អតីត​ជយលាភី​លេខ​១​ប្រឡង​ចម្រៀង​ទូទាំង​ប្រទេស រត់​មក​លេង​កំប្លែង

  • 2015-06-09 20:43:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អៀង ចេនឡា អតីត​បេក្ខភាព​ជយលាភី​លេខ​១​ផ្នែក​ចម្រៀង​ឆ្លង​ឆ្លើយ​ទូទាំង​ប្រទេស​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​ណេសកាហ្វេ បាន​រត់​មក​លេង​កំប្លែង​វិញ ក្រោយ​អាជីព​ចម្រៀង​ហាក់​មុជ​មិន​ជ្រៅ​ទៅ​មិន​ឆ្ងាយ។

 

ចេនឡា ប្រាប់​ថា លោក​ប្រឡូក​អាជីព​ចម្រៀង​ជាង​១០​ឆ្នាំ ពោល​គឺ​តាំង​ពី​ឆ្នាំ ១៩៩៦ប៉ុន្តែ​នៅ​តែ​ដដែល ទ្រព្យ​សម្បត្តិ​ដុំ​កំភួន​អី​មួយ​ក៏​គ្មាន។ ដូច្នេះ​ហើយ ដោយ​សារ​កត្តា​នេះ​ផង ផ្សំ​នឹង​ឱកាស​ផង លោក​ក៏​បាន​ឈាន​មក​ចាប់​អាជីព​កំប្លែង​តែ​ម្ដង។ យ៉ាង​ណា អាជីព​ចម្រៀង​ដែល​លោក​ខំ​តស៊ូ​រហូត​ទទួល​ជយលាភី​លេខ​១​នោះ ក៏​មិន​ចោល​ដែរ ដោយ​នៅ​តែ​ឆ្លៀត​ចេញ​ច្រៀង​តាម​កម្មវិធី​នានា​ម្ដង​ម្កាល​ដែរ។

 

 

លោក រំលឹក​ថា លោក​មាន​ទំនាក់​ទំនង​រាប់​អាន​ជាមួយ ប្រិមប្រិយ និង​នាយ​ក្រិន ហើយ​គ្រា​មួយ​នោះ តារា​កំប្លែង​ទាំង​ពីរ​ដួង​នេះ បាន​សួរ​នាំ​លោក​រឿង​លេង​កំប្លែង​នេះ លោក​ក៏​ចាប់​អារម្មណ៍ ហើយ​ក៏​បាន​សាក​ល្បង ដោយ​ចូល​រួម​សម្ដែង​ក្នុង​ក្រុម​កំប្លែង​របស់​នាយ ក្រិន ដែល​មាន​សមាជិក​ទាំង​អស់ ៨នាក់ អស់​ពេល​ប្រមាណ​ជា​៣​ខែ​មក​ហើយ។

 

ក្រុម​នេះ គឺ​សម្ដែង​ប្រចាំ​នៅ​ស្ថានីយ​ទូរទស្សន៍​អាស៊ីអាគ្នេយ៍​រៀង​រាល់​ល្ងាច​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ។ "ពេល​ដំបូង​ពិបាក​ដែរ​បង ព្រោះ​អត់​ធ្លាប់​តែ​បាន​ប្រិមប្រិយ នាយ​ក្រិន បង​ហុងដា និយាយ​ទៅ​រៀម​ច្បង​ក្នុង​ក្រុម​ជួយ​ណែនាំ ឥឡូវ​ចេះ​តែ​លេង​បាន​ហើយ!” ចេនឡា បន្ថែម។

 

បើ​ទោះ​ជា​អាជីព​បន្ថែម តារា​ចម្រៀង​វ័យ ៣១​ឆ្នាំ​រូប​នេះ ប្រាប់​ថា លោក​កំពុង​សប្បាយ​រីករាយ និង​ជំនក់​ចិត្ត​ជាមួយ​អាជីព​នេះ​ណាស់។ "ខ្ញុំ​ស្រឡាញ់​អាជីព​របស់​ខ្ញុំ​ជា​អ្នក​កំប្លែង​នេះ​ខ្លាំង​ណាស់ ព្រោះ​ថា ខ្ញុំ​ខ្លួន​ឯង​ក៏​ចូល​ចិត្ត​លេង​សើច ដល់​បាន​លេង​កំប្លែង​គឺ​បាន​ផ្ដល់​ឲ្យ​បង​ប្អូន​គាត់​សប្បាយ​រីករាយ ទៀត ហើយ​ពួក​គាត់​ស្រឡាញ់​ចូល​ចិត្ត​យើង​ណាស់ ធៀប​នឹង​ចម្រៀង គឺ​ខ្ញុំ​ស្រឡាញ់​អាជីព​កំប្លែង​នេះ​ជាង និយាយ​ទៅ បន់​ឲ្យ​តែ​ដល់​ម៉ោង នឹង​អាល​បាន​សម្ដែង"។

 

 

អៀង ចេនឡា បាន​ចូល​សិល្បៈ​តាំង​ពី​ឆ្នាំ ១៩៩៦ តាម​រយៈ​ប្រឡង​ចំរៀង​នៅ​ទូរទស្សន៍​ជាតិ ក្នុង​កម្មវិធី​ទិវា​កុមារ​អន្តរជាតិ ជាប់​ចំណាត់​ថ្នាក់​លេខ៣។ លុះ​នៅ​ឆ្នាំ ២០០៥ បាន​ប្រឡង​ចំរៀង ណេសកាហ្វេ​ទូទាំង​ប្រទេស ជាប់​ចំណាត់​ថ្នាក់​លេខ​មួយ ផ្នែក​ចំរៀង​ឆ្លង​ឆ្លើយ​ទៀត។ បន្ទាប់​ពី​នោះ​មក លោក​ចាប់​ផ្ដើម​អាជីព​ចម្រៀង​តាម​ភោជនីយដ្ឋាន និង​តាម​កម្មវិធី​ទូរទស្សន៍​នានា។

 

បច្ចុប្បន្ន​ក្រៅ​ពី​អាជីព​កំប្លែង និង​ចម្រៀង អៀង ចេនឡា ក៏​រវល់​ថត​រឿង​សម្រាប់​ដាក់​បញ្ចាំង​នៅ​ទូរទស្សន៍ ETV និង My TV ផង​ដែរ៕

 

 

អៀង ចេនឡា(រូប​ទី​២​រាប់​ពី​ឆ្វេង)

 

 

រូបភាព៖ ផ្ដល់​ដោយ ចេនឡា

អត្ថបទ៖ ទារិកា