បង្គា​ចាក់​បញ្ចូល​ជ័រ​មាន​ដាក់​លក់​លើ​ទីផ្សារ​ចិន

  • 2015-07-18 00:04:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​មាន​រឿង​អាស្រូវ​ទាក់​ទង​នឹង​សាច់​ជ្រូក​ច្រក​​ទឹក សាច់​ហួស​កាល​កំណត់ ៤០​ឆ្នាំ និង​ឈាម​ទា​ក្លែង​ក្លាយ ពេល​នេះ​ប្រទេស​ចិន​បាន​ប្រទះ​រឿង​នឹក​ស្មាន​មិន​ដល់​មួយ​ទៀត គឺ​បង្គា​ចាក់​បញ្ចូល​ជ័រ​ដាក់​លក់​លើ​ទីផ្សារ។

 

 

អាជីវករ​ម្នាក់​នៅ​ខេត្ត Zhejiang ប្រទេស​ចិន​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត បន្ទាប់​ពី​ប្រទះ​ឃើញ​បង្គា​មួយ​ចំនួន​នៅ​ក្នុង​ហាង​មាន​ចាក់​បញ្ចូល​ជ័រ​​អន្ធិល​ម្យ៉ាង​ធ្វើ​ពី​ឆ្អឹង។ បង្គា​ទាំង​នេះ ត្រូវ​នារី​ឈ្មោះ Zheng ទិញ​បាន​នៅ​ផ្សារ​មួយ​ក្នុង​ក្រុង Wenzhou។

 

នារី​រូប​នេះ​បាន​ប្រទះ​ឃើញ​សារជាតិ​ម្យ៉ាង​ដូច​ចាហួយ​ហូរ​ចេញ​ពី​ក្បាល និង​ខ្លួន​បង្គា។ នាង​មិន​ច្បាស់​ថា​វា​អាច​ទទួល​បាន​​ឬ​អត់​នោះ​ទេ ព្រោះ​មិន​ហ៊ាន​សាកល្បង។ Zheng បាន​ប្រាប់​រឿង​នេះ​ដល់​បណ្ដាញ​សារព័ត៌មាន ហើយ​អាជ្ញាធរ​ក៏​បាន​បើក​ការ​ស៊ើប​អង្កេត​ភ្លាមៗ។

 

មនុស្ស​មួយ​ចំនួន​ជឿជាក់​ថា សារជាតិ​ដែល​គេ​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​ច្បាស់​នេះ គឺ​ជា​ជាតិ​ជ័រ​អន្ធិល​ៗ​ធ្វើ​ពី​ឆ្អឹង ចំណែក​ឯ​អ្នក​ផ្សេង​ទៀត​ព្រួយ​បារម្ភ​ថា វា​អាច​ជា​ជ័រ​ប្លាស្ទិក។ អ្នក​លក់​បង្គា​បាន​អះអាង​ថា ខ្លួន​មិន​ធ្លាប់​បាន​ធ្វើ​រឿង​បែប​នេះ​ឡើយ ហើយ​ក៏​មិន​ស្គាល់​ថា​វា​ជា​អ្វី​ដែរ។ លោក​បាន​បញ្ជាក់​ថា អាហារ​សមុទ្រ​ទាំង​នេះ នាំ​ចូល​ពី​អ្នក​ចែកចាយ​ផ្សេង​ទៀត។ យ៉ាង​ណា​ក្ដី អ្នក​លក់​រូប​នេះ​ត្រូវ​ប៉ូលិស​នាំ​ខ្លួន​ទៅ​ធ្វើ​ការ​សាកសួរ។

 

 

អ្នក​លក់​គ្រឿង​សមុទ្រ​មួយ​ចំនួន​បាន​លាត​ត្រដាង​ថា បន្ទាប់​ពី​បង្គា​កក​ចាប់​ផ្ដើម​រលាយ​វិញ ខ្លួន​វា​នឹង​ស្ងួត​ហើយ​រួម​តូច ដូច​នេះ​ហើយ​ទើប​អ្នក​ខ្លះ​ចាក់​បញ្ចូល​ជ័រ​ដើម្បី​ឲ្យ​ទៅ​ឃើញ​ស្រស់​ល្អ និង​បង្កើន​ទម្ងន់៕

 

ចុចអាន៖ ស្រោម​អនាម័យ​ក្លែងក្លាយ​ជិត ៣៥​លាន​ស្រោម ត្រូវ​គេ​ចាប់​បាន

ចុចអាន៖ អង្ករ​ក្លែងក្លាយ​ធ្វើ​ពី​ប្លាស្ទិក​កំពុង​រីក​រាលដាល​​នៅ​​អាស៊ី

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ shanghaiist

អត្ថបទពេញនិយម
អត្ថបទថ្មី