បុរស​ម្នាក់​តែង​ខ្លួន​ជា​ស្រី​ដើម្បី​ប្រលង​ជួស​សង្សារ​សំណព្វ​ចិត្ត

  • 2015-06-10 16:22:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយសារ​ខ្លាច​សង្សារ​សំណព្វ​របស់់ខ្លួន​ពិបាក​ចិត្ត បុរស​ម្នាក់​បាន​ព្យាយាម​តែង​ខ្លួន​ជា​មនុស្ស​ស្រី ដើម្បី​ប្រលង​ជំនួស​នាង។ ទោះ​យ៉ាង​ណា ការ​ប៉ុន​ប៉ង​ប្រលង​ជួស​នោះ មិន​បាន​សម្រេច​ទេ ហើយ​ត្រូវ​អនុរក្ស​ឃាត់​​ខ្លួន បន្ទាប់​ពី​និយាយ​ចេញ​សំឡេង​មនុស្ស​ប្រុស។

 

 

បុរស​ជនជាតិ​កាហ្សាក់ស្ថាន​ឈ្មោះ Ayan Zhademov បាន​ព្យាយាម​តែង​ខ្លួន​ជា​មនុស្ស​ស្រី​ដូច​សង្សារ​វ័យ ១៧​ឆ្នាំ​របស់​ខ្លួន ដើម្បី​ប្រលង​ជួស​នាង​ពេល​បញ្ចប់​ការ​សិក្សា។ សង្សារ​របស់ Ayan បាន​ប្រាប់​លោក​ថា នាង​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ប្រលង​ចូល​ថ្នាក់​សាកលវិទ្យាល័យ ដែល​នឹង​ឈាន​ចូល​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ។

 

ដោយសារ​លួង​សង្សារ​មិន​បាត់ ទើប​បុរស​វ័យ ២០​ឆ្នាំ​នេះ មាន​គម្រោង​នឹក​ស្មាន​មិន​ដល់​មួយ គឺ​បន្លំ​ខ្លួន​ជា​នាង រួច​ប្រលង​ជួស​ដើម្បី​ឲ្យ​នាង​បាន​សប្បាយ​ចិត្ត​ឡើង​វិញ។ លោក Ayan បាន​ពាក់​សក់​ខ្មៅ​ក្លែងក្លាយ ផាត់​មុខ និង​ពាក់​អាវ​ស ស្លៀក​សំពត់​ប្រផេះ​របស់​សង្សារ។

 

បន្ទាប់​ពី​តុបតែង​ខ្លួន លោក Ayan បាន​ព្យាយាម​ចូល​ទៅ​ក្នុង​មណ្ឌល​ប្រលង​នៅ​ក្រុង Zhetisai ភាគ​ខាង​ត្បូង​ប្រទេស​កាហ្សាក់ស្ថាន។ ទោះ​យ៉ាង​ណា អនុរក្ស​បាន​សង្កេត​ឃើញ​ថា បេក្ខភាព​ប្រលង​រូប​នេះ មាន​មុខ​មាត់​ប្លែក​ពី​កាត និង​ឃាត់​ខ្លួន​ដើម្បី​ធ្វើ​ការ​​សាកសួរ។ ​

 

អ្នក​នាំ​ពាក្យ​របស់​គណៈកម្មការ​​ប្រលង​បាន​និយាយ​ថា "យើង​សង្ស័យ​ថា ប្រហែល​ជា​មនុស្ស​ស្រី​ផ្សេង​មក​ប្រលង​ជួស តែ​មិន​សង្ស័យ​ថា​ជា​មនុស្ស​ប្រុស​ទេ... ទាល់​តែ​ចាប់​ផ្ដើម​និយាយ​ទើប​ដឹង"។ អ្នក​នាំ​ពាក្យ​រូប​នេះ បាន​បន្ត​ទៀត​ថា "គេ​ព្យាយាម​និយាយ​សំឡេង​ខ្ពស់ ប៉ុន្តែ​វា​នៅ​តែ​ច្បាស់​ថា​ជា​មនុស្ស​ប្រុស"។

 

លោក Ayan ត្រូវ​ពិន័យ​ជា​ប្រាក់​ជាង ២​ពាន់​ដុល្លារ​សម្រាប់​ការ​ក្លែង​បន្លំ​នេះ ប៉ុន្តែ​រូប​លោក​បាន​ទទួល​ការ​កោត​សរសើរ​ពី​សិស្ស​ដទៃ​ទៀត​ថា​ជា​មនុស្ស​ដែល​មាន​ក្ដី​ស្នេហ៍​ដ៏​រ៉ូមែនទិក។ លើស​ពី​នេះ អ្នក​ជំនួញ​ម្នាក់​នៅ​ក្នុង​តំបន់ ថែម​ទាំង​ទាំង​បង់​ប្រាក់​ពិន័យ​ចំនួន​បុរស​ស្មោះ​ស្នេហ៍​ផង​ដែរ។ ចំណែក​នារី​ដែល​សង្សារ​សំណព្វ​ចិត្ត​ប្រលង​ជួស ត្រូវ​រង់​ចាំ​ដល់​ឆ្នាំ​ក្រោយ ទើប​អាច​ប្រលង​ឡើង​វិញ​ម្ដង​ទៀត។

 

​​​សិស្ស​ស្រី​ម្នាក់​ឈ្មោះ Dariga Nesterova បាន​និយាយ​ថា "វា​ជា​រឿង​ឆ្កួត​ៗ តែ​រ៉ូមែនទិក​ខ្លាំង​ណាស់... ពេល​ខ្លះ​ស្នេហា​អាច​ឲ្យ​យើង​ធ្វើ​រឿង​ប្លែកៗ... ខ្ញុំ​ចង់​ឲ្យ​មិត្ត​ប្រុស​ខ្ញុំ​រ៉ូមែនទិក​បែប​នេះ"។ ចំណែក​សិស្ស​ម្នាក់​ទៀត​ឈ្មោះ​ថា Goga Korzhova បាន​រៀបរាប់​ថា "នាង​ពិត​ជា​សំណាង​ណាស់ ដែល​មាន​បុរស​ក្លាហាន​ដូច​នេះ... ហ៊ាន​ប្រថុយ​គ្រោះ​ថ្នាក់​គ្រប់​យ៉ាង​ដើម្បី​នាង"៕

 

ចុចអាន៖ សង្សារ​ជាប់ទៅ​រៀន​ស្រុក​ក្រៅ អ្នក​ព្រម​អោយ​ទៅ​អត់?

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ dailymail

អត្ថបទថ្មី