ឥណ្ឌា​កំពុង​សាងសង់​ប្រាសាទ​ឧទ្ទិស​សាសនា​ធំ​ជាង​ប្រាសាទ​អង្គរវត្ត

  • 2015-05-22 20:49:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​សារព័ត៌មាន Quartz ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក បាន​ចុះ​ផ្សាយ​ថា ប្រាសាទ​អង្គរវត្ត​របស់​ព្រះរាជាណាចក្រ​កម្ពុជា អាច​នឹង​បាត់បង់​តំណែង​ជា​បូជនីយដ្ឋាន​ឧទ្ទិស​សាសនា​ធំ​ជាង​គេ​លើ​លោក បន្ទាប់​ពី​ប្រាសាទ​តម្លៃ ៧៨​លាន​ដុល្លារ​នៅ​ឥណ្ឌា​សាងសង់​រួច។

 

ប្រាសាទ Viraat Ramayan Mandir ក្នុង​គម្រោង​សាងសង់​របស់​ឥណ្ឌា

 

ប្រាសាទ​ដែល​ស្ថិត​នៅ​ក្នុង​គម្រោង​នេះ មាន​ឈ្មោះ​ថា Viraat Ramayan Mandir ដែល​នឹង​ត្រូវ​សាងសង់​កម្ពស់​ជាង ១១៥ម៉ែត្រ ជាមួយ​កំពូល១៨ លើ​ផ្ទៃដី ២០០​ហិចតា។ ប្រាសាទ​ថ្មី​នេះ​ត្រូវ​​គ្រប់​គ្រង​ដោយ​ក្រុមហ៊ុន​ឯកជន និង​រំពឹង​ថា​បញ្ចប់​ការ​សាងសង់​ជា​ស្ថាពរ​ក្នុង​ឆ្នាំ២០២៣ ក្នុង​គម្រោង​ថវិកា ៧៨​លាន​ដុល្លារ។

 

ចំណែក​ប្រាសាទ​អង្គរវត្ត​របស់​ព្រះរាជាណាចក្រ​កម្ពុជា​វិញ មាន​កំពូល​ស្រួច៥ (បើ​បូក​ទាំង​ជ្រុង​៤​ទៀត មាន ៩​កំពូល) សាងសង់​ឡើង​លើ​ផ្ទៃដី​ជាង ៥០០​ហិចតា ស្មើ​នឹង​តារាង​បាល់ទាត់៣០០ដោយ​មាន​​កម្ពស់​ជាង ៦៥ម៉ែត្រ​។ ទោះ​យ៉ាង​ណា បើ​គិត​ពី​ទំហំ​ផ្ទៃ​ដី​ដែល​សាងសង់ ប្រាសាទ​អង្គរ​វត្ត​នៅ​តែ​ធំជាង​ប្រាសាទ​ក្នុង​គម្រោង​របស់​ឥណ្ឌា ចាញ់​តែ​កម្ពស់ ​និង​ចំនួន​កំពូល​ប៉ុណ្ណោះ។

 

​​​”​វា​មិន​មែន​ត្រឹម​តែ​ជា​ប្រាសាទ​ទេ... វា​ជា​ស្នាដៃ​ដ៏​វិចិត្រ"។ លោក Kishore Kunal ជា​លេខាធិការ​ក្រុមហ៊ុន Mahavir Mandir Nyas Samiti ដែល​គ្រប់​គ្រង​លើ​គម្រោង​សាងសង់​ប្រាសាទ បញ្ជាក់​ប្រាប់​សារព័ត៌មាន Quartz។ លោក​បាន​បន្ត​ទៀត​ថា "ប្រាសាទ​នេះ​នឹង​នាំ​យក​អ្នក​ទេសចរណ៍ ព្រម​ទាំង​ផ្ដល់​ការងារ​ជា​ច្រើន​ដល់​អ្នក​នៅ​រស់នៅ​ក្នុង​តំបន់... នេះ​គឺ​ជា​គោលបំណង​សំខាន់​នៅ​ក្នុង​ការ​សាងសង់​ប្រាសាទ​នេះ"។ ​​​

 

ប្រាសាទ​ឧទ្ទិស​ដល់​ព្រះ​វិស្ណុ​ដ៏​ធំ​នេះ ត្រូវ​កសាង​ឡើង​ពី​ថ្ម​ភក់​ក្រហម នៅ​​រដ្ឋ Bihar ភាគ​ខាង​ជើង​ប្រទេស​ឥណ្ឌា។ គម្រោង​សាងសង់​ប្រាសាទ​ដែល​មាន​រូបរាង​ស្រដៀង​ប្រាសាទ​អង្គរវត្ត ចាប់​ផ្ដើម​ឡើង​តាំង​ពី​ឆ្នាំ២០១២។ ដំបូង​គេ​បាន​ដាក់​ឈ្មោះ​ប្រាសាទ​នេះ​ថា “Virat Angkor Wat Ram Mandir” ប៉ុន្តែ​បន្ទាប់​ពី​មាន​ភាព​ចម្រូង​ចម្រាស និង​ជំទាស់​ពី​កម្ពុជា ទើប​ប្ដូរ​ដាក់​ឈ្មោះ​ថា “Viraat Ramayan Mandir” វិញ៕

 

 ប្រាសាទ Viraat Ramayan Mandir ក្នុង​គម្រោង​សាងសង់​របស់​ឥណ្ឌា

 
 

ចុចអាន៖ អង្គរវត្ត​ក្នុង​ចំណោម​សំណង់​អច្ឆរិយ​ដោយ​ដៃ​មនុស្ស​ទាំង១០ លើ​លោក

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ Quartz ​