ស្មាន​តែ​គេង​យំ​តែ​ខ្ញុំ​​ នាង​ក៏​គេង​យំ​ដែរ!

  • 2014-09-16 19:22:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សួស្ដី ​បង​ Sabay​ និង​មិត្ត​អ្នក​ស្ដាប់​ទាំងអស់​គ្នា​ជាទី​រាប់អាន។ ខ្ញុំ​គិត​ថា​ យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​ធ្លាប់​ដឹង​ និង​ធ្លាប់​ឮ​អំពី​ស្នេហា។ ដោយ​ឡែក​សម្រាប់​ខ្ញុំ​វិញ​ ក៏បាន​ឆ្លង​កាត់​ស្នេហា​មួយ​ផង​ដែរ​ ដែល​ស្នេហា​មួយ​នេះ​ ធ្វើ​ឲ្យ​ខ្ញុំ​បំភ្លេច​មិន​បាន​រហូត​មក​ដល់​ពេល​នេះ ។

 

រូប​តំណាង​

 

ខ្ញុំ​បាទ​ឈ្មោះ​ រិត​ ដែល​បាន​​ប្រលង​ជាប់​បាក់ឌុប​ពី​ខេត្ត​មក​ ហើយ​ក៏​បាន​ផ្លាស់​ប្ដូរ​ទីលំនៅ​មក​រស់នៅ​រាជ​ធានី​ភ្នំពេញ​ ដើម្បី​បន្ត​ការ​សិក្សា។ នៅ​ពេល​ព្រឹក​ ខ្ញុំបាទ​បាន​សិក្សា​នៅ​វិទ្យាស្ថាន​ស៊ីតិក​ ផ្នែក​MIS​ ជា​ហេតុ​ធ្វើឲ្យ​ខ្ញុំ​មាន​ពេលទំនេរ​ច្រើន​ ទើប​សម្រេច​ចិត្ត​រៀន​ភាសា​អង់គ្លេស​ក្រៅ​ម៉ោង​នៅ​សាកល​វិទ្យាល័យ​មេគង្គ​ កម្ពុជា។ ទី​នោះ​ហើយ​ជា​កន្លែង​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​បាន​ជួប​នាង។ ខ្ញុំ​បាន​ចាប់​អារម្មណ៍​នាង​តាំង​ពី​បាន​ជួប​ដំបូង​ តែ​មិន​ហ៊ាន​វាចា​ឈ្មោះ​របស់​នាង​ ដែល​​ជា​កូន​អ្នក​ភ្នំពេញ​​ម្នាក់​នោះ​ទេ។ ដោយសារ​តែ​ភាព​ជា​យុវវ័យ​ផង និង​ការ​ស្រលាញ់​ខ្លាំង​ផង​ ធ្វើ​ឲ្យ​ខ្ញុំ​ហ៊ាន​សុំ​លេខ​ទូរសព្ទ​នាង​ទៀត​ផង ។

 

នាងជា​មនុស្ស​ដែល​រួសរាយ​រាក់ទាក់​ ញញឹម​ស្រស់​ គួរ​ឲ្យ​ស្រលាញ់​ ចំណែក​ឯ​ការ​តុបតែង​ខ្លួន​វិញ គឺ​ត្រូវ​ចិត្ត​ខ្ញុំ​តែ​ម្ដង។ ពួក​យើង​តែងតែ​ជួប​គ្នា​នៅ​ពេល​ល្ងាច​ និង​ផ្ញើ​សារ​រក​គ្នា​ជា​រៀង​រាល់​យប់។

 

ស្នេហា​ពួក​យើង​ក៏​បាន​រីក​ ចម្រើន​បន្តិច​ម្ដង​ៗ ​ប៉ុន្តែ​ក៏​មាន​បញ្ហា​ជា​ច្រើន​ផង​ដែរ។ ពេល​ខ្លះ​ដោយសារ​តែ​នាង​មាន​អាយុ​ច្រើន​ជាង​ខ្ញុំ​២​ទៅ​៣​ឆ្នាំ​ ហើយ​នាង​ជា​កូន​ពៅ​ផង​ ដូច្នេះ​ខ្ញុំ​តែងតែ​ញ៉េះញ៉ោះ​នាង ​ជា​ហូរហែ។ ពេលខ្លះ​ពួក​យើង​ក៏បាន​ទាស់​សម្ដី​គ្នា​ ដោយសារ​តែ​រឿង​គ្រួសារ, មិត្តភ័ក្ដិ, ​មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន​នាង​ និង​មនុស្ស​ដទៃ​ទៀត​ ព្រោះ​ស្នេហា​មួយ​នេះ​ គេ​ព្យាយាម​លាក់​បាំង​ រហូត​ក្លាយ​ជា​ទម្លាប់​ ទើប​ខ្ញុំ​តាំង​ចិត្ត​ឈប់​រំឭក​វា​ទៀត​ ព្រោះ​នៅ​ពេល​ដែល​ខ្ញុំ​រំឭក​ ពួក​យើង​តែងតែ​ឈ្លោះ​គ្នា។

 

-អាន​អត្ថបទ៖ ខ្ញុំ​ខុស​ទេ​ស្រឡាញ់​មនុស្ស​ពីរ​នាក់​ ម្នាក់​គេង​ជាមួយ​គ្នា​​៣​​ឆ្នាំ​ និង​ម្នាក់​ទៀត​ប្ដី​គេ?

 

រឿង​រ៉ាវ​ជា​ច្រើន​ក៏បាន​កើត​ឡើងជា​ហូរហែ​ ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដោយសារ​ខ្ញុំ​​ស្រលាញ់​គេ​ ​ច្រើន​ជាង​គេ​ស្រលាញ់​ខ្ញុំ​ ទើប​វា​លំបាក​ដល់​ថ្នាក់​នេះ។​ ខ្ញុំ​ចាំ​បាន​កាល​ថ្ងៃ​១៤​កុម្ភៈ​ ឆ្នាំ​២០១១​ ខ្ញុំ​បាន​ទិញ​កាដូ​ជូន​នាង​ជា​លើក​ដំបូង​ ចៃដន្យ​ម៉ូតូ​ខ្ញុំ​បែក​កង់​ ដូច្នេះ​ខ្ញុំ​ត្រូវ​ជិះ​ទាំង​បែក​កង់​ពី​ជម្ពូវ័ន​ រហូត​ដល់​ផ្សារ​ហេងលី​ ព្រោះ​ពេល​វេលា​មាន​កំណាត់។ បើ​ខ្ញុំ​នៅ​ប៉ះ​កង់​ ប្រាកដ​ជា​ហួស​ពេល​ជាក់​ជា​មិន​ខាន។

មាន​ពេល​ខ្លះ​ មាន​លុយ​ក្នុង​ហោប៉ៅ​ តែ​៧០០០​រៀល​ ប៉ុន្តែ​ត្រូវ​ទិញ​មី​ឆា​ឲ្យ​នាង​ ព្រោះ​នាង​ចូល​ចិត្ត​មីឆា​ ហើយ​នៅ​សល់​តែ​១០០០​រៀល​ ពេល​ខ្លះ​អស់​សាំង​ម៉ូតូ​ក៏​មាន ។ ពេល​វេលា​ក៏​កាន់​តែ​យូរ​ទៅ​ៗ ខ្ញុំ​ក៏​មាន​ការងារ​ធ្វើ​ក្រៅ​ម៉ោង​ ដោយ​ទទួល​បាន​ប្រាក់​ខែ​៥០ដុល្លារ​ ប៉ុន្តែ​ខ្ញុំ​មិន​ដែល​ចាយ​ទេ។ ខ្ញុំ​តែង​តែ​ឲ្យ​នាង​ទាំង​អស់​ ហើយ​ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ ព្រោះ​ខ្ញុំ​បាន​ជួយ​នាង។

 

សរុប ​មក​ រហូត​មក​ដល់​ពេល​នេះ​ ពួក​យើង​ស្គាល់​គ្នា​បាន​ប្រហែល​ជិត​៣​ឆ្នាំ​ហើយ​ គឺ​តាំង​ពី​ថ្ងៃ​ ១៧ ខែ​មករា​ ​ឆ្នាំ​២០១១ ​(ថ្ងៃ​ផ្ដើម​ស្នេហ៍)​ ដូច្នេះ​ វា​ពោរ​ពេញ​ទៅ​ដោយ​រឿងរ៉ាវ​ជា​ច្រើន ​មាន​ទាំង​ផ្អែមល្ហែម​ ល្វីង​ជូរចត់​ និង​រសជាតិ​ផ្សេង​ទៀត​ ប៉ុន្តែ​ខ្ញុំ​ឆ្ងល់​ ហេតុ​អ្វី​បាន​ជា​រសជាតិ​ផ្អែម​មាន​តិច​ម្ល៉េះ? ជា​លទ្ធផល​ចុង​ក្រោយ​ ដែល​ខ្ញុំ​ទទួល​បាន​ពី​ការ​ប្រឹងប្រែង​អស់​ពី​កម្លាំង​កាយ​ កម្លាំង​ចិត្ត​ និង​ការ​លះបង់​ដោយ​គ្មាន​ដែន​កំណត់​ គឺ​​ការ​ឈឺ​ចាប់​គ្មាន​​ពេល​ស្រាក​ស្រាន្ត​​​​ទៅ​វិញ​ ដោយសារ​នាង​ត្រូវ​ភ្ជាប់​ពាក្យ​ជាមួយ​បុរស​ម្នាក់​​ផ្សេង។

 

ទោះ​បី​ជា​រឿង​ដើរ​ដល់​ដំណាក់​កាល​នេះ​ក៏​ដោយ​ ក៏​នាង​នៅ​តែ​មិន​ប្រាប់​ខ្ញុំ​ ហើយ​មិន​សុំ​ខ្ញុំ​បែក​ទៀត​ ប៉ុន្តែ​នាង​ព្យាយាម​ដក​ខ្លួន​ចេញ​ពី​ខ្ញុំ​ និង​បញ្ចេញ​ឫកពា​ប្លែក​ៗ​ រហូត​ដល់​ខ្ញុំ​ទ្រាំ​មិន​បាន​ ទើប​ខ្ញុំ​សម្រេច​ចិត្ត​ Call ​ទៅ​សួរ​ តែ​នាង​មិន​ព្រម​លើក​ទូរសព្ទ​សោះ។ ខ្ញុំ​ក៏​បាន​ផ្ញើ​សារ​ថា​ “សុំ​រំខាន​តែ​១០​នាទី​ទេ” ទើប​នាង​ព្រម​លើក​ទូរសព្ទ។ នាង​បាន​និយាយ​ប្រាប់​ខ្ញុំ​ថា៖ “ ខ្ញុំ​នឹង​ត្រូវ​ភ្ជាប់​ពាក្យ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ហើយ។ ឈប់​មក​រំខាន​ខ្ញុំ​ទៀត​ សូម្បី​ Call​​ ឬ​ SMS​ ក៏​ដោយ​ ខ្ញុំ​រក​ឃើញ​សុភមង្គល​ខ្ញុំ​ហើយ”។

 

 

មួយឃ្លា​នេះ​ប្រៀប​ដូច​ជា​ត្រូវ​គេ​ចាក់​មួយ​កាំបិត​ពី​ក្រោយ​ខ្នង​ ពិត​ជា​ឈឺ​ចាប់​ខ្លាំង​ណាស់​ ប៉ុន្តែ​រឿង​ដែល​ហួស​ចិត្ត​បំផុត​ ត្រូវ​នឹង​អ្វី​ដែល​នាង​បាន​និយាយ​មែន​ គឺ​៤​ថ្ងៃ​ក្រោយ​មក​ នាង​ត្រូវ​ភ្ជាប់​ពាក្យ​មែន។ ទោះ​បី​ជា​គេ​ធ្វើ​បែប​នេះ​ដាក់​ខ្ញុំ​ក៏​ដោយ​ ក៏​ខ្ញុំ​មិន​ដែល​ខឹង​នឹង​គេ​ដែរ​ ព្រោះ​ខ្ញុំ​គិត​ថា​ គេ​ក៏​មិន​ចង់​ដែរ។ ប្រហែល​ជា​ត្រូវ​ប៉ា​ម៉ាក់​បង្ខំ​ ដូច្នេះ​ខ្ញុំ​មិន​ដែល​ទៅ​រំខាន​នាង​ទៀត​ទេ​ ទោះបីជា​នឹក​ បាន​ត្រឹម​គេង​យំ​ម្នាក់​ឯង។ ស្ដាប់​ទៅ​វា​ដូច​ជា​រឿង​មួយ​ដែល​អាម៉ាស់​បំផុត ប្រៀប​ដូច​ជា​អត្ថន័យ​នៃ​បទ​ចម្រៀង​ “សង្សារ​ខ្ញុំ​ប្រពន្ធ​គេ”​ និង​“គ្មាន​ថ្ងៃ​បាន​ធ្វើ​ប្រពន្ធ​បង​ទេ”។

 

រហូត​មក​ដល់​ពេល​នេះ​ នាង​បាន​ភ្ជាប់​ពាក្យ​ប្រហែល​៣ខែ​ហើយ​ ប៉ុន្តែ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ នាង​បាន​ផ្ញើ​សារ​មក​ឲ្យ​ខ្ញុំ​ថា​ នាង​នឹក​ខ្ញុំ, ​ចង់​ជួប​ខ្ញុំ, ចង់​ធ្វើ​មិត្ត​ជាមួយ​ខ្ញុំ​ និង​យំ​រាល់​យប់​ដោយសារ​ខ្ញុំ។

 

ខ្ញុំ​បាន​ព្យាយាម​បំភ្លេច​នាង​ ប៉ុន្តែ​នៅ​ពេល​ដែល​ខ្ញុំ​បាន​ឃើញ​សារ​នេះ​ ខ្ញុំ​មាន​អារម្មណ៍​ដូចជា​មិន​សូវ​ស្រួល​សោះ។ ខ្ញុំ​មាន​ចម្ងល់​ខ្លះ​ ចង់​សួរ​ទៅ​មិត្ត​អ្នក​ស្ដាប់​ទាំង​អស់​គ្នា​ថា៖

 

១) ហេតុអ្វី​បាន​ជា​នាង​មិន​បាន​ប្រាប់​ពី​រឿង​ភ្ជាប់​ពាក្យ​ និង​បញ្ចប់​វា​ដោយ​ឃោរ​ឃៅ​បែប​នេះ? តើ​នាង​មាន​បាន​ទុក​ខ្ញុំ​នៅ​ក្នុង​ចិត្ត​ដែរ​អត់? ២) តើ​គួរ​ធ្វើ​ជា​មិត្តភ័ក្ដិ​របស់​នាង​ ឬ​ក៏​អត់?

 

សូម​អរគុណ !!!

 

ពី​ខ្ញុំ​ រិត​ រូប​ភាព៖ Polyvore

 

ប្រសិនបើ ​ប្រិយមិត្ត​ មាន​បញ្ហា​​ស្នេហា​ដែល​​​ចង់​ចែក​រំលែក​ដល់​មិត្ត​អ្នក​អាន​បាន​ជា​បទ​ ពិសោធន៍ ឬ​ជួយ​​ជា​យោបល់​ក្នុង​ការ​ដោះ​ស្រាយ​ សូម​ផ្ញើ​អត្ថបទ​រឿង​រ៉ាវពិតរបស់​​​​​ ​អ្នក​មក​កាន់​ may.soklim@cidc.com.kh។ ឬ​អ្នក​​អាច​ទូរសព្ទ​មក​យើង ០១៦​ ៧៩២​ ១៥១។  Sabay នឹង​ចុះ​​ផ្សាយ​​ជូន។

អត្ថបទថ្មី