ឌូបៃ​កំពុង​ជួប​បញ្ហា​រឿង​ឡាន​កប់​ស៊េរី​ចត​ហាល​ដី​ចោល​មិន​ឃើញ​ម្ចាស់

  • 2015-07-03 13:06:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីក្រុង​អ្នក​មាន​ឌូបៃ​របស់​ប្រទេស​អារ៉ាប់រួម ហាក់​គ្មាន​កង្វល់​ទៅ​លើ​រឿង​អត់​ការងារ​ធ្វើ បទ​ល្មើស​ផ្សេងៗ ឬ​ខ្វះ​ផ្ទះ​សម្បែង​នៅ​ឡើយ ប៉ុន្តែ​បញ្ហា​​ដ៏​ធំ​មួយ​នា​ពេល​នេះ គឺ​រថយន្ត​កប់​ស៊េរី​ជា​ច្រើន​គ្រឿង​ត្រូវ​គេ​ទុក​ចោល​ហាល​ដី​​ពាស​ពេញ​ផ្លូវ និង​ចំណត​ឡាន​ក្នុង​ព្រលាន​យន្តហោះ។

 

 

​​​​រយៈពេល ៥​ឆ្នាំ​ចុង​ក្រោយ រថយន្ត​ស៊េរី​ទំនើប​ជា​ច្រើន​គ្រឿង ដែល​មាន​ទាំង​ម៉ូដែល Porsche, Ferrari, Mercedes Benz ត្រូវ​ប្រជាជន​នៅ​ឌូបៃ​ទុក​ហាល​ដី​ចោល​តាម​ផ្លូវ តាម​កន្លែង​ចត​ឡាន​ក្នុង​ព្រលាន​យន្តហោះ បន្ទាប់​ពី​ម្ចាស់​ក្ស័យ​ធន​​ភៀស​ខ្លួន​​ដោយ​វិបត្តិ​ហិរញ្ញវត្ថុ។

 

​​តាម​ច្បាប់ Sharia (ប្រព័ន្ធ​ច្បាប់​ឥស្លាម​នៅ​អារ៉ាប់) អ្នក​គ្មាន​សមត្ថភាព​សង​បំណុល នឹង​ត្រូវ​ជាប់​ទោស​ពី​បទ​ឧក្រិដ្ឋ ហើយ​អាច​ប្រឈម​មុខ​ចំពោះ​ការ​ជាប់​ពន្ធនាគារ។ ដោយសារ​បែប​នេះ​​ហើយ ទើប​មនុស្ស​មួយ​ចំនួន បាន​ទុក​ឡាន​ចោល​ដើម្បី​ចៀសវាង​ជាប់​ពន្ធនាគារ​ទាំង​នៅ​ជាប់​កូន​សោ​ជា​រឿយ​ៗ។

 

បើ​តាម​សារព័ត៌មាន Gulf របស់​ប្រទេស​អារ៉ាប់រួម​បាន​ឲ្យ​ដឹង​ថា រថយន្ត​ស៊េរី​ទំនើប​ចន្លោះ​ពី ២​ពាន់ ទៅ ៣​ពាន់​គ្រឿង ត្រូវ​ប៉ូលិស​ប្រទះ​ឃើញ​ទុក​ចោល​នៅ​កន្លែង​ចត​ឡាន​ក្នុង​ព្រលាន​យន្តហោះ​រៀង​រាល់​ឆ្នាំ។ កាល​ពី​ឆ្នាំ​២០១១ ឡាន​ម៉ាក Ferrari Enzo ដ៏​កម្រ​ដែល​មាន​តម្លៃ​ប្រហែល ២​លាន​ដុល្លារ ត្រូវ​ប្រទះ​ឃើញ​ទុក​ចោល ដោយ​មិន​ឃើញ​ម្ចាស់។

 

 

ប៉ូលិស​បាន​ចេញ​សេចក្ដី​ប្រកាស​ថា ប្រសិន​បើ​ម្ចាស់​មិន​បង្ហាញ​ខ្លួន​រយៈ​ពេល ១៥​ថ្ងៃ ឡាន​ទំនើប​ទាំង​នោះ​នឹង​ត្រូវ​រឹបអូស​ទុក រួច​ដាក់​លក់​ដេញ​ថ្លៃ​តាម​តម្លៃ​មួយ​ភាគ​នៃ​តម្លៃ​ដើម។ ទីក្រុង​អ្នក​មាន​ឌូបៃ បាន​ជួប​ផល​ប៉ះពាល់​ដោយ​វិបត្តិ​ហិរញ្ញវត្ថុ​សកល ព្រម​ទាំង​ការ​ធ្លាក់​ចុះ​តម្លៃ​ប្រេង ដែល​នាំ​ឲ្យ​អ្នក​រក​ស៊ី​មួយ​ចំនួន​ចាក​ចេញ​ពី​ក្រុង​ព្រោះ​មិន​អាច​ត្រដរ​ជាមួយ​តម្លៃ​រស់នៅ​ដ៏​ថ្លៃ​បាន។ យ៉ាង​ណា​មិញ នេះ​ជា​ដំណឹង​ល្អ​សម្រាប់​អ្នក​ចូល​ចិត្ត​ដេញ​ម៉ូដ​ឡាន ព្រោះ​អាច​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​ច្រើន៕

 

 

 

 

 

 

ចុចអាន៖ ប្លែក​មែន! អ្នក​មាន​ប្រើ​ឡាន​ដឹក​ដី ៣៦​គ្រឿង​ទៅ​ទទួល​កូន​ក្រមុំ

ចុចអាន៖ ជីវិត​កូន​អ្នក​មាន​ចិន​​រៀន​នៅ​អាមេរិក ជិះ​សុទ្ធ​តែ​ឡាន​​កប់ស៊េរី

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ news.com​

អត្ថបទថ្មី