គ្រួសារ​អ្នក​ស្លាប់​ដោយ​រលក​កម្ដៅ​នៅ​ឥណ្ឌា​ទារ​សំណង​ជាង ១​៦០០​ដុល្លារ

  • 2015-06-04 17:00:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រលក​កម្ដៅ​ដែល​កើន​ឡើង​រហូត​ដល់​ជិត ៥០​អង្សា​នៅ​ឥណ្ឌា បាន​ឆក់​យក​ជីវិត​មនុស្ស​ជាង ២៥០០​នាក់​ហើយ។ ពេល​នេះ​គ្រួសារ​ជន​រង​គ្រោះ​នៅ​រដ្ឋ Andhra Pradesh ដែល​ជា​តំបន់​រង​ការ​វាយ​ប្រហារ​ខ្លាំង​បំផុត បាន​ស្វែងរក​សំណង​ពី​រដ្ឋាភិបាល​ចំនួន ១០​ម៉ឺន​រូពី(១៦១០​ដុល្លារ) សម្រាប់​ជន​រង​គ្រោះ​ម្នាក់ៗ។

 

 

២​ភាគ​៣ នៃ​ចំនួន​ជន​រងគ្រោះ​ទាំង​ជាង ២៥០០​នាក់ គឺ​ជា​ប្រជាជន​នៅ​រដ្ឋ Andhra Pradesh ​ដែល​ពេល​ខ្លះ​សីតុណ្ហភាព​កើន​ឡើង​ដល់​ចន្លោះ​ពី ៤៥ ទៅ ៤៧​អង្សា។ ដើម្បី​ដោះ​ស្រាយ​ទុក្ខ​លំបាក​ខ្លះ ក្រុម​គ្រួសារ​នៃ​ជន​រងគ្រោះ​ទាំង​នោះ បាន​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​ចេញ​សំណង ១០​ម៉ឺន​រូពី(១៦១០​ដុល្លារ) សម្រាប់​ជន​រង​គ្រោះ​ម្នាក់ៗ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​លើ​សារព័ត៌មាន Telegraph របស់​ចក្រភព​អង់គ្លេស។

 

ស្ត្រី​ម្នាក់​ឈ្មោះ Chanaga Ratnam បាន​ប្រើ​ទឹក​កក​ដើម្បី​រក្សា​សព​ប្ដី​របស់​ខ្លួន ទុក​ឲ្យ​មន្ត្រី​មក​ត្រួត​ពិនិត្យ​មើល​ថា​ពិត​ជា​ស្លាប់​ដោយ​រលក​កម្ដៅ​មែន​ឬ​យ៉ាង​ណា។ ប្រសិន​បើ​ដូច្នោះ​មែន អ្នក​ស្រី​​នឹង​ទាមទារ​សំណង​ពី​រដ្ឋាភិបាល។ ទោះ​យ៉ាង​ណា ស្ត្រី​វ័យ ៥៥​ឆ្នាំ​នេះ មិន​អាច​មាន​លទ្ធភាព​ទិញ​ទឹក​កក​បន្ត​ទៀត​ទេ ហើយ​អ្នក​ស្រី​នឹង​បូជា​សព​ប្ដី​តាម​ប្រពៃណី​ក្នុង​ស្រុក​នា​ពេល​ដ៏​ខ្លី​ខាង​មុខ។

 

ទោះ​យ៉ាង​ណា លោក N. Chandrababu Naidu ដែល​ជា​ប្រធាន​គណៈរដ្ឋមន្ត្រី​នៃ​រដ្ឋ Andhra Pradesh បាន​បញ្ជាក់​ថា ការ​​ធ្វើ​កោសល្យវិច័យ​ដើម្បី​ឈាន​ទៅ​ដល់​សំណង មិន​មែន​ជា​ការ​ងាយ​ស្រួល​ឡើយ។ ពេល​នេះ មន្ត្រី​ក្នុង​មូលដ្ឋាន​បី​នាក់ នឹង​ត្រូវ​បញ្ជូន​ទៅ​ពិនិត្យ​សាកសព​ដើម្បី​បញ្ជាក់​ថា មូល​ហេតុ​នៃ​ការ​ស្លាប់ អាច​បណ្ដាល​មក​ពី​រលក​កម្ដៅ​ឬ​មិន​មែន។ ប្រសិន​បើ​សព​នោះ ត្រូវ​បាន​បូជា​រួច សាក្សី ៥​នាក់ ជា​ទូទៅ​អ្នក​ជិត​ខាង ឬ​មិត្តភក្ដិ នឹង​ត្រូវ​កោះ​ហៅ​ឲ្យ​ទៅ​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​ស្លាប់៕

 

 

 

 

 

ចុចអាន៖ ឥណ្ឌា​កំពុង​សាងសង់​ប្រាសាទ​ឧទ្ទិស​សាសនា​ធំ​ជាង​ប្រាសាទ​អង្គរវត្ត

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ Telegraph​​​​