ក្នុងនាមជានាយកប្រតិបត្តិ (CEO) ដែលមានការងារគ្រប់គ្រងនិងដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យាធំមួយ ប្រាកដជាមានទ្រព្យសម្បត្តិរាប់លានដុល្លារហើយ។ ប៉ុន្តែមុនពេលទទួលបានជោគជ័យដូចសព្វថ្ងៃនេះ នាយកប្រតិបត្តិគ្រប់រូបគឺមិនមានប្រវត្តិការងារដូចគ្នានោះទេ។ បើនិយាយពីការងារដំបូងវិញមាននាយកប្រតិបត្តិខ្លះធ្លាប់ធ្វើជាអ្នកលាងចានក្នុងភោជនីយដ្ឋានថែមទៀតផង។ ចង់ដឹងថានាយកប្រតិបត្តិណាដែលមានការងារស្រដៀងគ្នាខ្លះ សូមតាមដានខាងក្រោម៖
១. MICHAEL DELL នាយកប្រតិបត្តិក្រុមហ៊ុន Dell ធ្លាប់ជាអ្នកលាងចានក្នុងភោជនីយដ្ឋាន
ក្នុងវ័យបាន១២ឆ្នាំ លោកទទួលបានការងារដំបូងក្នុងជីវិតជាអ្នកលាងចានម្នាក់នៅក្នុងភោជនីយដ្ឋានចិនមួយ។ ធ្វើការមិនបានប៉ុន្មានផង Michael ក៏ត្រូវប្ដូរធ្វើជាអ្នកបម្រើភ្ញៀវវិញម្ដង។ តែក្រោយមក លោកក៏បានប្ដូរចិត្តទៅធ្វើការនៅភោជនីយដ្ឋានមិចសិកូក្បែរនោះវិញ។
២. MARISSA MAYER នាយិកាប្រតិបត្តិក្រុមហ៊ុន YAHOO ជាអ្នកលក់គ្រឿងទេសក្នុងហាង
មុនក្លាយជាអ្នកដឹកនាំនៅក្រុមហ៊ុន Yahoo អ្នកស្រី Marissa Mayer បានធ្វើការជាអ្នកលក់គ្រឿងទេសម្នាក់នៅក្នុងហាងមួយ ជាកន្លែងដែលគាត់បានសិក្សារៀនសូត្រនូវការងារសំខាន់ៗបានយ៉ាងលឿន។ ទេពកោសល្យពិសេសរបស់គាត់នៅពេលនោះគឺអាចចាំមុខទំនិញបាន៤០មុខក្នុងរយៈពេល១នាទី។
៣. DOUG MCMILLON នាយកប្រតិបត្តិក្រុមហ៊ុន WALMART ជាអ្នកធ្វើការក្នុងឃ្លាំង
Doug McMillon គឺជានាយកប្រតិបត្តិម្នាក់ដែលដាក់ចិត្តធ្វើការជាមួយនឹងក្រុមហ៊ុនដដែលស្ទើរតែពេញមួយអាជីពរបស់គាត់។ ប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Walmart រូបនេះមានការងារដំបូងគឺជាអ្នកធ្វើការនៅក្នុងឃ្លាំងផ្ទុកអីវ៉ាន់របស់ក្រុមហ៊ុន Arkansas។
៤. REED HASTINGS នាយកប្រតិបត្តិក្រុមហ៊ុន NETFLIX ការងារជាអ្នកដើរលក់ឥវ៉ាន់តាមផ្ទះ
បន្ទាប់ពីបញ្ចប់ថ្នាក់វិទ្យាល័យ លោក Reed Hastings បានធ្វើការជាអ្នកដើរលក់ម៉ាស៊ីនបឺតធូលីនៅតាមផ្ទះ។ ពេលនោះដែរ លោកត្រូវបានទទួលឲ្យចូលរៀននៅក្នុងមហាវិទ្យាល័យ Bowdoin College ក្នុងរដ្ឋ Maine សហរដ្ឋអាមេរិក។ ប៉ុន្តែគាត់បានពន្យារពេលការចុះឈ្មោះចូលរៀនរយៈពេលមួយឆ្នាំ ដើម្បីបន្តការងារដើរលក់ម៉ាស៊ីនបឺតធូលីរបស់គាត់ ដោយគាត់បាននិយាយថា៖ "ខ្ញុំស្រលាញ់មុខរបរនេះ ដោយសារខ្ញុំបានជួបមនុស្សថ្មីៗជាច្រើន"។
៥. JEFF BEZOS នាយកប្រតិបត្តិក្រុមហ៊ុន AMAZON ការងារជាអ្នកដឹកនាំការបោះជំរំ
ជាសហគ្រិនផង និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Amazon ផង លោក Jeff Bezos បានផ្ដើមការងារដំបូងរបស់លោកជាអ្នកគ្រប់គ្រងជំរំមួយ។ កាលពីរៀននៅវិទ្យាល័យ លោក និងអតីតមិត្តស្រី Ursula Werner បានបោះជំរំមួយឈ្មោះថា Dream Institute ដើម្បីបង្រៀនដល់ក្មេងថ្នាក់ទី៤ , ៥ , និងទី ៦៕
អានបន្ត៖ ពីកម្មការិនីរោងចក្រ កា្លយជាស្ត្រីបច្ចេកវិទ្យាមានជាងគេនៅចិន
ប្រែសម្រួល៖ សំនៀង
ប្រភព៖ fastcompany