​ម្ដាយ​របស់ Ronaldo ត្រូវ​បាន​ឃាត់​​ខ្លួន

  • 2015-06-09 15:35:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ដាយ​របស់​តារា​ឆ្នើម​ Cristiano Ronaldo​ ​ក្លិប​ Real Madrid ​ត្រូវ​បាន​ឃាត់​​ខ្លួន​​រយៈពេល​ខ្លី ​នា​ប្រលាន​យន្ត​ហោះ Barajas ទីក្រុង​ Madrid ​ដោយ​សារ​តែ​ដាក់​លុយ​ក្នុង​វ៉ាលី លើស​ចំនួន​៥​ដង ដែល​ច្បាប់​បាន​ហាម​ឃាត់។ នេះ​បើ​តាម​សេចក្ដីរាយការណ៍​ពី​អេស្ប៉ាញ។

 

 

បើ​យោង​តាម El Mundo ​បាន​ឲ្យ​ដឹង​ថា ​អ្នកស្រី Dolores Aveiro ដែល​ជា​ម្ដាយ​របស់​ Ronaldo ​បាន​ដាក់​លុយ​ក្នុង​វ៉ាលី​ប្រមាណ ៥៥​​ ០០០​អឺរ៉ូ (ជាង​៦២​ពាន់​ដុល្លារ) ​​មុន​ឡើង​យន្តហោះ​កាល​ពី​ខែ​ឧសភា ធ្វើ​ដំណើរ​ពី​អេស្ប៉ាញ ទៅ​កាន់​ប្រទេស​ព័រទុយហ្គាល់។

 

​ក្រោយ​មក​មន្ត្រី​ត្រួត​ពិនិត្យ​នៅ​ប្រលាន​យន្តហោះ Barajas ​ក៏​បាន​ឃាត់​ខ្លួន​អ្នក​ស្រី Aveiro ​វ័យ​៦១​ឆ្នាំ​រយៈពេល​ខ្លី ព្រោះ​តែ​អ្នក​ស្រី​ដាក់​លុយ​លើស​ចំនួន ដែល​ច្បាប់​កំណត់​ឲ្យ​ដាក់​ត្រឹម​តែ ១០ ០០០​អឺរ៉ូ សម្រាប់​ការ​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស។

 

 

យ៉ាងណាក្ដី សកម្មភាព​​ទាំង​អស់​នេះ មិន​មែន​ជា​បទ​ឧក្រិដ្ឋ​អ្វី​ឡើយ ​គ្រាន់​តែ​បទ​ល្មើស​រដ្ឋបាល​ប៉ុណ្ណោះ ​ដូច្នេះ​អ្នកស្រី​ត្រូវ​បាន​គេ​ដក​​លុយ​ចំនួន​ ៤៥ ០០០​អឺរ៉ូ​ទុក ​ហើយ​ប៉ុន្មាន​នាទី​ក្រោយ​មក ​អ្នក​ត្រួត​ពិនិត្យ​ក៏​អនុញ្ញាត​ឲ្យ​អ្នកស្រី​បន្ត​ដំណើរ​បាន ប៉ុន្តែ​​អ្នកស្រី​​នឹង​ត្រូវ​​បង់​ការ​ផាក​ពិន័យ​​ដល់​អាជ្ញាធរ​ពន្ធ​មួយ​ចំនួន​ទៀត ដើម្បី​យក​លុយ​ ដែល​គេ​ដក​ហូត​របស់​អ្នកស្រី​មក​វិញ​នៅ​ពេល​ក្រោយ៕

 

-ចុចអាន៖ Bale ​ស្លាប​ឆ្វេង Ronaldo ​កណ្ដាល ជា​យុទ្ធសាស្ត្រ​ថ្មី​របស់​ Real Madrid

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ goal | sport-english

អត្ថបទពេញនិយម