វិធីងាយៗបំបាត់ស្នាមជាំខ្មៅលើកែងដៃ និងជង្គង់
- 2015-06-29 17:50:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីងាយៗបំបាត់ស្នាមជាំខ្មៅលើកែងដៃ និងជង្គង់
ចន្លោះមិនឃើញ
ពេលស្លៀកពាក់ខ្លីទៅណាម្ដងៗ មនុស្សមួយចំនួន ជាពិសេសសុភាពនារីតែងមានអារម្មណ៍ថាខ្មាសអៀន ដោយសារស្បែកក្បាលជង្គង់និងកែងដៃមានស្នាមខ្មៅជាំ។ មានវិធីជាច្រើនដើម្បីបំបាត់ស្នាមជាំខ្មៅទាំងនោះបន្តិចម្ដងៗ ប៉ុន្តែសាកល្បងរូបមន្តងាយៗតាមបែបធម្មជាតិខាងក្រោម ក៏អាចមានប្រសិទ្ធភាពដូចគ្នា។
១. ប្រេងដូងនិងទឹកឃ្មុំ
ប្រេងដូងមានផ្ទុកវីតាមីនE ដែលអាចជួយឲ្យស្បែកស និងបំបាត់ស្នាមជាំខ្មៅ។ ក្រោយពីងូតទឹករួច យកប្រេងដូង១ស្លាបព្រាបាយ និងទឹកឃ្មុំកន្លះស្លាបព្រាបាយ លាយបញ្ចូលគ្នារួចយកមកលាបលើកែងដៃឬក្បាលជង្គង់ដែលមានស្នាមខ្មៅ។ ម៉ាស្សាថ្នមៗរយៈពេល ១ទៅ២នាទី រួចទុកចោល១៥ ទៅ២០នាទី ទើបជូតសំអាត។ ធ្វើបែបនេះម្ដងក្នុង១ថ្ងៃ នឹងអាចជួយធ្វើឲ្យស្បែកកែងដៃ ព្រមទាំងក្បាលជង្គង់បាត់ស្នាមខ្មៅបន្តិចម្ដងៗ វិលត្រលប់ទៅរកភាពសស្អាតតាមបែបធម្មជាតិ។
២. ក្រូចឆ្មា
វិធីមួយបែបទៀតគឺ ប្រើទឹកក្រូចឆ្មាដើម្បីជម្រះភាពខ្មៅជាំ ដោយសារវាសម្បូរទៅដោយវីតាមីនC ដែលអាចជួយជម្រុះកោសិកាស្បែកខូច។ យកទឹកក្រូចឆ្មាមកលាបត្រង់កន្លែងស្នាមជាំខ្មៅលើកែងដៃនិងក្បាលជង្គង់ ទុកចោលប្រហែល២០នាទី រួចលាងជម្រះជាមួយទឹកក្ដៅខណ្ឌៗ។ ធ្វើបែបនេះចំនួន២ទៅ៣សប្ដាហ៍ ស្នាមជាំខ្មៅនឹងបាត់បង់ទៅវិញ។ ចំណាំ៖ ក្រោយពេលលាងជម្រះរួច កុំឲ្យត្រូវពន្លឺថ្ងៃរយៈពេលបីម៉ោង។
៣. ទឹកដោះគោជូរ
អាចជ្រើសរើសវិធីទីបី ដោយប្រើទឹកដោះគោជូរមកលាបកន្លែងជាំខ្មៅ ក៏អាចមានប្រសិទ្ធភាពដូចគ្នា។ ទឹកដោះគោជូរមានជាតិអាស៊ីដម្យ៉ាង ដែលជួយសំអាតនិងធ្វើឲ្យស្បែកស ព្រមទាំងផ្ដល់សំណើមដល់ស្បែក។ លាយទឹកដោះគោជូរ១ស្លាបព្រាបាយ និងទឹកខ្មេះ១ស្លាបព្រាបាយបញ្ចូលគ្នា កូរឲ្យសព្វ រួចលាបលើកែងដៃនិងក្បាលជង្គង់ ទុកឲ្យស្ងួត ទើបលាងជម្រះដោយទឹកក្ដៅ។ ធ្វើបែបនេះចំនួន ២ទៅ៣សប្ដាហ៍ ស្នាមជាំខ្មៅនឹងបាត់បន្តិចម្ដងៗ។
៤. ប្រើប្រទាលកន្ទុយក្រពើ
ប្រទាលកន្ទុយក្រពើជាផលិតផលពីធម្មជាតិ ដែលជួយឲ្យស្បែកសនិងផ្ដល់សំណើមដល់ស្បែក ព្រោះវាមានសារធាតុត្រជាក់។ យកសាច់ប្រទាលកន្ទុយក្រពើផ្នែកខាងក្នុងមកលាបត្រង់កែងដៃនិងក្បាលជង្គង់ដែលមានស្នាមខ្មៅជាំ ទុករយៈពេល២០នាទី ទើបលាងជម្រះដោយទឹកក្ដៅខណ្ឌៗ។ ធ្វើបែបនេះជាប្រចាំ ម្ដងទៅ ២ដងក្នុងមួយថ្ងៃ រយៈពេល ២ ទៅ ៣សប្ដាហ៍ នឹងឃើញប្រសិទ្ធភាពជាក់ស្ដែង៕
ចុចអាន៖ សំបកចេកក៏មានប្រយោជន៍មិនចាញ់ផ្លែចេកដែរ
ចុចអាន៖ វិធីធ្វើឱ្យថ្ពាល់ពេញ គួរឱ្យក្នាញ់ដូចកូនក្មេង
ប្រែសម្រួល៖ មាន រតនា ប្រភព៖ top10homeremedies