តារា រត្ន ៖ ខ្ញុំជឿជាក់១០០%ថាឈ្នះជយលាភីថ្នាក់តំបន់ផ្នែកវោហារសព្ទនៅម៉ាឡេស៊ី
- 2015-06-10 17:12:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារា រត្ន ៖ ខ្ញុំជឿជាក់១០០%ថាឈ្នះជយលាភីថ្នាក់តំបន់ផ្នែកវោហារសព្ទនៅម៉ាឡេស៊ី
ចន្លោះមិនឃើញ
តារា រត្ន សង្ឃឹម ១០០% ថានឹងយកឈ្នះជយលាភីផ្នែកវោហារសព្ទជាសាធារណៈនៅប្រទេសម៉ាឡេស៊ីយ៉ាងមុតមាំ បន្ទាប់ពីកញ្ញាជាបេក្ខជនតែម្នាក់គត់ដែលឈ្នះពានរង្វាន់ផ្នែកនេះ កាលពីថ្ងៃ ២៦ មេសា ២០១៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលត្រូវចាកចេញទៅប្រកួតបន្តថ្នាក់តំបន់នៅថ្ងៃ១១-១៤ មិថុនា ២០១៥ នាពេលខាងមុខ។
និស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ជំនាញច្បាប់រូបនេះ បានត្រៀមលក្ខណៈរួចជាស្រេចដើម្បីសម្រេចគោលដៅដ៏ធំមួយនេះដោយខិតខំប្រឹងប្រែងភាសាអង់គ្លេសជារៀងរាល់ថ្ងៃ ព្រមទាំងសិក្សាស្រាវជ្រាវយ៉ាងលម្អិតទៅលើប្រធានបទយ៉ាងយកចិត្តទុកដាក់ទាំងនៅតាមបណ្ណាល័យផង និងតាមអ៊ីនធឺណេតផង ហើយកញ្ញានឹងព្យាយាមឲ្យអស់ពីសមត្ថភាពនៅលើវេទិកាថ្នាក់អន្តរជាតិដែលត្រូវបកស្រាយជាភាសាអង់គ្លេសនេះឲ្យល្អបំផុតដើម្បីដណ្ដើមពានរង្វាន់មកជូនជាតិឲ្យបាន។
ចំណែក លោក ហ៊ិន សំអាត សាកលវិទ្យាធិការង ទទួលបន្ទុករួមនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ បានសម្ដែងមោទនភាពយ៉ាងខ្លាំងដែល តារា រត្ន បានទៅប្រកួតនៅម៉ាឡេស៊ី ហើយលោកក៏សង្ឃឹមថានិស្សិតរូបនេះនឹងទទួលបានជ័យជម្នះសម្រាប់លើកកិត្តិយសគ្រួសាររបស់កញ្ញាផ្ទាល់ រួមទាំងកញ្ញា និងសាលាផងដែរ។
ចំពោះប្រធានបទសម្រាប់ការប្រកួតនៅម៉ាឡេស៊ីនេះ ផ្ដោតសំខាន់លើគោលដៅអភិវឌ្ឍន៍សហវត្សរបស់អង្គការសហប្រជាជាតិ ( UN-MDGS) ដែលរាប់ចាប់ពីមូលបទកាត់បន្ថយភាពក្រីក្រធ្ងន់ធ្ងរ និងបញ្ឈប់ការរីកសាយនៃមេរោគអេដស៍ ព្រមទាំងការផ្ដល់នូវការអប់រំបឋមសិក្សាជាសាកល ដោយប្រធានបទ សម្រាំងសម្រាប់ការប្រកួតផ្នែកវោហារសព្ទជាសាធារណៈវគ្គដំបូងគឺ “ការអប់រំគឺជាគន្លឹះក្នុងការពង្រឹងអំណាចដល់អ្នកជំនាន់ក្រោយឲ្យ ចាកផុតពីភាពក្រីក្រ” ។
សម្រាប់ការប្រកួតនេះ បើឈ្នះវគ្គតំបន់នៅម៉ាឡេស៊ី បេក្ខជននឹងបន្តទៅប្រកួតនៅក្នុងការប្រកួតជ្រើសរើសជើងឯកពិភពលោកដែលនឹងប្រារព្ធធ្វើនៅខែវិច្ឆិកា ក្នុងប្រទេសជប៉ុនទៀត។
គួរបញ្ជាក់ថា កម្មវិធីនេះរៀបចំដោយសភាយុវពាណិជ្ជករអន្តរជាតិ (JCI) កម្ពុជា ដែលម្ចាស់ជយលាភីផ្នែកវោហារសព្ទជាសាធារណៈកាលពីឆ្នាំមុន បានទៅលើយុវតី ប៉ែន សុខអាន អាយុ១៩ឆ្នាំ ប្រកួតឈ្នះជើងឯក អាស៊ីប៉ាស៊ីហ្វិក និងបានឡើងទៅប្រកួតពានរង្វាន់ពិភពលោក នៅក្រុង Leipzig ប្រទេស អាឡឺម៉ង់ ៕
សូមអាន៖ អ្នកឈ្នះពានវោហារសព្ទ និងមតិឆ្នើមរបស់ JCI ត្រៀមប្រកួតវគ្គបន្តនៅម៉ាឡេស៊ី
សូមអាន៖ រកឃើញអ្នកលើកពានផ្នែកវោហារសព្ទ និងអ្នកតស៊ូមតិឆ្នាំនេះហើយ!
អត្ថបទ៖ លឹម សុនា