យុវវ័យចេះ​តែ​ធ្វើការយកលុយ​ចាយ ចុះចេះ​​សន្សំ​ហើយ​ឬ​​នៅ?

  • 2015-06-11 21:27:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​យុវវ័យ​​ជាពិសេស​ប្រុសៗ ឱ្យ​តែ​បើក​លុយ ពាក់​កណ្ដាល​ខែ​មិនទាន់​ទេ ដឹង​តែ​ថ្ងូរ​អត់​លុយ​ចាយ​ហើយ។ មូល​ហេតុ​អ្វី? ពួកគេ​ចេះ​សន្សំ​លុយ​ហើយ​​ឬ​នៅ? តាម​របៀបណា? ​សូម​ស្ដាប់​បទ​សម្ភាសន៍របស់​​យុវវ័យ​ជាមួយ Sabay ដូចខាងក្រោម៖

 

មាឌ​ធំ​រាង​ធាត់​ ខេវិន បុគ្គលិក​​ផ្នែក​ទីផ្សារ​ក្រុមហ៊ុន​កូកាកូឡា បាន​ប្រាប់ Sabay មិន​លាក់លៀម​ថា ប្រាក់​ខែ​លោក​ជាង​៣០០​ដែរ ប៉ុន្តែ​ចាយ​ស្រួល​មិន​ស្រួល ដាច់ខ្យល់​ពាក់កណ្ដាល​ខែ។ ខេវិន ថា​បើក​ប្រាក់ខែ​មក លោក​ត្រូវ​បង់​ថ្លៃ​ផ្ទះ​ទឹក​ភ្លើង ហូបចុក និង​ដើរ​លេង​ជាមួយ​មិត្តភ័ក្ដិ ដែល​អ្វី​ទាំងនេះ​ធ្វើ​ឱ្យ​លោក​ចាយ​សល់​ថ្ងៃ​រហូត។

 

អ្នក​ខេត្ត​កំពង់ចាម​ប្រាប់​​ថា ដោយ​ធុញ​នឹង​​ជំងឺ​ចាយ​មិន​គ្រប់ លោក​បាន​កំណត់​ខ្លួន​ឯង​ ធ្វើ​យ៉ាងណា​ឱ្យ​សល់​១៥០​​ដុល្លារ​ក្នុង​មួយ​ខែ ដោយ​ត្រូវ​កាត់​បន្ថយ​ការ​ដើរហើរ ថ្លៃសាំង​ម៉ូតូ ថ្លៃអាហារ​ហូបចុក និង​កាហ្វេជាដើម ៖«ពី​មុន​បាយ​មួយ​ពេល​១ម៉ឺន ឱ្យ​មក​​ត្រឹម​៧ពាន់ ជិះម៉ូតូ​​​មួយ​ថ្ងៃ​ពីរ​លីត្រ ឱ្យមក​ត្រឹម​១​លីត្រ និង​ដើរឈប់​ផឹកស៊ីជាមួយមិត្តភ័ក្ដិ។ ​ខែ​នេះ​ខ្ញុំ​សល់​១៥០​ដុល្លារ នៅ​​ក្នុង​កុង​ធនាគារ ទុក​គ្រាន់​ទិញ​ត្រាក់ទ័រ​ភ្ជួរ​ដី»។

 

បុគ្គលិក​រោងចក្រកញ្ញា សុផានិត ដែល​មាន​ប្រាក់ខែ​ប្រហែល​៣០០ដុល្លារ​ដែរ​នោះ​ ប្រាប់​ថា​នាង​​ក៏​ធ្លាប់​ជួប​បញ្ហា​នេះ​ម្ដងម្កាល​ដែរ ដូចជា​ចាយ​​ហួសហេតុ ​លើ​សំលៀកបំពាក់ គ្រឿង​ក្រអូប​ និង​ការ​ចំណាយ​ផ្សេងៗ។ អ្នកស្រុក​ចម្ការលើ​លើកឡើង​ថា ការ​ចាយលុយ​មិន​ដឹងក្បាលកន្ទុយ ធ្វើ​ឱ្យ​កញ្ញា​ជួប​ការ​លំបាក​ច្រើន។ ចងចាំ​​ទុក​ជា​មេរៀន​ នារី​សម្បុរ​ស្រអែម​​​ បាន​កំណត់​​ការ​ចាយវាយ និង​រៀនពី​របៀប​​សន្សំ​ប្រាក់ ដោយបាន​​​ជ្រើសរើស​​ការ​លេង​តុងទីន​ជាមួយ​មិត្ត​រួម​ការងារ ៖«បើ​អត់​លេង!​ អត់​សល់! ចឹង​ចេះ​​តែ​លេង​នឹង​គេ​ឯង​ទៅ»។

 

មុខ​ប្រជាប្រិយ សក់រួញ​អង្គាដី លោក រស់ សារ៉ែន ជា​បុគ្គលិក​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​មួយ ក្នុង​ទីក្រុង​ភ្នំពេញ ហើយ​បច្ចុប្បន្ន​លោក​មាន​ប្រាក់បៀវត្សរ៍​​ជាង​៤០០ដុល្លារ​អាមេរិក។ ដោយ​ធ្លាប់​ឆ្លងកាត់​ភាព​ក្រខ្សត់ កាល​មក​រៀន​នៅ​ភ្នំពេញ​ដំបូង រូប​លោក​មិន​ហ៊ាន​ចាយ​ខ្ជះខ្ជាយ​ទេ ហើយ​ប្រាក់​ខែ​ប៉ុណ្ណឹង លោក​អាច​ចាយ​គ្រប់គ្រាន់ និង​​សល់​ខ្លះ​ៗ​តាម​ការ​សន្សំ។

 

«ខ្ញុំ​ចំណាយ​លើ​អ្វី​ដែល​​ចាំបាច់ ហើយ​ខ្ញុំ​សន្សំ​លុយ​ក្នុង​កុង។ យុវវ័យ​គួរ​តែ​គិតគូរ ពី​ឥលូវ​នេះ​ទៅ​ទម្រាំ​​ដល់​ពេល​ត្រូវ​ការ​ធ្វើ​អ្វី​មួយ លុយ​សន្សំ​នឹង​​អាច​ជួយ​ដោះស្រាយ​បាន» ​

 

ដោយឡែក​យុវជន ជិន ពិសី បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយ តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស​​បង្ហើប​ថា ៖«​មួយ​ឆ្នាំ​ៗ​លឿន​ណាស់ ភ្លេច​ខ្លួន​ដល់ៗ តែ​ខ្ញុំ​ធ្វើ​ការ​​ជិត​ពីរ​ឆ្នាំ​ហើយ តែ​ដូច​អត់​ឃើញ​សល់​អី​សោះ»។ បុរស​ខ្ពស់​ស្រឡះ​សុំ​មិន​ប្រាប់​ពី​ប្រាក់​ខែ​រូប​នេះ តែង​ចំណាយ​លុយ​ឆុងៗ ដូចជា​​ជួបជុំ​មិត្តភ័ក្ដិ និង​ការ​ហូបចុក​ជាដើម ដែល​​ស្ទើរ​​រាល់​ខែ​លោក​ត្រូវ​ខ្ចី​លុយ​​គេ ដើម្បី​សម្រួល​ជីវភាព។ នៅ​ពេល​សួរ​ថា លោក​ដែល​គិត​រឿង​​សន្សំ​ប្រាក់​​ដែរឬ​យ៉ាង​ណា ពិសី ឆ្លើតតប​ថា ៖«ខ្ញុំ​ចង់​សន្សំ​ដែរ​បង! តែ​ប្រាក់​ខែ​តិច​ពេក បើក​មក​គ្រាន់​តែ​​សង​គេ បង់​ថ្លៃ​បន្ទប់​ជួល​​ជិត​អស់​បាត់ទៅហើយ»។ ទោះបីជា​យ៉ាងណា​យុវជន​ដដែល​នេះ ថា​នឹងគិតគូរ​ឡើងវិញ ដើម្បី​​កាត់​បន្ថយ​ការ​ចំណាយ និង​ធ្វើ​ឱ្យ​​ជីវភាព​រស់​នៅមាន​ភាព​ល្អប្រសើរ​៕ ​

 

 

ប្រើ​​របស់​​ជ​ជុះ​​បើ​​គេ​​ដឹង​ ជា​​រឿង​​គួរ​​ឲ្យ​​ខ្មាស​​បំ​ផុត មែនទេ?

កន្លែង​​​ណា​ខ្លះ​ពិសេស​បំផុត​សម្រាប់​យុវវ័យ​ក្នុង​​ការ​អាន​សៀវភៅ?

 

អត្ថបទ៖ អ៊ុំ សុភក្តិ