មានអ្នកប្រាប់​Sabay នូវ​ល្បិច​​ពី​ក្រោយរបរ​​លក់​សាំង​ដប

  • 2015-06-26 17:44:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​លក់​សាំងច្រក​​ដប សាំង​ធុង និង​ហ្គារ៉ាស  នៅតែ​មានការ​​លេច​ឮ​ថា អាជីវករ​បន្តកេង​ចំណេញ​លើរង្វាស់រង្វាល់​ពី​អតិថិជន។

លោកសុធា ម្នាក់ក្នុងចំណោម​អ្នកត្អូញត្អែរជាច្រើននោះ បានអះអាង​ថា​ដឹង​ច្បាស់​រឿង​នេះ។ លោក​​ប្រាប់ព្រឹកមិញ​នេះ​​ថា៖ "ហ្នឹង​ជា​រឿង​ពិត បើ​មិន​ធ្វើ​អ៊ីចឹង លក់​អត់​ចំណេញ"។

 A) សាំង​ដប - ចំពោះ​សាំង​ដប អ្នក​លក់​ខ្លះ​​ប្រើ​ល្បិច​ក្រឡុក​កាវ ដើម្បី​ឱ្យ​សាច់​ដប​​ខាងក្នុង​ក្រាស់។ - ដបមាន​ចំណុះ កន្លះ​លីត្រ ១​លីត្រ និង​២​លីត្រ តែ​អ្នកលក់​ចាក់​សាំង​បញ្ចូល​ដប​​មិន​គ្រប់​ចំណុះ។
  • តាម​វិធី​នេះ​ក្រុម​អាជីវករ​ខិលខូច​ អាច​ចំណេញ​បាន៣​ទៅ​៤​លីត្រក្នុង​មួយ​កាន។

 

 

 

B) សាំង​ធុង

ចំពោះ​សាំង​ធុង​នេះវិញ អ្នក​លក់ក៏​មាន​វិធី​ស៊ី​ដែរ គឺ​​ឱ្យ​ជាង​ធ្វើ​កែវខុស​ខ្នាត ដែល​មាន​ចំនួន​ក្រិត​កៀក​គ្នា​បំផុត។ ​​ក្នុង​១​លីត្រ អ្នកលក់​ទុច្ចរិតអាច​ស៊ី​បាន២០% ខណៈ​​មួយ​កាន ពួកគេ​អាច​​ស៊ី​បាន​ដល់​ទៅ​​៦​លីត្រ។

 

 

C) ប្រេងឥន្ធនៈ​តាម​ស្ថានីយ

ចំណែក សុផល ​ធ្លាប់​មាន​បទពិសោធន៍ ត្រូវ​គេ​កេងចំណេញ បាន​ប្រាប់​ឱ្យ​ Sabay ថា បុគ្គលិក​​ស្ថានីយ​ខ្លះ​ចាក់​ប្រេង​សាំង មិន​គ្រប់​លីត្រ​ទេ។ លោក​ថា "ខ្ញុំ​ចាក់​សាំង​ដប មើល​ទៅ​ឃើញ​ច្រើន តែ​​បើ​ចាក់​ហ្គារ៉ាស់​វិញ តិច​មែន​ទែន។ បុគ្គលិក​ខ្លះ​ខូច​ណាស់ បើ​យើង​អត់​មើល បន្លំ​យើង​ហើយ ឬ​បើ​មិន​ដូច្នេះ​ទេ អាច​ឧបករណ៍​វ៉ាល់​វាស់​មិន​ត្រូវ​ចំនួន​លីត្រ"។ ចង់​ដឹង​ច្បាស់​សូម​ចុច​អាន ជម្រះ​មន្ទិល​រឿង​សាំង​មិន​​គ្រប់​លីត្រ​​តាម​​ស្ថានីយ...

 

 

D) ប្រុងប្រយ័ត្ន​ចំពោះ​ប្រេង​សាំង​លក់​រាយរងតាមផ្លូវ

សាំង​លក់​រាយរង​តាម​ផ្ទះ តាម​ផ្លូវ ជា​ពិសេស​សាំង​ដប និង​សាំងធុង គ្មាន​​សុវត្ថិភាពចំពោះ​សុខភាព​ម៉ូតូ​ប៉ុន្មាន​ទេ ព្រោះ​ប្រេង​ប្រភេទ​នេះ តែង​ត្រូវ​បានគេ​​លាយ​បង្កើន​បរិមាណ និង​លក់​បញ្ចុះ​តម្លៃ។

 

លោក​សុធាបាន​បង្ហើប​ឱ្យ​ដឹង​ទៀត​ថា ប្រេង​សាំង​​១កាន អាជីវករ​ខិលខូច​ ​​យក​ទៅ​លាយ​ជាមួយ​ប្រេង​កាត ៥​លីត្រ​ទៅ​១០​លីត្រ ឬ​លាយ​នឹង​អ្វី​ផ្សេង។ ​ ​

 

"ចង់​ចំណេញ​ច្រើន គេ​លាយប្រេងកាត​១០​លីត្រ តែ​បើ​​ចង់​ចំណេញ​តិច គេ​លាយប្រេងកាត​៥លីត្រ។ ម៉ូតូ​ចាស់ៗ​ចាក់​ទៅ​មិន​សូវ​អី​ទេ តែ​បើ​​ម៉ូតូ​ថ្មី​ចាក់​ទៅ​ហ្នឹង​ថា​សាំង លាយ​តែ​ម្ដង"។ មួយ​ទៀត​គេ​លាយ​ដើម្បី​លក់​បញ្ចុះ​តម្លៃ។ យក​ពី​គេ​១កាន​ ១២​ម៉ឺន​រៀល យក​មក​​លាយ​រួច ​លក់​វិញ​១០​ម៉ឺន​រៀល"។ សុធាបញ្ជាក់។

 

ដោយឡែកកាល​ពី​ចុងខែ​មករា ឆ្នាំ​២០១៥ មន្ត្រី​ជំនាញ​អគ្គនាយកដ្ឋាន​កាំកុង​ត្រូល​ នៃ​ក្រសួង​ពាណិជ្ជកម្ម​ បាន​ចុះ​ត្រួត​ពិនិត្យ​តាម​ស្ថានីយ​ប្រេង​ឥន្ធនៈ ក្រោយ​មាន​មន្ទិល​សង្ស័យ​ពី​អតិថិជន​ថា មាន​ការ​ស៊ី​ចំនួន​លីត្រ និង​ប្រេង​គុណភាពអន់ ហើយ​ជា​លទ្ធផល​​​បង្ហាញ​ថា ត្រឹម​ត្រូវ​ទាំង បរិមាណ ​និង​គុណភាព​៕

 

 
 

 

អញ្ចឹង​តើ! ទើប​សាំង​ដប​ថោក​ជាង​សាំង​នៅ​តាម​ស្ថានីយ​ប្រេងឥន្ធនៈ (Video)

 

 

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទថ្មី