រុស្ស៊ីនឹងចំណាយជាង ៤០០ពាន់លានដុល្លារពង្រឹងកម្លាំងយោធា
- 2015-06-27 18:01:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រុស្ស៊ីនឹងចំណាយជាង ៤០០ពាន់លានដុល្លារពង្រឹងកម្លាំងយោធា
ចន្លោះមិនឃើញ
ស្ថានការណ៍អន្តរជាតិរវាងមហាអំណាចសេរីលោកខាងលិច និងប្រទេសរុស្ស៊ី ព្រមទាំងការលូកដៃពីសហរដ្ឋអាមេរិកកំពុងបង្កភាពតានតឹងយ៉ាងខ្លាំង។ បន្ទាប់ពីប្រកាសបន្ថែមមីស៊ីលឆ្លងទ្វីបជាង ៤០គ្រាប់ ពេលនេះប្រធានាធិបតីដ៏មានឥទ្ធិពល Vladimir Putin បានបញ្ជាក់បន្ថែមថា រុស្ស៊ីនឹងចំណាយជាង ៤០០ពាន់លានដុល្លារ ដើម្បីពង្រឹងកម្លាំងយោធា។
លោក Vladimir Putin បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា ប្រទេសរុស្ស៊ីត្រូវការកម្លាំងយោធាដ៏មានឥទ្ធិពល ដើម្បីប្រឆាំងនឹងការគំរាមកំហែងតាមព្រំដែន ខណៈវិបត្តិនៅអ៊ុយក្រែននាំឲ្យមានសកម្មភាពខុសប្រក្រតីពីបណ្ដាប្រទេសលោកខាងលិច។
ប្រធានាធិបតីដ៏មានឥទ្ធិពលរូបនេះ បាននិយាយថា "ទាហានដ៏មានឥទ្ធិពល បំពាក់ដោយសព្វាវុធទំនើប គឺជាអ្នកធានាអធិបតេយ្យភាពនិងបូរណភាពទឹកដីនៃប្រទេសរុស្ស៊ី"។ ថ្លែងនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនាវិមានក្រឹមឡាំង លោកពូទីនក៏បានប្ដេជ្ញាចិត្តបន្តកិច្ចខិតខំប្រឹងប្រែងធ្វើទំនើបកម្មយោធា ដោយមានគម្រោងទិញអាវុធថ្មីៗជាច្រើនបន្ថែមទៀត។
បើទោះបីជាសេដ្ឋកិច្ចប្រទេសរុស្សីហាក់មិនឈានទៅមុខយ៉ាងណាក្ដី ក៏ប្រធានាធិបតី Vladimir Putin មានគម្រោងនឹងចំណាយប្រាក់ជាង ៤០០ពាន់លានដុល្លាររហូតដល់ឆ្នាំ២០២០ ដើម្បីផ្ដល់ឲ្យកម្លាំងទ័ព នូវនាវាដឹកជញ្ជូនយន្តហោះចម្បាំង យន្តហោះថ្មីរាប់រាយគ្រឿង មីស៊ីល និងរថក្រោះរាប់ពាន់គ្រឿង ព្រមទាំងសព្វាវុធនានាជាច្រើនទៀត៕
ចុចអាន៖ ពិភពលោកជិតឈានទៅរកសង្គ្រាមត្រជាក់សាជាថ្មី
ចុចអាន៖ អាមេរិកនឹងបញ្ចេញរថក្រោះ២៥០គ្រឿង ដើម្បីឆ្លើយតបការគំរាមរបស់រុស្ស៊ី
ចុចអាន៖ រុស្ស៊ីនឹងបន្ថែមកាំជ្រួចឆ្លងទ្វីបជាង៤០គ្រាប់ទៀតនៅឆ្នាំ២០១៥ នេះ
ប្រែសម្រួល៖ គង់ វិសាល ប្រភព៖ businessinsider