សូ វិសាល បាន​តំណែង​តួឯក​ម្ដង​ស្ងាត់​មួយរយៈ​ ឥឡូវ​ល្បី​ថា ត្រៀម​ថត​រឿងថ្មី

  • 2014-09-16 17:40:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ លោក សូ វិសាល ធ្លាប់​បាន​សម្ដែង​​តួឯក​ម្ដង​ក្នុង​​រឿង "ទុក​ក្រមុំ​ឲ្យ​ម៉ែ​​មើល" កាល​ពី​ជិត​ ១ ឆ្នាំ​មុននោះ តែ​ឥឡូវ​នេះ ស្ងាត់​មួយ​រយៈ​​ពី​ពិភព​សិល្បៈ។ ប៉ុន្ដែ​ លោក​ សូ វិសាល ប្រាប់​គេហទំព័រ Sabay ថា នៅ​អំឡុង​ឆ្នំា​ដើមឆ្នាំ ២០១៥ លោក​ត្រៀម​ថត​រឿង​ថ្មី​។

សូមចុចអាន៖ តារា​ល្បី​ៗខ្មែរ-​ថៃ​ ស្អាត​ៗ​អស់​ទាស់​​​ក្នុង​ព្រឹត្តិការណ៍​សម្ពោធ​ទូរទស្សន៍ ETV យប់​មិញ!

 

លោក សូ វិសាល ​ប្រាប់​មូលហេតុ​នៃ​ការ​បាត់​មុខ​ពី​សិល្បៈ​តាម​រយៈ Sabay ថា លោក​មិន​បាន​​បោះ​​បង់​ចោល​សិល្បៈ​នោះ​ទេ ពោល​ គឺ​លោក​នៅ​តែ​ធ្វើ​ការ​ជា​មួយ​វិស័យ​សិល្បៈ​ដដែល គ្រាន់​តែ​ផ្អាក​កុន​មួយ​រយៈ​សិន មក​ធ្វើ​ជា​អ្នក​កាត់ត​​វីដេអូ​វិញ​ម្ដង។ បច្ចុប្បន្ន​នេះ តារា​រូប​នេះ​កំពុង​ធ្វើ​ជា​អ្នក​កាត់ត​​វីដេអូ​ឲ្យ​ផលិតកម្ម FCI របស់​លោក គាំ ចន្ធី។

 

លោក វិសាល បាន​ឲ្យ​ដឹង​ទៀត​ថា ចាប់​​តាំង​ពី​លោក គាំ ចន្ធី ចេញ​ទៅ​​រស់នៅ អាមេរិក​មក ការងារ​សិល្បៈ​របស់​លោក​បាន​ផ្អាក​ទាំង​ស្រុង ទាំង​ការ​សម្ដែង​ក៏​ដូច​ជា ធ្វើ​ពិធី​ករ។ មុន​នេះ វិសាល ធ្លាប់​ធ្វើ​ជា​ពិធី​ករ​ឲ្យ​កម្មវិធី ២​ ផ្សេង​គ្នា ក្នុង​នោះ​មាន​កម្មវិធី "សុខភាព​ជា​សំខាន់" TV5 និង កម្មវិធី "នេះ​ជា​ជីវិត” TV 9។

 

ក្រៅ​ពី​រឿង "ទុក​ក្រមុំ​ឲ្យ​ម៉ែ​មើល" ដែល​លោក​បាន​សម្ដែង​​ជា​តួឯក​ជា​មួយ កញ្ញា សារ៉ាយ ព្រះ​កាយចន្ទ័ តារា​រូប​នេះ​ក៏​ធ្លាប់​បាន​ថត​រឿង​មួយ​ទៀត​ឈ្មោះ​ថា "ភ្លើង​ព្យាបាទ" និង ស្ប៉ត​ពាណិជ្ជកម្ម​មួយ​ចំនួន​ផង​ដែរ។

 

ការ​មក​ចាប់​អាជីព​ជា​អ្នក​កាត់ត​វីដេអូ​នេះ លោក សូ វិសាល លើក​ឡើង​ថា ជា​ការ​ផ្លាស់ប្ដូរ​បទ​ពិសោធន៍​ការងារ​​មួយ ព្រោះ​មនុស្ស​ម្នាក់​​ត្រូវ​ការ​បទពិសោធន៍​ច្រើន​សម្រាប់​​ជីវិត។

 

លោក សូ វិសាល បាន​បង្ហើប​ប្រាប់​​ជា​ចុង​ក្រោយ​ថា នៅ​ដើម​ឆ្នាំ ​២០១៥ លោក​គ្រោង​សម្ដែង​រឿង​ថ្មី​មួយ​ទៀត​ដើម្បី​បំបែក​ភាព​ស្ងប់ស្ងាត់ ព្រោះ​តាម​ដឹង​ ផលិតករ​ គាំ ចន្ធី ដែល​ជា ថៅកែ របស់​លោក​នឹង​ត្រឡប់​មក​ពី​អាមេរិក មក​ប្រទេស​កម្ពុជា​​វិញ​នៅ ចុង​ឆ្នាំ​នេះ ដើម្បី​ថត​រឿង​ថ្មី​មួយ​ទៀត៕

សូមចុចអាន៖ ដួង ហ្សូរីដា រវល់​រហូត​គ្មាន​ពេល​សម្រក​ទម្ងន់

 

 

អត្ថបទ៖ ខុត សីហា

រូបថត៖ ផ្ដល់​ដោយ ​សូ វិសាល

 

អត្ថបទថ្មី