មុនឈានដល់ចំណុចកំពូលរ៉ាំបូធ្លាប់ក្រដល់ថ្នាក់លក់ខ្ទេចខ្ទីសូម្បីសុនខ
- 2015-07-13 17:55:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុនឈានដល់ចំណុចកំពូលរ៉ាំបូធ្លាប់ក្រដល់ថ្នាក់លក់ខ្ទេចខ្ទីសូម្បីសុនខ
ចន្លោះមិនឃើញ
Sylvester Stallone ជាកំពូលតារាសម្ដែងជើងចាស់អាមេរិកដ៏មានកេរ្តិ៍ឈ្មោះ។ បច្ចុប្បន្ន មិនថាគាត់សម្ដែងរឿងអ្វីទស្សនិកជនតែងរង់ចាំតាមដានទស្សនា ហើយបើគិតពីទ្រព្យសម្បត្តិវិញគឺវាល់លានដុល្លារទៅហើយ (កាលពីឆ្នាំ ២០១៣ គេវាយតម្លៃថា ទ្រព្យសម្បត្តិរបស់គាត់មាន ២៧៥ លានដុល្លារ)។ តែមុននឹងដល់ចំណុចនេះគាត់ធ្លាប់ជួបជីវិតតោកយ៉ាកគ្រប់រសជាតិដែលអ្នកមិនបានដឹង។
នៅឆ្នាំ ១៩៧០ តារាដែលលេចមុខក្នុងស៊េរីរឿង "The Expendables" រូបនេះធ្លាក់ខ្លួនត្រូវគេបណ្ដេញចេញពី Apartment ក្នុងទីក្រុងញូវយ៉កដោយសារគ្មានប្រាក់បង់ឈ្នួលផ្ទះ។ គាត់បានទៅរស់នៅស្ថានីយរថយន្តក្រុង Port Authority អស់រយៈពេល ៣ សប្ដាហ៍ រហូតគេឲ្យសម្ដែងតួរាយរងក្នុងរឿងសម្បូរឈុតសិច "The Party at Kitty and Stud's” ដែលគាត់អាចទទួលបាន ២០០ ដុល្លារសម្រាប់ការថតពីរថ្ងៃ។
ការសម្ដែងនោះហើយដែលធ្វើឲ្យគាត់ចង់ចាប់អាជីពជាតារាសម្ដែងអាជីពម្នាក់។ គាត់បានចូលសម្ដែងជាតួរាយរងជាច្រើនដូចជា អ្នករាំអមឆាក និងក្មេងប៉ោឡែដែលគេមិនឲ្យតម្លៃ មុនពេលសម្ដែងជាតួរងក្នុងរឿង "Death Race 2000” ដែលមិនសូវជោគជ័យ។ ទោះជាយ៉ាងណា ការសម្ដែងទាំងនោះមិនជួយឲ្យជីវភាពគាត់ប្រសើរច្រើនឡើយ។ ដោយគ្មានលុយបង់ជាសមាជិកក្លឹបហាត់ប្រាណ ពេលយប់គាត់បានលួចចូលទៅកន្លែងចោលខ្មោចឡាន ទៅរើសយកបំណែករថយន្តផ្សេងៗគ្នាមកហាត់ដើម្បីឲ្យសាច់ដុំធំមាំល្អ។
បើទោះជាមានផ្ទះរស់នៅវិញ តែដើម្បីមានលទ្ធភាពបង់ថ្លៃឈ្នួលផ្ទះ គាត់បានធ្វើការងារប្លែកៗជាច្រើនដូចជា អ្នកលាងទ្រុងតោនៅសួនសត្វក្រុងញូវយ៉ក ជាងកាត់សក់រយៈពេលខ្លី និងធ្វើជាអ្នកនាំភ្ញៀវចូលកន្លែងអង្គុយនៅរោងភាពយន្តផង។ សូម្បីតែ គ្រឿងអលង្ការរបស់ប្រពន្ធក៏គាត់ប្រមូលលក់អស់ដែរដើម្បីបង់ឈ្នួលផ្ទះ ហើយដោយគ្មានលទ្ធភាពចិញ្ចឹមសុនខរបស់គាត់ឈ្មោះ Butkus គាត់បានលក់វានៅហាងស្រាមួយក្នុងឆ្នាំ ១៩៧៥ លក់ក្នុងតម្លៃ ៥០ ដុល្លារ។ ពេលលក់វាហើយ គាត់ដើរមកផ្ទះវិញយំតែឯងទាំងកណ្ដាលយប់។
ពីរសប្ដាហ៍បន្ទាប់ជា ការប្រកួតប្រដាល់ជាប្រវត្តិសាស្ត្ររវាងកំពូលអ្នកប្រដាល់អាមេរិក Muhammad Ali និង Chuck Wepner ដែលការប្រកួតនោះហើយដែលជំរុញចិត្ត Sly ឲ្យសរសេររឿងមួយមានចំណងជើងថា "Rocky” ដោយប្រើពេលត្រឹម ២០ ម៉ោងប៉ុណ្ណោះ។
តារាឧស្សាហ៍សម្ដែងឈុតវាយតប់រូបនេះ បានយកសាច់រឿងទៅបង្ហាញស្ទូឌីយោកុនជាច្រើន និងទទួលបានការចាប់អារម្មណ៍ខ្ពស់។ ដំបូងគេហ៊ានចំណាយទិញយកសាច់រឿងនោះក្នុងតម្លៃ ១២៥០០០ ដុល្លារ តែ Stallone ចង់បានច្រើនជាងនោះគឺ ចង់សម្ដែងដោយខ្លួនឯងផ្ទាល់។ ខាងស្ទូឌីយោបដិសេធដោយនិយាយថា គាត់គ្មានបទពិសោធន៍ តុងនិយាយចម្លែកខុសពីគេមិនពីរោះស្តាប់ ដូច្នេះគេចង់បានតួល្បីស្រាប់មកសម្ដែងជាតួ Rocky ជំនួស។ គាត់បានបដិសេធមិនយកប្រាក់នោះ។ ដោយសារសាច់រឿងល្អ ខាងស្ទូឌីយោបានមកចង់ទិញម្ដងជាពីរដងដោយបង្កើនតម្លៃរហូតដល់ ៣៥០ ០០០ ដុល្លារតែគាត់នៅតែមិនព្រមលក់។ ដោយធ្វើគ្រប់យ៉ាងនៅតែមិនអាចបន្ទន់ជំហររបស់ Stallone ចុងក្រោយខាងស្ទូឌីយោព្រមទិញរឿងក្នុងតម្លៃ ៣៥០ ០០០ ដុល្លារ និងយក Stallone ជាតួសម្ដែងផ្ទាល់។
Stallone ក្នុងរឿង "Rocky"
ពេលបានលុយភ្លាមអ្វីដែលគាត់ធ្វើដំបូងគេ គឺដើររកទិញសុនខសំណព្វចិត្តមកវិញ។ គាត់បានទៅចាំនៅហាងស្រាដែលគាត់លក់វាចេញ រយៈពេលបីថ្ងៃរហូតជួបបុរសដែលទិញឆ្កែគាត់ និងសុំទិញយកមកវិញ។ ដំបូងគាត់បានឲ្យតម្លៃ ១០០ ដុល្លារ តែបុរសនោះមិនព្រមលក់ បន្ទាប់មកទៀតគាត់ឲ្យឡើងរហូតដល់ ១ ពាន់ដុល្លារ ក៏នៅតែមិនព្រមលក់។ ដោយចង់បានពេក គាត់ហ៊ានចំណាយបីពាន់ដុល្លារទិញយកសត្វចិញ្ចឹមដែលលក់ចេញក្នុងតម្លៃត្រឹម ៥០ ដុល្លារមកវិញ (ខ្លះថា គាត់ឲ្យដល់ ១៥០០០ ដុល្លារ)។
ងាកមក រឿង "Rocky” ដែលនិពន្ធ និងសម្ដែងដោយ Stallone វិញបានទទួលប្រជាប្រិយភាពជាខ្លាំងនៅពេលនោះ ដោយក្នុងឆ្នាំនោះរឿងនេះឈ្នះពានពីកម្មវិធី Academy Awards ដល់ទៅ ១០ ពានផ្សេងគ្នាដូចជា ពានតួសម្ដែងល្អបំផុត ពានអ្នកដឹកនាំរឿងល្អបំផុត ពានរឿងល្អបំផុត ។ល។
ចាប់តាំងពីពេលនោះ មកកេរ្តិ៍ឈ្មោះរបស់ រ៉ាំបូត្រូវបានគេទទួលស្គាល់រហូតមកដល់សព្វថ្ងៃ៕
អាន៖ មើលរឿង ឈិន ឡុងច្រើន តែដឹងរឿងដំបូងរបស់គាត់នៅហូលីវូដចំណងជើងអ្វីទេ?
ប្រែសម្រួល៖ សីហា ប្រភព៖ elitedaily