អេ ភូថង រំភើបស្ទើរស្រក់ទឹកភ្នែក ពេលដឹងថា ព្រះសង្ឃនឹងជួយឧបត្ថម្ភ
- 2015-07-17 23:57:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អេ ភូថង រំភើបស្ទើរស្រក់ទឹកភ្នែក ពេលដឹងថា ព្រះសង្ឃនឹងជួយឧបត្ថម្ភ
ចន្លោះមិនឃើញ
អតីតកីឡាករប្រដាល់ដ៏ល្បី អេ ភូថង និងភរិយាបានបង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង បន្ទាប់ពីទទួលបានដំណឹងថា មានព្រះតេជគុណមួយអង្គចង់ជួយឧបត្ថម្ភដល់ជីវភាពរបស់នៅ និងក្លិបកីឡាប្រដាល់របស់លោក។
កាលពីពេលថ្មីនេះព្រះតេជគុណ សាន សុជា បានផ្ញើសារតាមបណ្តាញសង្គម Facebook ដល់លោក អេ ភូថងឲ្យមកទទួលការឧបត្ថម្ភពីព្រះអង្គតាមលទ្ធភាព បន្ទាប់ពីព្រះអង្គរំភើបចិត្តនឹងការតស៊ូរបស់អតីតកីឡាករប្រដាល់រូបនេះដើម្បីនាំកិត្តិយស កេរ្តិ៍ឈ្មោះជូនជាតិ ប៉ុន្តែជីវភាពគ្រួសាររបស់លោកនៅតែលំបាក។
អ្នកស្រី សំាង សុម៉ាលី ភរិយារបស់អេ ភូថងបានទម្លាយឲ្យដឹងថា ជីវិតគ្រួសាររបស់អ្នកស្រីជួបការលំបាកខ្លាំងណាស់។ ពេលមួយពួកគាត់ទាំងពីរធ្លាប់បានយកពានដែលប្តីប្រកួតឈ្នះពីការប្រកួតទៅលក់នៅផ្សារធំថ្មីដើម្បីបានប្រាក់ចិញ្ចឹមគ្រួសារ ប៉ុន្តែគេមិនទិញ ពីព្រោះគេនិយាយថា ជាវត្ថុគ្មានតម្លៃ។
លើសពីនេះទៀត ពួកគាត់បានយកលុយប្រហែល១០០ដុល្លារក្រោយការប្រកួតទៅទិញទូដាក់ខោអាវ ប៉ុន្តែដើម្បីយកប្រាក់ទិញម្ហូបពួកគាត់បានយកទូនោះទៅលក់វិញ បើទោះបានតម្លៃថោកជាងពាក់កណ្ដាលយ៉ាងណាក៏ដោយ។ អ្នកស្រីបញ្ជាក់ថា នេះគ្រាន់តែចំណុចមួយប៉ុណ្ណោះ តាមពិតពួកគាត់នៅមានបញ្ហាលំបាកជាច្រើនទៀត។
បន្ទាប់ពីទទួលបានដំណឹងនេះ លោក អេ ភូថង បាននិយាយថា លោករំភើបស្ទើរស្រក់ទឹកភ្នែក រកអ្វីប្រៀបផ្ទឹមពុំបានឡើយដែលព្រះតេជគុណជួយឧបត្ថម្ភគាំទ្រដល់គ្រួសារលោក។ នេះជាលើកទីមួយហើយដែលមានគេជួយឧបត្ថម្ភ ចាប់តាំងពីលោកបានបើកក្លិបប្រដាល់។
សព្វថ្ងៃ លោក អេ ភូថង និងភរិយាកំពុងធ្វើជាចៅក្រម អាជ្ញាកណ្តាល និងគ្រូបង្ហាត់ដើម្បីទទួលបានប្រាក់កម្រៃប្រចាំថ្ងៃ យកមកចិញ្ចឹមគ្រួសារ ព្រមទាំងផ្គត់ផ្គង់ក្លិបកីឡាប្រដាល់ថែមទៀត៕
សូមទស្សនាវីដេអូ លោក ភេ អូថង និងភរិយារៀបរាប់ពីការលំបាក
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា