អង្ករ​ក្លែងក្លាយ​ធ្វើ​ពី​ប្លាស្ទិក​កំពុង​រីក​រាលដាល​​នៅ​​អាស៊ី

  • 2015-05-21 16:12:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចេកវិទ្យា​កាន់​តែ​ទំនើប ទំនិញ​កាន់​តែ​សម្បូរ​បែប ប៉ុន្តែ​ចំណីអាហារ​ភាគ​ច្រើន​ត្រូវ​រង​ការ​វាយ​ប្រហារ​ដោយ​ជាតិ​គីមី និង​របស់​ក្លែង​ក្លាយ។ ពេល​នេះ​សារព័ត៌មាន Shanghaiist របស់​ប្រទេស​ចិន បាន​ចុះ​ផ្សាយ​ថា អង្ករ​ក្លែងក្លាយ​ធ្វើ​ពី​ប្លាស្ទិក​ដាក់​លើ​​​ទីផ្សារ​ចិន កំពុង​រីក​រាលដាល​ដល់​បណ្ដា​​ប្រទេស​នានា​នៅ​អាស៊ី ដូច​ជា ឥណ្ឌា ឥណ្ឌូណេស៊ី និង​វៀតណាម។

 

សារធាតុផ្សំ​អង្ករ​ប្លាស្ទិក

 

អង្ករ​ក្លែងក្លាយ ផ្សំ​ឡើង​ពី ដំឡូង​បារាំង ដំឡូង​ជ្វា និង​ប្រភេទ​ជ័រ​សំយោគ​មួយ​ចំនួន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​សារព័ត៌មាន International Business Times។ អង្ករ​ប្រភេទ​នេះ បាន​ចរាចរណ៍​ជា​យូរ​ណាស់​មក​ហើយ​​លើ​ទីផ្សារ​នានា​ក្នុង​ខេត្ត Taiyuan និង Shaanxi ដែល​មាន​លក្ខណៈ​ស្រដៀង​បេះ​បិទ​ទៅ​នឹង​អង្ករ​ធម្មជាតិ។

 

​អ្នក​ជំនាញ​ផ្នែក​សុខភាព បាន​ក្រើនរំលឹក​ថា ការ​ទទួល​ទាន​អង្ករ​ក្លែងក្លាយ​ប្រភេទ​នេះ អាច​បំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ​​ដល់​ប្រព័ន្ធ​រំលាយអាហារ។ យ៉ាង​ណា​មិញ អាជ្ញាធរ​មាន​សមត្ថកិច្ច បាន​ព្យាយាម​លុប​បំបាត់​ការ​ភ័យ​ខ្លាច​របស់​ប្រជាជន ចំពោះ​ព័ត៌មាន​ពី​អង្ករ​ក្លែង​ក្លាយ​លើ​បណ្ដាញ​​អ៊ីនធឺណិត។

 

​​​​​"ជា​ផ្នែក​មួយ​នៃ​ទម្លាប់​ត្រួត​ពិនិត្យ​របស់ AVA រាល់​អង្ករ​ដែល​នាំ​ចូល តែង​មាន​ការ​ពិនិត្យ​យ៉ាង​ល្អិត​ល្អន់ និង​វិភាគ​តាម​គំរូ ដើម្បី​បញ្ជាក់​ថា​វា​ស្រប​ទៅ​នឹង​ស្តង់ដារ​ចំណី​អាហារ ព្រម​ទាំង​តម្រូវ​ការ​នានា"។ នេះ​បើ​តាម​​អ្នក​នាំ​ពាក្យ​មក​ពី អាជ្ញាធរ​កសិកម្ម​ចំណីអាហារ និង​សត្វ​ចិញ្ចឹម (AVA) អះអាង​ប្រាប់​កាសែត The Straits Times របស់​ប្រទេស​សិង្ហបុរី បន្ទាប់​ពី​មាន​ពាក្យ​ចចាមអារ៉ាម​ថា​អង្ករ​ក្លែង​ក្លាយ​វាយ​លុក​ចូល​ប្រទេស​មួយ​នេះ។

 

ចំពោះ​ក្រសួង​កសិកម្ម​និង​កសិឧស្សាហកម្ម​របស់​ម៉ាឡេស៊ី​វិញ បាន​បដិសេធ​ស្រដៀង​គ្នា​ទៅ​នឹង​ប្រទេស​សិង្ហបុរី​ថា មិន​បាន​ទទួល​របាយការណ៍​ពី​អង្ករ​ក្លែងក្លាយ​ពី​ប្លាស្ទិក​នេះ​ទេ។ ទោះ​យ៉ាង​ណា ក្រសួង​បាន​បញ្ជាក់​ថា ប្រសិន​បើ​អង្ករ​ក្លែងក្លាយ​ចូល​ដល់​ប្រទេស​ម៉ាឡេស៊ី​មែន​នោះ វា​អាច​លក់​តាម​នៅ​តាម​ហាង​តូច​ៗ​ប៉ុណ្ណោះ មិន​អាច​ឈាន​ដល់​ផ្សារ​ទំនើប​ទេ។ ​

 

 បាយ​ដែល​ដាំ​ពី​អង្ករ​ប្លាស្ទិក

 

ធ្វើ​យ៉ាង​ណា​ទើប​អាច​ចៀសវាង​ការ​ទទួល​ទាន​អង្ករ​ប្លាស្ទិក​បាន? ជា​ធម្មតា អង្ករ​ក្លែងក្លាយ​មាន​លក្ខណៈ​ស្រដៀង​គ្នា​បេះ​បិទ​ទៅ​នឹង​អង្ករ​ធម្មជាតិ ពិបាក​ក្នុង​ការ​ញែក​ឲ្យ​ដាច់​ណាស់ ប៉ុន្តែ​បើ​តាម​វិបសាយ Oryza.com បាន​បញ្ជាក់​ថា អង្ករ​ក្លែងក្លាយ​ពេល​ដាំ​ឆ្អិន​នឹង​ក្លាយ​ជា​រឹង​ខុស​ពី​ធម្មតា។ ចំណែក​ស៊ុប​ដែល​ដាក់​អង្ករ​នេះ​ចូល​ហាក់​ដូច​ជា​គ្មាន​ជាតិ និង​ឆេះ​នៅ​ពេល​រង​កម្ដៅ​ខ្លាំង៕

 

ចុចអាន៖ ចាប់​បាន​ស្រោម​អនាម័យ​ក្លែងក្លាយ​ ៣​លាន​ស្រោម

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ shanghaiist​​

អត្ថបទថ្មី