តារា​​​ល្បី​ៗ​ពិភពលោក​ដែល​មាន​ស្នាដៃ​ធំ​​ក្នុង​កិច្ចការពារ​បរិស្ថាន

  • 2015-06-05 18:30:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បញ្ហា​បរិស្ថាន​បាន​ក្លាយ​ជា​បញ្ហា​ប្រឈម​​ធំ​មួយ​សម្រាប់​ពិភពលោក​បច្ចុប្បន្ន ខណៈ​ធនធាន​ធម្មជាតិ​កាន់​តែ​បាត់បង់ ហើយ​​បម្រែបម្រួល​អាកាសធាតុ និង​គ្រោះធម្មជាតិ​កាន់​តែ​កើន​ឡើង​រៀងរាល់​ថ្ងៃ។ ដើម្បី​លើក​កម្ពស់​ការ​យល់ដឹង និង​ចូលរួម​ចំណែក​ដោះ​ស្រាយ​ក្នុង​បញ្ហា​ទាំង​នេះ តារា​ល្បី​ៗ​ជា​ច្រើន​នាក់​លើ​ពិភពលោក បាន​ប្រើប្រាស់​កេរ្តិ៍ឈ្មោះ និង​ធនធាន​​ផ្ទាល់​ខ្លួន​របស់​ពួក​គេ​ក្នុង​ការងារ​សង្គម​ផ្សេង​ៗ​ជា​ច្រើន។

 

ដោយ​ថ្ងៃ​ទី​៥ ខែ​មិថុនា នេះ​គឺ​ជា​ទិវា​បរិស្ថាន​ពិភពលោក Sabay សូម​​បង្ហាញ​ពី​​សកម្មភាព​ខ្លះ​ៗ​របស់​តារា​ល្បី​ៗ​អន្តរជាតិ​ដែល​​មាន​ស្នាដៃ​លេចធ្លោ​ក្នុង​កិច្ចការពារ​បរិស្ថាន៖​

 

​Gisele Bundchen

 

 

Gisele Bundchen គឺ​ជា​តារា​ម៉ូដែល​​ ដែល​មាន​ចំណូល​ខ្ពស់​ជាង​គេ​ក្នុង​ពិភពលោក ប៉ុន្តែ​ក្នុង​ការងារ​បរិស្ថាន តារា​វ័យ ៣៤ឆ្នាំ​រូប​នេះ​ក៏​មាន​ស្នាដៃ​លេចធ្លោ​ដែរ។ នាង​បាន​ទទួល​ងារ​ជា​ “តារា​បៃតង​ឆ្នើម​អន្តរជាតិ” កាល​ពី​ខែ​ធ្នូ​ឆ្នាំ​២០១១ តាម​រយៈ​ភាព​លេចធ្លោ​ក្នុង​ការ​និយាយ​ និង​ផ្ញើ​សារ​អប់រំ​ពាក់ព័ន្ធ​នឹង​បរិស្ថាន។ នាង​បាន​បង្កើត​ក្រុមហ៊ុន​លក់​ស្បែក​ជើង​មួយ ឈ្មោះ Ipanema Gisele Bundchen ដែល​ប្រាក់​ចំណូល​ពី​ក្រុមហ៊ុន​នេះ​ត្រូវ​បាន​បរិច្ចាគ​សម្រាប់​កិច្ចការ​អភិរក្ស​តំបន់​ព្រៃ Amazon និង Atlantic។

 

តារា​ម៉ូដែល​រូប​នេះ​ក៏​បាន​បង្កើត​គម្រោង​ទឹក​ស្អាត​មួយ​ដែរ ដែល​បេសកកម្ម​នៃ​គម្រោង​នេះ គឺ​ដើម្បី​​សម្រួល​ដល់​ជីវភាព​ប្រជាជន និង​លើក​កម្ពស់​ការ​ដាំដុះ​រុក្ខជាតិ​ នៅ​ស្រុក​កំណើត​របស់​នាង​​គឺ​ទីក្រុង Horizontina ប្រទេស​ប្រេស៊ីល។ នាង​បាន​ទទួល​ពាន​រង្វាន់ និង​ងារ​ជា​ច្រើន​ទៀត​ពាក់ព័ន្ធ​នឹង​ស្នាដៃ​សម្រាប់​បរិស្ថាន រួម​ទាំង​តំណែង​ជា​ឯកអគ្គរដ្ឋទូត​សុឆន្ទៈ​សម្រាប់​អង្គការ​សហប្រជាជាតិ​។​​

 

Leonardo DiCaprio

 

 

តារា​សម្ដែង​ជួរ​មុខ​របស់​អាមេរិក​រូប​នេះ ត្រូវ​បាន​គេ​ស្គាល់​ច្រើន​ក្នុង​ការងារ​បរិស្ថាន​តាម​រយៈ​ការ​និពន្ធ និង​ផលិត​ខ្សែ​ភាពយន្ត​និយាយ​ពី​កម្ដៅ​ពិភពលោក “The 11th Hour”។ ក្រោយ​មក​លោក​បាន​បង្កើត​មូលនិធិ​ផ្ទាល់​ខ្លួន​មួយ​ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​បរិស្ថាន​ផ្សេង​ៗ​ដូច​ជា ការ​អភិរក្ស​ព្រៃ​ឈើ អនាម័យ​សមុទ្រ ការ​ប្រើប្រាស់​ទឹក​ស្អាត និង​ការ​កែច្នៃ​ថាមពល​ឡើង​វិញ។

 

DiCaprio​ គឺ​ជា​សមាជិក​ក្រុមប្រឹក្សា​របស់​ស្ថាប័ន​បរិស្ថាន​ជា​ច្រើន​ទៀត​ដូច​ជា Natural Resources Defense Council, Global Green USA, World Wildlife Fund និង International Fund for Animal Welfare។ ក្រៅ​ពី​នេះ​លោក​គឺ​ជា​សកម្មជន​បរិស្ថាន​ម្នាក់ និង​ជា​អ្នក​តំណាង​អង្គការ​សហប្រជាជាតិ ក្នុង​ផ្នែក​​គ្រប់គ្រង​បញ្ហា​បម្រែបម្រួល​អាកាសធាតុ។

 

Maroon 5

 

 

ក្រុម​ចម្រៀង​អាមេរិក ដែល​ជា​ម្ចាស់​ពាន​រង្វាន់ Grammy និង​ពាន​រង្វាន់ Environmental Media Awards កាល​ពី​ឆ្នាំ​២០០៦ ក៏​បាន​រួម​ចំណែក​ធំ​ដែរ​ក្នុង​ការងារ​បរិស្ថាន។ តាម​រយៈ​ការ​ប្រគំ​តន្ត្រី​ទេសចរណ៍​បៃតង​ដែល​ចាប់​ផ្ដើម​តាំង​ពី​ឆ្នាំ​២០០៨ Maroon 5 បាន​ចូលរួម​ផ្សព្វផ្សាយ​ពី​ការ​កែច្នៃ​សំណល់​ឡើង​វិញ និង​បាន​បរិច្ចាគ​ប្រាក់​លក់​សំបុត្រ​មួយ​ផ្នែក​ធំ​សម្រាប់​អង្គការ Global Cool។ សមាជិក​ក្រុម Maroon 5 ក៏​ជា​អ្នក​គាំទ្រ​សំខាន់​របស់​សមាគម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្នែក​បរិស្ថាន Kiva និង Teen Impact​ ដែរ។​​

 

Edward Norton

 

 

តារា​សម្ដែង​តួ​វីរបុរស​បៃតង “The Hulk”​ បាន​ចាប់​ផ្ដើម​ការងារ​បរិស្ថាន​ ដំបូង​តាម​រយៈ​មុខ​តំណែង​ជា​អគ្គរដ្ឋទូត​សុឆន្ទៈ​របស់​អង្គការ​សហប្រជាជាតិ​ផ្នែក​ការពារ​ព្រៃឈើ និង​សត្វ​កម្រ។ Norton ក៏​ត្រូវ​បាន​ទទួលស្គាល់​ច្រើន​ដែរ​តាម​រយៈ​ការងារ​ក្នុង​កម្មវិធី BP Solar Neighbors ដែល​បាន​ប្រមូល​មូលនិធិ​​ទិញ​បន្ទះ​ Solar សម្រាប់​ក្រុម​គ្រួសារ​ប្រជាជន​ដែល​មាន​ជីវភាព​ខ្វះខាត។

 

តារា​វ័យ ៤៥ឆ្នាំ​រូប​នេះ ក៏​ជា​អ្នក​គាំទ្រ​កម្មវិធី​បរិស្ថាន The Wilderness Society and Earthjustice ម្នាក់​ដែរ និង​ធ្លាប់​ជា​ពិធីករ​ម្នាក់​ក្នុង​កម្មវិធី Strange Days on Planet Earth ក្នុង​ប៉ុស្តិ៍ National Geographic។ លោក​ក៏​ជា​សមាជិក​សកម្ម​ម្នាក់​ដែរ​របស់ Friends of the High Live ដែល​ជា​អង្គការ​មាន​យុទ្ធនាការ​រក្សា​និង​កសាង​តំបន់​បៃតង​ក្នុង​ទីក្រុង​ញីវយ៉ក។​​​

 

Brad Pitt

 

 

ក្រៅ​ពី​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ក្នុង​ការងារ​មនុស្សធម៌ តារា​សម្ដែង​រឿង "Furry” ក៏​ជា​សកម្មជន​បរិស្ថាន​ម្នាក់​ដែរ។ តារា​វ័យ ៥១ឆ្នាំ​រូប​នេះ​បាន​បង្កើត​មូលនិធិ Make It Right ដើម្បី​កសាង​ផ្ទះ ១៥០ខ្នង នៅ​ទីក្រុង New Orleans ប្រទេស​ម៉ិកស៊ីកូ និង​ហេដ្ឋារចនាសម្ព័ន្ធ​ជា​ច្រើន​ដែល​ផ្ដល់​ផល​ប្រយោជន៍​ដល់​បរិស្ថាន។ តាម​រយៈ​ការងារ​នេះ ក្រុម​ប្រឹក្សា U.S. Green Building បាន​សរសើរ​តារា​រូប​នេះ​ចំពោះ​ការ​បង្កើត​សហគមន៍​បៃតង​ធំ​បំផុត​ក្នុង​ពិភពលោក។

 

Pitt ​បាន​បរិច្ចាគ​ប្រាក់​ច្រើន​ជាង ៥លាន​ដុល្លារ​ម្នាក់​ឯង សម្រាប់​មូលនិធិ​នេះ ហើយ​​មូលនិធិ​មួយ​ទៀត​គឺ​មូលនិធិ Jolie-Pitt ក៏​បាន​ជួយ​ដល់​យុទ្ធនាការ​អភិរក្ស​ជីវិត​សត្វ​ព្រៃ និង​ធនធាន​ធម្មជាតិ​ផ្សេង​ៗ​ជា​ច្រើន​ដែរ​ ៕

 

ចុចអាន៖តារា​ល្បី​ៗ​វ័យ​ក្មេង ៨រូប ដែល​មាន​ផ្ទះ​ផ្ទាល់​ខ្លួន​ថ្លៃ​រាប់​លាន​ដុល្លារ​

ចុចអាន៖តារា​ហូលីវូដ​ភាគ​ច្រើន​សង្ហាៗ តែ​ដឹង​ថា​កម្ពស់​ពិត​​ប៉ុន្មាន​អត់?

 

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ cnn ,cnbc

អត្ថបទពេញនិយម