ទឹក​ចិត្ត​សប្បុរស​របស់​តារា​កូរ៉េ ចំពោះ​ប្រជាជន​កម្ពុជា

  • 2015-06-23 13:05:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្វី​បើ​សិល្បករ​កូរ៉េ មិន​សូវ​បង្ហាញ​វត្តមាន​លើ​ឆាក​តន្ត្រី​កម្ពុជា​ញឹកញាប់ ដូច​ជា​នៅ​ប្រទេស​​ជិត​ខាង​ផ្សេង​ៗ​ក្ដី ប៉ុន្តែ​ទឹក​ចិត្ត​របស់​ពួក​គេ​តែង​មក​ដល់​អ្នក​គាំទ្រ​កម្ពុជា តាម​រយៈ​សកម្មភាព​សប្បុរសធម៌​ផ្សេង​ៗជា​រឿយ​ៗ។ ចង់​ដឹង​ថា​តារា​កូរ៉េ​ណា​ខ្លះ ធ្លាប់​រួម​ចំណែក​ជួយ​ដល់​ប្រជាជន​កម្ពុជា សូម​តាមដាន​ជាមួយ Sabay ខាង​ក្រោម​នេះ៖

 

១. តារា​សម្ដែង​ Song Jae Rim

 

តារា​សម្ដែង​ក្នុង​រឿង "Surplus Princess” Song Jae Rim ជា​ឯកអគ្គរដ្ឋទូត​សុឆន្ទៈ​របស់​អង្គការ Plan Korea ​បាន​មក​ធ្វើ​ការងារ​ស្ម័គ្រ​ចិត្ត​​នៅ​ស្រុក​ស្រីស្នំ ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ដើម្បី​ជួប​ផ្ទាល់​ជាមួយ​​កុមារ​​ដែល​គេ​បាន​ឧបត្ថម្ភ និង​បាន​នាំ​យក​សម្ភារៈ​សិក្សា​ទៅ​ចែក​ជូន​សិស្សានុសិស្ស​នៅ​ទី​នោះ។ ក្រៅ​ពី​នេះ​ Song Jae Rim និង​អង្គការ Plan Korea ក៏​បាន​ឧបត្ថម្ភ​អណ្ដូង​ទឹក​ដល់​អ្នក​ភូមិ​នៅ​ទី​នោះ​ដែរ។

 

 

២. កីឡា​ការិនី​ Sin Soo Ji

 

 

អតីត​អត្តពលិក​​កូរ៉េ​ខាង​ត្បូង​ផ្នែក Rhythmic Gymnast កញ្ញា Sin Soo Ji ជា​ឯកអគ្គរដ្ឋទូត​សុឆន្ទៈ​របស់​អង្គការ Plan Korea បាន​មក​កម្ពុជា​កាល​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា ដើម្បី​ជួប​ផ្ទាល់​ជាមួយ​កុមារ​ដែល​នាង​បាន​ឧបត្ថម្ភ​កន្លង​មក និង​បាន​ធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​​សាលា​របស់​ពួក​គេ។ Sin Soo Ji បាន​បង្ហាត់​ក្មេង​ៗ​អំពី​វិធី​ហាត់​ប្រាណ​ដើម្បី​សុខភាព និង​បាន​ចែក​អំណោយ​ខ្លះ​ៗ​ដល់​ពួក​គេ។​ ​ ​

៣. តារា​សម្ដែង​ Gong Yoo

 

 

ក្នុង​នាម​ជា​តំណាង​គណៈកម្មការ​អង្គការ​មូលនិធិ​សហប្រជាជាតិ​ដើម្បី​កុមារ UNICEF តារា​សម្ដែង Gong Yoo បាន​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា​រយៈ​ពេល​មួយ​សប្ដាហ៍ ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​៨ ខែ​តុលា ដើម្បី​សិក្សា​ស្វែងយល់​ពី​ជីវភាព​រស់​នៅ និង​បញ្ហា​សិទ្ធិ​កុមារ​នៅ​កម្ពុជា។ តួ​ឯក​ប្រុស​ក្នុង​រឿង "Coffee Prince” រូប​នេះ បាន​ទៅ​ដល់​ខេត្ត​ស្វាយរៀង និង​តំបន់​អនាធិបតេយ្យ​មួយ​ចំនួន។ ចាប់​ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​២៨ ខែ​ធ្នូ អង្គការ UNICEF បាន​រៀប​ចំ​ពិធី​ពិព័រណ៍​រូប​ថត​មួយ​នៅ​ប្រទេស​កូរ៉េ​​បង្ហាញ​​ពី​សកម្មភាព​របស់ Gong Yoo នៅ​ប្រទេស​កម្ពុជា ដើម្បី​ផ្សព្វផ្សាយ​ពី​បញ្ហា​សិទ្ធិ​​កុមារ និង​ស្វែងរក​មូលនិធិ​សម្រាប់​ទ្រទ្រង់​សិទ្ធិ​កុមារ​នៅ​ប្រទេស​កម្ពុជា។

 

http://youtu.be/TU2jX1cyUXk

 

៤. ក្រុម​ចម្រៀង BTOB

កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៣ ក្រុម​ចម្រៀង BTOB ដែល​មាន​សមាជិក ៧នាក់ បាន​មក​​ប្រទេស​កម្ពុជា​ចំនួន ៣ថ្ងៃ ដើម្បី​ប្រគំ​តន្ត្រី​​ និង​ជួប​ផ្ទាល់​នឹង​អ្នក​គាំទ្រ។ ក្រោយ​ការ​ប្រគំ​តន្ត្រី ពួក​គេ​បាន​ទៅ​សួរ​សុខ​ទុក្ខ និង​យក​អំណោយ​ខ្លះ​ៗ​​ចែក​ជូន​កុមារ​ៗ នៅ​មណ្ឌល​កុមារ​កំព្រា Light House។

 

 

៥. ក្រុម​ចម្រៀង Girls' Generation

 

 

កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១១ ក្រុម​ចម្រៀង Girls' Generation បាន​ជួយ​ជីវិត​ក្មេង​ស្រី​កម្ពុជា​ម្នាក់​ឈ្មោះ ស្រីរី តាម​រយៈ​ការ​ឧបត្ថម្ភ​ថ្លៃ​វះ​កាត់​បេះដូង​របស់​នាង។ ស្រី​រី មាន​ជំងឺ​​បេះដូង​​ប្រហោង​​យូរ​មក​ហើយ ប៉ុន្តែ​នាង​មិន​អាច​វះកាត់​បាន​ដោយ​សារ​ជីវភាព​គ្រួសារ​ខ្វះខាត។ ក្រោយ​វះកាត់ ស្រីរី បាន​សម្រាក​នៅ​ប្រទេស​កូរ៉េ​ ចំនួន​៣សប្ដាហ៍ ទើប​ត្រលប់​មក​ប្រទេស​កម្ពុជា​វិញ។ ទស្សនា​រឿងរ៉ាវ​របស់​ ស្រីរី ដែល​ចាក់​ផ្សាយ​ក្នុង​កម្មវិធី "Love Request” របស់​ស្ថានីយ​ទូរទស្សន៍ KBS៖

 

 

៦. ក្រុម​ចម្រៀង SHINee

 

កាល​​ពី​ខែ​កុម្ភៈ ​ឆ្នាំ​២០០៨ ក្រុម​ចម្រៀង SHINee បាន​មក​ប្រទេស​កម្ពុជា ចំនួន ៦ថ្ងៃ ដើម្បី​ប្រគំ​តន្ត្រី និង​ថត​កម្មវិធី​ផ្សេង​ៗ។ មុន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ពួក​គេ​បាន​បរិច្ចាគ​ប្រាក់​ចំនួន ១ម៉ឺន​ដុល្លារ សម្រាប់​អង្គការ​មូលនិធិ​កុមារ​កម្ពុជា CCF។​

 

 

ក្រៅ​ពី​ទឹក​ចិត្ត​ផ្ទាល់​របស់​តារា​កូរ៉េ អ្នក​គាំទ្រ​របស់​ពួក​គេ​មួយ​ចំនួន​ក៏​បាន​សហការ​រៃ​អង្គាស​ប្រាក់​ដើម្បី​បរិច្ចាគ​មក​កាន់​ប្រជាជន​កម្ពុជា​ដែរ ដូច​ជា​៖

 

កាល​ពី​ខែ​មេសា ឆ្នាំ​២០១៥ អ្នក​គាំទ្រ​ក្រុម Block-B បាន​ឧបត្ថម្ភ​អណ្ដូង​ស្នប់​ដល់​ប្រជាជន​ក្នុង​ខេត្ត​សៀមរាប ដើម្បី​អបអរ​ខួប​៤​ឆ្នាំ​ដែល Block-B បាន​ចេញ​បទ​ចម្រៀង។

 

 

កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៤ អ្នក​គាំទ្រ​តារា​ចម្រៀង Jung Yong Hwa សមាជិក​ក្រុម CNBLUE បាន​បរិច្ចាគ​អង្ករ​ចំនួន​៥តោន រួម​ជាមួយ​ចំណីអាហារ​មួយ​ចំនួន ដល់​កុមារ​ៗ​ក្រីក្រ​កម្ពុជា ក្នុង​អង្គការ Holt ដើម្បី​សុខុមាលភាព​កុមារ។

 

 

អ្នក​គាំទ្រ​ក្រុម​ចម្រៀង Teen Top បាន​ឧបត្ថម្ភ​បង្គន់​អនាម័យ​ដល់​គ្រួសារ​ក្រីក្រ​នៅ​កម្ពុជា កាល​ពី​​ខែ​វិច្ឆិកា ឆ្នាំ​២០១២ ៕​

 

 

 

ចុចអាន៖វត្តមាន​លើ​ទឹក​ដី​អង្គរ របស់​តារា​​ពិភពលោក​

 

 

ដោយ៖ វ៉ាន់ថន