សហគមន៍​អាណិកជន​ខ្មែរ​​នៅ​ប្រទេស​ល្បី​ៗជួយ​​​បង្ហាញ​​វប្បធម៌​ខ្មែរ​នៅ​បរទេស

  • 2014-10-13 18:12:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជនភៀសខ្លួន​ខ្មែរ​ជា​ច្រើន​បាន​​​ធ្វើ​ដំណើរ​ទៅ​​​រស់នៅ​សហរដ្ឋអាមេរិក​ បារាំង​ កាណាដា​ និង​អូស្ត្រាលី​ ភាគ​ច្រើន​អំឡុងទសវត្ស​​១៩៨០។ បច្ចុប្បន្ន​នេះ​ ទីក្រុង​ ឬ​​កន្លែង ​ដែល​ជនភៀសខ្លួន​ខ្មែរ​​តាំង​ទី​លំនៅ​ បាន​ក្លាយ​ជា​សហគមន៍​ដ៏​ធំ​ រហូត​មាន​ការ​ទទួល​ស្គាល់​ទៀត​ផង។

 

សហគមន៍​ខ្មែរ​​នៅ​អាមេរិក​

ក្នុង​ឆ្នាំ​១៩៧៩​ ប្រជាជន​ខ្មែរ​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក​ក្នុង​នាម​ជា​ជនភៀសខ្លួន។ រដ្ឋាភិបាល​អាមេរិក​អនុញ្ញាត​ឲ្យ​ជនភៀសខ្លួន​ខ្មែរ​១៥០​ ០០០​នាក់​ ទៅ​តាំង​ទី​លំនៅ​ក្នុង​ក្រុង​ ឬ​រដ្ឋ​ផ្សេង​ៗ។ តាម​ការ​ធ្វើ​ជំរឿន​ក្នុង​ឆ្នាំ​២០១០​ មាន​ប្រជាជន​ខ្មែរ​​ទាំង​កើត​នៅ​អាមេរិក​ និង​ធ្វើ​អន្តោប្រវេសន៍​មក​អាមេរិក​ ប្រមាណ​ជា​២៧៦​ ៦៦៧​ ឬ​០,០៩​%​នៃ​ប្រជាជន​អាមេរិក​ទាំង​អស់​ កំពុង​រស់​នៅ​លើ​ទឹក​ដី​នេះ។ សហគមន៍​សំខាន់​ៗ​ដែល​ប្រជាជន​ខ្មែរ​រស់​នៅ​មាន​ដូចជា​រដ្ឋ​ California​ (​ក្រុង​ Long Beach, Stockton, Fresno, Oakland, Modesto),​ រដ្ឋ​ Massachusetts (ក្រុង​ Lowell), រដ្ឋMinnesota (Twin Cities), រដ្ឋPennsylvania (ក្រុង​ Philadelphia), រដ្ឋRhode Island (ក្រុង​ Providence) និង​រដ្ឋ​ ​Washington (ក្រុង​ King County)។

 

ប្រជាជន​ខ្មែរ​នៅ​ទី​នោះ​ក៏​បង្កើត​ទី​ក្រុង​របស់​ខ្លួន​ជា​ផ្លូវ​ការ​ Cambodia Town ​ក្នុង​ទីក្រុង​ Long Beach រដ្ឋ​ California​ ក្នុង​ឆ្នាំ​២០១២​ទៀត​ផង។

 

 

 

 

សហគមន៍​ខ្មែរ​នៅ​​បារាំង​ ក្នុង​ឆ្នាំ​១៩៨៩​ មាន​ជនភៀសខ្លួន​ខ្មែរ​​​ត្រួស​ៗ​​ប្រមាណ​ជា​៥០​ ០០០​នាក់​បាន​មក​ដល់​ប្រទេស​បារាំង។ តាម​ការ​ជំរឿន​ឆ្នាំ​២០១១​ មាន​ប្រជាជន​ខ្មែរ​ទាំង​កើត​នៅ​ប្រទេស​បារាំង​ និង​អន្តោប្រវេសន៍​មក​ប្រទេស​បារាំង​ ប្រមាណ​ជា​៨០​ ០០០​នាក់​ ដោយ​ភាគ​ច្រើន​រស់នៅ​ទីក្រុង​ប៉ារីស​ និង​ទីក្រុង​ Lyon។ នៅ​ប៉ារីស​១៣​ គេ​ឧស្សាហ៍​ឮ​ប្រជាជន​និយាយ​ភាសា​ខ្មែរ​ និង​មាន​ហាង​មួយ​ចំនួន​មាន​ស្លាក​យីហោ​ជា​អក្សរ​ខ្មែរ​ផង​ដែរ។ ប៉ុន្តែ​ប្រជាជន​ខ្មែរ​ក៏​មាន​រស់​នៅ​​កន្លែង​ផ្សេង​ៗ​ទៀត​ ក្នុង​ប្រទេស​បារាំង​នោះ​​ដែរ​។

 

 

 

សហគមន៍​ខ្មែរ​​នៅ​កាណាដា​ ប្រជាជន​ខ្មែរ​រស់​នៅ​ប្រទេស​កាណាដា​ អ្នក​ខ្លះ​កើត​នៅ​ទី​នោះ​ ប៉ុន្តែ​អ្នក​ខ្លះ​ទៀត​គឺ​ទៅ​ពី​ប្រទេស​កម្ពុជា។ នៅ​ក្នុង​​ជំរឿន​ឆ្នាំ​២០១១​ បង្ហាញ​ថា​ មាន​ប្រជាជន​ខ្មែរ​ប្រមាណ​ជា​៣៤​ ៣៤០​ ឬ​ស្មើ​នឹង​០,១​ភាគ​រយ​នៃ​ប្រជាជន​ទាំង​អស់​​ក្នុង​ប្រទេស​កាណាដា។  ចំនួន​ប្រជាជន​ខ្មែរ​ភាគ​ច្រើន​គឺ​រស់​នៅ​ក្នុង​សង្កាត់​ Jane and Finch​ នៃ​ទីក្រុង​ Toronto។ ប៉ុន្តែ​ក្រៅ​ពី​នេះ​ ប្រជាជន​ខ្មែរ​ក៏​មាន​រស់​នៅ​ទីក្រុង​ Montreal​ ខេត្ត​ Quebec, ​ខេត្ត​Ontario,​ និង​ខេត្ត​ Alberta ​ផង។

 

 

 

សហគមន៍​ខ្មែរ​​នៅ​អូស្ត្រាលី​ រដ្ឋាភិបាល​អូស្ត្រាលី​បាន​អនុញ្ញាត​ឲ្យ​ជនភៀសខ្លួន​ខ្មែរ​១០​ ០០០​នាក់​មក​តាំង​ទី​លំនៅ​របស់​ខ្លួន​ក្នុង​ទីក្រុង​ និង​រដ្ឋ​ផ្សេង​ៗ​នៅ​ទូទាំង​ប្រទេស​ ក្នុង​សម័យ​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា។ សហគមន៍​ខ្មែរ​ធំ​ៗ​ឃើញ​មាន​ចាក់​ឫស​នៅ​ទី​ក្រុង​​Sydney​ ក្នុង​រដ្ឋ​ New South Wales​ និង​ រដ្ឋ​ Victoria។  បើ​យោង​តាម​ការ​ស្ទង់​មតិ​របស់​រដ្ឋាភិបាល​​អូស្ត្រាលី​តាំង​ពី​ឆ្នាំ​២០០៦​ មាន​ប្រជាជន​ខ្មែរ​សរុប​២៥​ ៥៤៩​នាក់​រស់​នៅ​ក្នុង​ប្រទេស​នេះ។

 

-អាន​អត្ថបទ៖ សត្វ​ពីរ​ប្រភេទ​សំបូរ​នៅ​កម្ពុជា​ តែ​ឈ្មោះ​វា​តំណាង​ឱ្យ​ប្រទេស​គេ​ទៅ​វិញ

 

 

ប្រភព៖ patronsaintofcheese, xineurope,

upmagazine, wanderlustandlipstick, Khmer abroad