Taylor Swift ក្លាយជាស្ត្រីឆ្នើមប្រចាំឆ្នាំ២០១៤
- 2014-10-13 17:37:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Taylor Swift ក្លាយជាស្ត្រីឆ្នើមប្រចាំឆ្នាំ២០១៤
ចន្លោះមិនឃើញ
តារាចម្រៀងចង្វាក់ Country អាមេរិក Taylor Swift ទើបតែជាប់ឈ្មោះទទួលបានពានរង្វាន់ជាស្ត្រីឆ្នើមប្រចាំឆ្នាំ២០១៤ (Woman of the Year) ដោយទស្សនាវដ្ដី Billboard ដែលនេះជាពានរង្វាន់សម្រាប់សិល្បការិនីដែល "ទទួលបានជោគជ័យគួរឲ្យកោតសរសើរក្នុងវិស័យចម្រៀង រួមជាមួយភាពជាអ្នកដឹកនាំ និងគំនិតច្នៃប្រឌិត ក្នុងរយៈពេល ១២ខែចុងក្រោយនេះ"។
លោក Janice Min ជានាយកគ្រប់គ្រងម្នាក់ក្រុមហ៊ុនកម្សាន្ត Guggenheim Media បាននិយាយថា "ក្នុងនាមជាតារាចម្រៀងដែលមានឥទ្ធិពលបំផុតក្នុងជំនាន់របស់នាង Taylor Swift ទទួលបានជោគជ័យដ៏ច្រើនលើសលប់លើតារាង Billboard។ តាំងពីប្រឡូកក្នុងអាជីពចម្រៀងពីឆ្នាំ២០០៦មក នាងធ្លាប់បានជាប់ចំណាត់ថ្នាក់កំពូលលើតារាង Billboard Hot 100 ចំនួន ៦០លើក ដែលជាចំនួនច្រើនបំផុតប្រៀបធៀបនឹងតារាចម្រៀងស្រីដទៃ។ ពួកយើងពិតជារំភើបខ្លាំងណាស់ ក្នុងការប្រកាសឈ្មោះនាង ជាស្ត្រីឆ្នើមប្រចាំឆ្នាំរបស់ Billoard ជាលើកទីពីរ"។
ជាការពិត នេះមិនមែនលើកទីមួយឡើយ ដែល Taylor Swift ទទួលបានពានរង្វាន់នេះ ហើយនាងគឺជាតារាស្រីទីមួយដែលអាចទទួលបានពានរង្វាន់នេះពីរដង។
ទស្សនាវដ្ដី Billboard នឹងប្រគល់ពានរង្វាន់នេះដល់ Taylor Swift ក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំ Women in Music លើកទី៩ នៅថ្ងៃទី១២ ខែធ្នូ នៅមជ្ឈមណ្ឌល Cipriani Wall Street ទីក្រុងញីវយ៉ក។
Taylor Swift មិនត្រឹមតែជាតារាចម្រៀងដែលទទួលបានពានរង្វាន់ Grammy ចំនួន៧ និងជាតារាចម្រៀងស្រីវ័យក្មេងបំផុតក្នុងប្រវត្តិសាស្ត្រដែលអាចទទួលបានពានរង្វាន់ "Album of the Year” ពីកម្មវិធី Grammy នោះទេ ប៉ុន្តែតារាវ័យ ២៤ឆ្នាំរូបនេះ ក៏ជាតារាចម្រៀងដែលមានអាល់ប៊ុមលក់ដាច់ជាងគេក្នុងប្រវត្តិសាស្ត្រដែរ ហើយនាងគឺជាតារាចម្រៀងស្រីតែម្នាក់គត់ ដែលមានអាល់ប៊ុមលក់ដាច់ ១លានបន្ទះ ក្នុងរយៈពេល ១សប្ដាហ៍ដំបូង ដល់ទៅពីរអាល់ប៊ុម (អាល់ប៊ុម "Speak Now” ឆ្នាំ២០១០ និងអាល់ប៊ុម "RED” ឆ្នាំ២០១២ ៕
អានអត្ថបទ៖ Angelina Jolie ទទួលគោរមងារស្ត្រីកិត្តិយសពីម្ចាស់ក្សត្រីយ៍ Elizabeth II
ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖ eonline