ព័ត៌មាន​ចុង​ក្រោយ! ធ្លាក់​យន្តហោះ​ឥណ្ឌូណេស៊ី អ្នក​ស្លាប់​បន្ត​កើន​ឡើង​​ច្រើន​ទៀត

  • 2015-07-01 16:48:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព័ត៌មាន​ចុង​ក្រោយ ដែល​ទើប​ចេញ​ផ្សាយ​លើ​សារព័ត៌មាន BBC ​បាន​បញ្ជាក់​ថា មនុស្ស​ទាំង ១២២​នាក់​លើ​យន្តហោះ Hercules C-130 របស់​ប្រទេស​​ឥណ្ឌូណេស៊ី រួម​ទាំង​អ្នក​នៅ​លើ​ដី​មួយ​ចំនួន​ទៀត អាច​បាត់​បង់​ជីវិត​ទាំង​អស់​កើន​ឡើង​ដល់ ១៤១​នាក់។

 

 

មន្ត្រី​របស់​ប្រទេស​ឥណ្ឌូណេស៊ី បាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធ​នេះ​ថា មាន​មនុស្ស​សរុប​ទាំង​អស់ ១២២​នាក់​នៅ​លើ​យន្តហោះ​ដែល​ជួប​គ្រោះ​ថ្នាក់​ក្នុង​ក្រុង Medan។ ក្នុង​ចំណោម​នោះ មាន​អ្នក​ដំណើរ ១១០​នាក់ និង​ក្រុម​ការងារ​លើ​យន្តហោះ ១២​នាក់។ ចំណែក​អ្នក​ស្លាប់​​មួយ​ចំនូន​ធំ​ទៀត គឺ​ជា​ប្រជាជន​នៅ​តំបន់​កើត​ហេតុ​ផ្ទាល់។

 

បន្ទាប់​ពី​ធ្លាក់​ចំ​លំនៅ​ឋាន​ពីរ​ខ្នង និង​សណ្ឋាគារ​មួយ យន្តហោះ​​យោធា​ធុន​ធំ​នោះ​បាន​ផ្ទុះ​ឆេះ​ចេញ​ជា​អណ្ដាត​ភ្លើង។ របាយការណ៍​ភ្លាម​ៗ​កាល​ពី​វេលា​ថ្ងៃ​ត្រង់​ម្សិលមិញ​បាន​ចេញ​ផ្សាយ​ថា ​មនុស្ស​យ៉ាង​តិច ៣០​នាក់​បាត់​បង់​ជីវិត។ ទោះ​យ៉ាង​ណា ព័ត៌មាន​ចុង​ក្រោយ​បាន​បញ្ជាក់​ថា មនុស្ស​ទាំង ១២២​នាក់ អាច​ស្លាប់​ទាំង​អស់ បូក​រួម​ជា​មួយ​អ្នក​រស់នៅ​ទី​នោះ​ជា​ច្រើន​ទៀត។

 

ប្រតិបត្តិការ​ទាញ​យក​សាក​សព​ចេញ​ពី​យន្តហោះ បាន​ផ្អាក​បណ្ដោះ​អាសន្ន​នា​ពេល​យប់​ជ្រៅ និង​បន្ត​ឡើង​វិញ​នៅ​ពេល​ព្រឹក​នេះ។ មនុស្ស​ដែល​ស្លាប់​ភាគ​ច្រើន ត្រូវ​គេ​ជឿ​ជាក់​ថា​ជា​សាច់​ញាតិ​នៃ​ក្រុម​ការងារ​លើ​យន្តហោះ​ផ្ទាល់។ គេ​នៅ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ច្បាស់​ថា មាន​មនុស្ស​ផ្សេង​ក្រៅ​ពី​អ្នក​ដំណើរ​លើ​យន្តហោះ បាន​ស្លាប់​នៅ​តំបន់​កើត​ហេតុ​ឬ​យ៉ាង​ណា​នោះ​ទេ។

 

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នា​ពេល​នេះ គឺ​យន្តហោះ​ដែល​ធ្លាក់​នោះ ជា​ប្រភេទ​យន្តហោះ​ដឹក​ទំនិញ​យោធា ប៉ុន្តែ​បែរ​ជា​មាន​ដឹក​អ្នក​ដំណើរ​យ៉ាង​ច្រើន។ អ្នក​រាយការណ៍​របស់​សារព័ត៌មានBBC ក្នុង​ក្រុង​ហ្សាកាតា ​អ្នក​ស្រី Alice Budisatrijo បាន​និយាយ​ថា កង​កម្លាំង​យោធា​កំពុង​ស៊ើប​អង្កេត​រក​ការ​ពិត ថា​តើ​អ្នក​​ជិះ​លើ​យន្តហោះ ជា​អ្នក​ដំណើរ​បង់​ប្រាក់​ដែល​ត្រូវ​ហាម​ឃាត់ ឬ​យ៉ាង​ណា។

 

 

 

 

 

ចុចអាន៖ ក្ដៅៗ! ធ្លាក់​យន្តហោះ​ចំ​សណ្ឋាគារ​បណ្ដាល​ឲ្យ​មនុស្ស​​ស្លាប់​​ច្រើន​នាក់

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ BBC