ស៊ន​ ដាវីន​ រៀប​រាប់​ពី​​ចំណង​ស្នេហ៍​ជាមួយ​ វ៉ន​ វីវ៉ា​

  • អង្គារ, 14 តុលា 2014 14:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​តេក្វាន់ដូ​ជម្រើស​ជាតិ​កម្ពុជា​ ស៊ន ដាវីន​ និង​អ្នក​ប្រដាល់​ជើង​ខ្លាំង​ទម្ងន់​ធ្ងន់​របស់​កម្ពុជា​ វ៉ន​ វីវ៉ា​ បាន​បង្ហាញ​ជា​ផ្លូវ​ការ​ហើយ​នូវ​ពិធី​ភ្ជាប់​ពាក្យ​របស់​គេ​ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​១២​ ខែ​តុលា​ ឆ្នាំ​២០១៤​ ​នេះ។ ចង់​ដឹង​សាមី​ខ្លួន​ខាង​ស្រី​ ស៊ន​ ដាវីន​ និយាយ​អ្វី​ខ្លះ​ពី​រឿង​ស្នេហា​របស់​ខ្លួន​ជាមួយ​ វ៉ន​ វីវ៉ា​ មុន​ពេល​ឈាន​ដល់​ដំណាក់​កាល​នេះ។

 

ម្ចាស់​មេដាយ​ប្រាក់​កីឡា​ស៊ីហ្គេម​ ស៊ន​ ដាវីន​ បាន​លើក​ឡើង​ថា​ រូប​នាង​ និង​លោក​ វ៉ន​ វីវ៉ា​ បាន​ស្គាល់​គ្នា​ និង​ចាប់​ផ្ដើម​រាប់​អាន​គ្នា​ កាល​ពី​ទៅ​ចូល​រួម​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០១១​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​មក​ម្ល៉េះ​ ប៉ុន្តែ​កាល​នោះ​គ្រាន់​តែ​ជា​ទំនាក់​ទំនង​ធម្មតា​តែ​ប៉ុណ្ណោះ។ បន្ទាប់​ពី​នោះ​មក ​អ្នក​ទាំង​ពីរ​តែង​តែ​លេង​ឆាត​តាម​ហ្វេសប៊ុក​ ជា​ពិសេស​និយាយ​លើក​ទឹក​ចិត្ត​ និង​ជូន​ពរ​គ្នា​មុន​ឡើង​ប្រកួត​ជា​ដើម។

 

និយាយ​ពី​ទំនាក់​ទំនង​ស្នេហា​វិញ​ ដាវីន​ បាន​លើក​ឡើង​ថា​ នាង​និង​លោក​ វ៉ន​ វីវ៉ា​ ទើប​តែ​ចាប់​ផ្ដើម​ស្រឡាញ់​គ្នា​បាន​តែ​មួយ​ឆ្នាំ​ប៉ុណ្ណោះ​គឺ​នៅ​ថ្ងៃ​ខួប​កំណើត​របស់​ប្អូន​ស្រី​នាង​ កញ្ញា​ ស៊ន​ សៀវម៉ី​ ម្ចាស់​មេដាយ​មាស​ Asian Games 2014។ «ខ្ញុំ​លេង​ឆាត​មួយ​គាត់​យូរៗ​ទៅ​ក៏​ចាប់​ផ្ដើម​មើល​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ ហើយ​ក៏​យល់​ចិត្ត​គ្នា​ អាច​រស់​នៅ​មួយ​គ្នា​បាន។ ពួក​យើង​ស្រឡាញ់​គ្នា​ដោយ​អារម្មណ៍​ទាំង​ពីរ​នាក់​តែ​ម្ដង»។ នេះ​ជា​ការ​បញ្ជាក់​របស់​ ដាវីន។

 

កីឡា​ការិនី​កម្ពស់​ខ្ពស់​រូប​នេះ​បាន​បន្ថែម​ថា​ តាំង​ពី​ចាប់​ផ្ដើម​ស្រឡាញ់​គ្នា​ជាមួយ​លោក​ វ៉ន​ វីវ៉ា​ មក​ អ្នក​ទាំង​ពីរ​មិន​ដែល​ទាស់​ទែង​ពាក្យ​សម្ដី​ ឬ​ឈ្លោះ​ប្រកែក​គ្នា​ម្ដង​ណា​ឡើយ។

 

ងាក​ទៅ​ផ្ដោត​លើ​អាពាហ៍ពិពាហ៍​វិញ​ ដាវីន​ប្រាប់​ថា៖ «ម៉ាក់​អត់​ទាន់​ដេញ​វេលា​ផង​ តែ​គ្រោង​នឹង​រៀប​ការ​នៅ​ដើម​ឆ្នាំ​ក្រោយ​បង»។ នាង​បន្ត​ថា​ រូប​នាង​ផ្ទាល់​ និង​ក្រុម​គ្រួសារ​មិន​ជឿ​លើ​អបិយជំនឿ​ ឬ​ការ​មើល​ខែ​ឆ្នាំ​ត្រូវ​គ្នា​ ល្អ​ឬ​មិន​ល្អ​យ៉ាង​ណា​នោះ​ទេ​ ពីព្រោះ​មាន​គូស្រករ​ខ្លះ​ខែ​ឆ្នាំ​ល្អ​ ប៉ុន្តែ​ក្រោយ​រៀប​ការ​រួច​នៅ​តែ​បែក​គ្នា​ដដែល​ រីឯ​ម្ដាយ​របស់​នាង​គ្រាន់​តែ​ចង់​បាន​ថ្ងៃ​ល្អ​ដើម្បី​រៀប​អាពាហ៍ពិពាហ៍​ឲ្យ​អ្នក​ទាំង​ពីរ​តែ​ប៉ុណ្ណោះ។

 

ផ្ដោត​ទៅ​លើ​ថ្លៃ​បណ្ដាការ​វិញ​ កូន​ស្រី​នៃ​គ្រួសារ​ដែល​មាន​កម្ពស់​ខ្ពស់​រូប​នេះ​មិន​បាន​បញ្ជាក់​យ៉ាង​ណា​នោះ​ទេ​ ដោយ​បាន​រុញ​ឲ្យ​ទៅ​មើល​លើ​ទំព័រ​ហ្វេសប៊ុក​របស់​​ខ្លួន​ និង​អ្នក​ពាក់ព័ន្ធ​ដើម្បី​ស្វែង​យល់​ដោយ​ខ្លួន​ឯង។ បើ​ផ្អែក​តាម​ហ្វេសប៊ុក​របស់​ វ៉ន​ វីវ៉ា​ ដែល​បាន​បង្ហោះ​រូប​ភាព​ពិធី​ភ្ជាប់​ពាក្យ​ជា​ច្រើន​សន្លឹក​ក្នុង​នោះ​ក៏​មាន​រូប​ភាព​មួយ​បាន​បង្ហាញ​ពី​ចិញ្ចៀន​ពីរ​វង់​ និង​ក្រដាស​ប្រាក់​១០០​ដុល្លារ​ចំនួន​៧​ខ្ទាស់​នៅ​ក្នុង​ពិធី​ភ្ជាប់​ពាក្យ​នេះ​ផង​ដែរ​ ដែល​នេះ​ប្រហែល​ជា​ចំណុច​ដែល​សាមី​ខ្លួន​ចង់​បង្ហាញ​ពី​ថ្លៃ​បណ្ដាការ​ហើយ៕

 

 

អត្ថបទ៖ អៀង សូទ្រី រូបថត៖ ស៊ន ដាវីន