ្វះខាត ហើយត្រូវតែដោះស្រាយជាចាំបាច់នោះ គឺសៀវភៅអានសម្រាប់កុមារ និងលោកគ្រូអ្នកគ្រូ។ សាលាមានបណ្ណាល័យចាស់ របកថ្នាំមួយបន្ទប់ ប៉ុន្តែគ្មានសៀវភៅអានគ្រប់គ្រាន់ (មានតែ៥០ក្បាលប៉ុណ្ណោះ សម្រាប់សិស្សជាង២០០នាក់) និងគ្មានធ្នើរ ឬទូដាក់សៀវភៅត្រឹមត្រូវឡើយ។
ដោយមើលឃើញពីទុក្ខលំបាក និងចង់ជួយដល់កុមារ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាចតុមុខ (JCI Cambodia-Chaktomuk) បាននាំសមាជិកទាំង១០០នាក់របស់ខ្លួន ចុះចែកអំណោយតាមលទ្ធភាព ដល់សិស្សានុសិស្សសាលានេះ កាលពីថ្ងៃទី១ ខែមិថុនា ដែលមានអ្នកស្រី ជា សុខហេង ជាប្រធាន JCI សាខាចតុមុខ កញ្ញា ប៊ី ឧដ្ឋានវតី ប្រធានគម្រោង "តោះយើងនាំគ្នាអាន" និងលោក ហួន ហេង ជាប្រធានគម្រោង "បង្គន់អនាម័យដើម្បីសុខភាពកាន់តែប្រសើរ"។
អំណោយសប្បុរសធម៌ ដែលសមាជិក JCI សាខាចតុមុខក៏ដូចជាប្រធានគម្រោង "តោះយើងនាំគ្នាអាន" ចុះចែកនោះ មានដូចជាមួកការពារ ដើមឈើ តុ កៅអី និងធ្នើរដាក់សៀវភៅ និងសៀវភៅចំនួន៦៥៥ក្បាលជាដើម ដែលអំណោយទាំងនេះ បានមកពីវិភាគទានរបស់សប្បុរសជន និងថវិការផ្ទាល់របស់សមាជិក JCI សាខាចតុមុខ។
កញ្ញា ប៊ី ឧដ្ឋានវតី បានបង្ហាញចំណាប់អារម្មណ៍ថា កញ្ញាពិតជាអាណិតក្មេងៗណាស់ ពេលឃើញថាពួកគេគ្មានសៀវភៅអានគ្រប់គ្រាន់ ដើម្បីបង្កើនចំណេះដឹងនោះ។ កញ្ញាបន្ថែមថា "សិស្សជាង២០០នាក់ មានសៀវភៅមើលតែ៥០ក្បាល។ ឮអ៊ីចឹងខ្ញុំមានចិត្តអាណិតពួកគាត់ណាស់ ខុសពីយើងនៅភ្នំពេញ ដែលមានអ្វីៗអានគ្រប់យ៉ាង ដូចជាអ៊ីនធឺណិតផង កាសែតផង អង់គ្លេសក្ដី ខ្មែរក្ដី តែសម្រាប់ពួកគាត់វិញ ត្រូវចែកគ្នាមើល"។
បន្ទាប់ពីមានការជួយពីសមាជិក JCI សាខាចតុមុខ និងសប្បុរសជននានា បណ្ណាល័យសាលាបឋមសិក្សាផ្នៀត ដែលពីមុនមើលមិនចង់យល់ បានប្រែក្លាយជាបណ្ណាល័យ មានសោភ័ណភាពស្រស់ស្អាត គួរឱ្យចង់រៀនសូត្រ។ ជាមួយគ្នានោះលោក ទូច សាម៉ន តំណាងឱ្យសិស្សានុសិស្សទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ JCI សាខាចតុមុខ ដែលជួយជាអំណោយចេញពីទឹកចិត្ត ដល់សាលាបរបស់លោក ហើយជាចុងក្រោយលោក មានសំំណូមពរពីរផងដែរ គឺសូមឱ្យសប្បុរសជនជួយ។ ទីមួយរបងលួសប្រវែង១៧០ម៉ែត្រជុំវិញសាលា និងទី២អគារសិក្សាបួនបន្ទប់មួយខ្នង ដើម្បីសម្រួលដល់ការសិក្សារបស់សិស្ស ឬបើមិនដូច្នេះទេ អាចចាក់ដីបំពេញមុខទីធ្លាសាលាកុំឱ្យទឹកលិច៕
កញ្ញា ប៊ី ឧដ្ឋានវតី
ចុចអាន៖ នរណាជាម្ចាស់ពានរង្វាន់វោហាស័ព្ទជាសាធារណៈ និង អ្នកតស៊ូមតិដ៏ឆ្នើមប្រចាំឆ្នាំ ២០១៥?
ចុចអាន៖ Bag to School យកសម្ភារៈសិក្សាទៅជូនដល់សិស្សានុសិស្សចំនួន១០០០រូប នៅខេត្តកំពង់ធំ
អត្ថបទ៖ អ៊ុំ សុភក្តិ