Ronaldinho៖ Firmino& Coutinho ​ខ្សែ​បម្រើជា “ក្ដី​សុបិន” ​​សម្រាប់​ខ្សែ​ប្រយុទ្ធ​ Liverpool

  • 2015-06-25 15:52:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​វីរបុរស​ប្រេស៊ីល Ronaldinho ​បាន​លើក​ឡើង​ថា ​​ការ​ចាប់​ដៃ​គូ​គ្នា​លេង​នៅ​តំបន់​ខ្សែ​បម្រើ​រវាង ​កីឡាករ​ចំណូល​ថ្មី Roberto Firmino និង​ Philippe Coutinho ​គឺជា​សុបិន​សម្រាប់​ខ្សែ​ប្រយុទ្ធ​ក្រុម​ Liverpool គ្រប់​រូប និង​ជឿ​ថា​ខ្សែ​ប្រយុទ្ធ​នឹង​ងាយ​ស្រួល​រក​គ្រាប់​បាល់ ដោយ​សារ​កីឡាករ​ទាំង​២ មាន​សមត្ថភាព​ខ្ពស់​​បង្កើត​​ឱកាស​ច្រើន។

 

 

​ក្លិប​ហង្ស​ក្រហម​ Liverpool បាន​ព្រមព្រៀង​​​​ទិញ​យក​តារា​វ័យ​ក្មេង​​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​ Roberto Firmino របស់​ Hoffenheim ​កាល​ពី​ម្សិល​មិញ​ នូវ​​តម្លៃ​ថ្លៃ​បំផុត​ទី​២ ក្នុង​​ប្រវត្តិសាស្ត្រ​ក្លិប​ ២៩​លាន​ផោន​ (ជាង​៤៥,៦​លាន​​ដុល្លារ) ​​ដោយ​រង់ចាំ​តែ​ពិនិត្យ​សុខភាព​ប៉ុណ្ណោះ ក្រោយ​បញ្ចប់​ភារកិច្ច នៅ​ Copa America។

 

កីឡាករ​ជ័យ​លាភី 2002 World Cup (Ronaldinho) ​ជឿ​ថា​ក្រុម​ Liverpool ​នឹង​ខ្លាំង​ជាង​មុន​ ជា​ពិសេស​នឹង​អាច​រក​គ្រាប់​បាល់​បញ្ចូល​ទី​បាន​ច្រើន​ ​ដែល​ជា​ដំណោះ​ស្រាយ​ដ៏​ល្អ បន្ទាប់​ពី​រដូវ​កាល​មុន ស៊ុត​បាន​តែ​៥២​គ្រាប់​ពេញ​១​រដូវ​កាល​នៅ​ Premier League។

 

Ronaldinho បាន​និយាយ​ថា៖ "សម្រាប់​ Liverpool ដែល​មាន​ Coutinho និង Firmino ​គឺជា​សមិទ្ធផល​ដ៏​ធំធេង​សម្រាប់​ពួកគេ។ ពួកគេ​នឹង​ក្លាយ​ជា​ក្រុម ដែល​មាន​ខ្សែ​បម្រើ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​ខ្លាំង​បំផុត នៅ​អឺរ៉ុប។ គំនិត​ច្នៃ​ប្រឌិត​ ភាព​ឈ្លាសវៃ ​និង​គ្រាប់​បាល់​របស់​ពួកគេ​ទាំង​២ នឹង​អាច​ផ្លាស់​ប្ដូរ​ក្រុម​ Liverpool ទាំង​មូល"។

 

 

​កីឡាករ​វ័យ​៣៥​ឆ្នាំ​បន្ថែម​ថា៖ "ការ​ដែល​មាន​ខ្សែ​បម្រើ​​ទាំង​២​រូប​នេះ នឹង​ធ្វើ​ឲ្យ​ហង្ស​ក្រហម មាន​ឱកាស​ច្រើន​ ដើម្បី​អាច​ស្វែង​រក​កៅអី​លេង​នៅ UEFA Champions League រដូវ​​កាល​ក្រោយ។ វា​ជា​ក្ដី​សុបិន​សម្រាប់​ខ្សែ​ប្រយុទ្ធ​ Liverpool ​ដែល​មាន​ខ្សែ​បម្រើ​ល្អៗ​ដូច​នេះ។ បើ​អ្នក​មិន​អាច​រក​គ្រាប់​បាល់​បាន​ ពេល​ដែល​មាន​ Coutinho និង Firmino ​ជា​ខ្សែ​បម្រើ នោះ​អ្នក​នឹង​មិន​​អាច​ស៊ុត​ចូល​​ទី​ នៅ​ក្រុម​ណា​ទាំង​អស់ ព្រោះ​ពួកគេ​ទាំង​២​ នឹង​បង្កើត​ឱកាស​ឲ្យ​ច្រើន​បំផុត"៕

 

​ចុះ​ប្រិយមិត្ត​ជឿ​ថា Firmino និង​ Coutinho នឹង​ធ្វើ​ឲ្យ​ Liverpool កាន់​តែ​ខ្លាំង​មែន​អត់?

 

-ចុចអាន៖ Liverpool ព្រមព្រៀង​ទិញ Firmino ​តម្លៃ​ថ្លៃ​បំផុត​ទី​២ ​ប្រវត្តិសាស្ត្រ​​ក្លិប

 

​​​ប្រែ​សម្រួល៖ វិន​ ជីវ័ន្ត ​ប្រភព៖ mirror