​១១​យ៉ាង ដែល​មនុស្ស​គ្រប់​រូប​គួរធ្វើ​​ មុន​អាយុ​៣០​ឆ្នាំ

  • 2015-07-19 23:38:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​គ្រប់​រូប​ តែង​ពុះ​ពារ​ និង​រំពឹង​ថា​នឹង​មាន​ថ្ងៃ​ជោគជ័យ​​នៅ​ពេល​អនាគត និង​យល់​ថា ពេល​​ឈាន​ដល់​វ័យ​៣០​ឆ្នាំ​ឡើង ដោយ​​​ចង់​មាន​មុខ​របរ​ ឬ​អាជីព​ច្បាស់​លាស់ មាន​ចំណូល​សមរម្យ មាន​​ផ្ទះ​ផ្ទាល់​ខ្លួន​សម្រាប់​រស់​នៅ ​ដែល​ធ្វើ​ជីវិត​គ្រួសារ​មាន​សុភមង្គល។ ប៉ុន្តែ​ចុះ​នៅ​មុន​អាយុ​៣០​ឆ្នាំ ដើម្បី​ធ្វើ​រឿង​ជោគជ័យ​ទាំង​អស់​នោះ​បាន តើ​យើង​គួរ​ធ្វើ​អ្វី​ខ្លះ​ទៅ?

 

 

​​ខាង​ក្រោម​នេះ គឺជា​ចំណុច​១១​យ៉ាង ​ដែល​មនុស្ស​​គ្រប់​រូប​គួរ​ធ្វើ​មុន​អាយុ​៣០​ឆ្នាំ ដើម្បី​ជោគជ័យ៖

 

១. បង្កើន​ទំនាក់​ទំនង​ល្អ​៖

 

ព្យាយាម​បង្កើន​ទំនាក់​ទំនង​ល្អ​ ឲ្យ​បាន​ច្រើន​ជាមួយ​មនុស្ស​ជុំ​វិញ​ខ្លួន​ ដូច​ជា​ព្យាយាម​ស្គាល់​គេ​ឲ្យ​បាន​ច្រើន ព្រោះ​ថា​ការ​មាន​​ទំនាក់​ទំនង​ល្អ អាច​ជា​មធ្យោបាយ​មួយ​ល្អ ដូច​ជា​ងាយ​ស្រួល​ស្វែង​រក​ការងារ​ធ្វើ ក្លាយ​ជា​មិត្ត​ជិតស្និទ្ធ ស្នេហា ឬ​ដៃ​គូ​​រក​ស៊ី​ជា​ដើម។

 

២. ស្វែង​រក​ចំណង់​ចំណូល​ចិត្ត​ផ្ទាល់​ខ្លួន៖

 

អ្នក​ត្រូវ​ព្យាយាម​យល់​ពី​ខ្លួន​ឯង​ថា ខ្លួន​ឯង​ចូល​ចិត្ត​អ្វី ឬ​ចូល​ចិត្ត​ធ្វើ​អ្វី​ពេល​ទំនេរ។ បើ​អ្នក​មាន​ចំណង់​ចំណូល​ចិត្ត​ធ្វើ​រឿង​អ្វី​មួយ វា​នឹង​ក្លាយ​ជា​ការ​កម្សាន្ត​ក្នុង​​អារម្មណ៍​របស់​អ្នក និង​អាច​ជួយ​បំបាត់​ការ​ធុញ​ថប់។ ឧទាហរណ៍៖ ការ​លេង​កីឡា លេង​បាល់ ​មើល​កុន ឬ​ដើរ​កម្សាន្ត...។

 

៣. ​ស្និទ្ធស្នាល​ជាមួយ​គ្រួសារ និង​មិត្តភ័ក្ដិ​ជិតស្និទ្ធ៖

 

នៅ​ពេល​អ្នក​មាន​វ័យ​២០​ឆ្នាំ​ប្លាយ អ្នក​អាច​មមាញឹក​ខ្លាំង​ ដើម្បី​ស្វែង​រក​ភាព​ជោគជ័យ​ក្នុង​ជីវិត និង​ស្វែង​រក​ដៃ​គូ​ជីវិត។ ប៉ុន្តែ​ពេល​ខ្លះ​ អ្នក​អាច​នឹង​មាន​អារម្មណ៍​ហាក់​ឃ្លាត​ឆ្ងាយ​ពី​គ្រួសារ ឬ​មិត្តភ័ក្ដិ ជិតស្និទ្ធ​របស់​ខ្លួន ដូច្នេះ​ជា​រឿង​​សំខាន់​ អ្នក​ត្រូវ​តែ​រក្សា​ទំនាក់​ទំនង​ឲ្យ​បាន​ល្អ ឲ្យ​បាន​ស្និទ្ធស្នាល​ជាមួយ​ពួកគាត់។

 

​៤. សន្សំ​លុយ៖

 

វា​ហាក់​ដូច​ជា ពិបាក​សម្រាប់​អ្នក​ ដែល​ជា​យុវវ័យ​ត្រូវ​ចេះ​សន្សំ​លុយ ព្រោះ​អ្នក​ពិត​ជា​ត្រូវ​ការ​ចំណាយ​ច្រើន ​ទៅ​លើ​សម្ភារៈ​ផ្សេងៗ ឬ​ការ​ញ៉ាំ​ចំណី​អាហារ​ជា​ដើម​ ប៉ុន្តែ​សម្រាប់​មនុស្ស​ ​តែង​ឆ្លៀត​សន្សំ​លុយ​ទុក​ពី​វ័យ​នេះ​ទៅ​ នោះ​​នឹង​អាច​មាន​​លុយ​កាក់​បើក​​មុខ​របរ ឬ​ប្រើ​ប្រាស់​ធ្វើ​​អ្វី​មួយ ពេល​ឈាន​ដល់​វ័យ​៣០​ឆ្នាំ។

 

៥. ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​ក្រៅ​ប្រទេស៖

 

មុន​ពេល​អ្នក​រៀបការ, មាន​កូន និង​ក្លាយ​ជា​ម្ចាស់​សហគ្រិន ​​ស្ថិត​ក្នុង​វ័យ​ក្រោម​៣០​ឆ្នាំ អ្នក​គួរ​តែ​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​ មើល​ពិភពលោក​បាន​ច្រើន នោះ​អ្នក​នឹង​មាន​គំនិត ធំ​ទូលាយ​ជាង​មុន ​ដូច​ជា​ចង់​បើក​អាជីវកម្ម ឬ​ធ្វើ​ជំនួញ​នានា...។

 

៦. ​ដួល​ងើប​ៗ៖

​​​លោក​មហាសេដ្ឋី​ចិន Jack Ma ​ក៏​ធ្លាប់​លើក​ឡើង​ផង​ដែរ​ថា៖ ស្ថិត​ក្នុង​វ័យ​យុវវ័យ​ គ្មាន​អ្វី​ត្រូវ​ខ្លាច​បរាជ័យ​ឡើយ ពោល​គឺ​ បើ​ជួប​រឿង​បរាជ័យ​ ត្រូវ​តស៊ូ​ងើប​ឡើង​បន្ត​ទៀត។ ​ត្រូវ​ចាំ​ថា ​មនុស្ស​ដែល​ធ្លាប់​ជោគជ័យ​ទាំង​ឡាយ គឺ​តែង​ជួប​រឿង​បរាជ័យ​មិន​តិច​ទេ មុន​នឹង​ពួកគេ​ឈាន​សម្រេច​បាន​ជោគ​ជ័យ​ និង​ក្លាយ​ជា​អ្នក​មាន។

 

៧. ថែរក្សា​សុខភាព​ខ្លួន​ឯង​ ឲ្យ​បាន​ល្អ​បំផុត៖

 

សុខភាព​ គឺជា​រឿង​សំខាន់​បំផុត​ក្នុង​ជីវិត ហើយ​បើ​​គ្មាន​សុខភាព​ល្អ ទោះ​មាន​ប៉ុណ្ណា ក៏​អ្នក​គ្មាន​សុភមង្គល​ដែរ ដូច្នេះ​ត្រូវ​ចេះ​ថែ​រក្សា​សុខភាព​ខ្លួន​ឯង ដូច​ជា ហាត់​​ប្រាណ លេង​កីឡា ដើរ​កម្សាន្ត និង​ញ៉ាំ​អាហារ​ល្អ​មាន​អនាម័យ។

 

៨. ​រៀន​ធ្វើ​អ្វី​មួយ ដែល​អ្នក​គិត​ថា​មិន​ចូល​ចិត្ត ឬ​មិន​ចង់​ធ្វើ៖

 

​សាក​ល្បង​ធ្វើ​សកម្មភាព​អ្វី ​ដែល​អ្នក​ដូច​ជា​មិន​ចូល​ចិត្ត ឬ​មិន​ចង់​ធ្វើ។ ឧទាហរណ៍ ពេល​អ្នក​មិន​ចូល​ចិត្ត​មើល​កុន ហើយ​ពេល​មិត្តភ័ក្ដិ​របស់​អ្នក​បបួល ដូច្នេះ​អ្នក​គួរ​តែ​​ទៅ ព្រោះ​​អ្នក​អាច​ចាប់​អារម្មណ៍ និង​ស្វែង​យល់​ពី​រឿង​រ៉ាវ​ជុំ​វិញ​ខ្លួន បាន​ច្រើន​ទៀត ហើយ​ក៏​អាច​ចាប់​អារម្មណ៍ ក្លាយ​ជា​ទម្លាប់​របស់​ខ្លួន​ផង​ដែរ។

 

៩. រៀន​ចម្អិន​អាហារ៖

 

ការ​ចម្អិន​អាហារ​ មិន​ប្រកាន់​ថា ទាល់​តែ​មនុស្ស​ស្រី ឬ​ប្រុស​ទេ។ វា​ជា​រឿង​មួយ​ល្អ ដែល​អ្នក​អាច​ចេះ​ចម្អិន​ម្ហូប​ដោយ​ស្នាដៃ​ខ្លួន​ឯង​បាន ព្រោះ​ថា​ជីវិត​ប្ដី​ប្រពន្ធ​រស់​នៅ​ជាមួយ​គ្នា ​ត្រូវ​ចេះ​ជួយ​គ្នា ហើយ​វា​សម្រាប់​គូ​ស្នេហ៍ គេ​នឹង​មាន​អារម្មណ៍​ល្អ​បន្ថែម​ទៀត បើ​បាន​ញ៉ាំ​ម្ហូប​ដែល​ខ្លួន​ស្រលាញ់​ធ្វើ​ដោយ​ផ្ទាល់​ដៃ។

 

​១០. ធ្វើ​ដំណើរ​ទស្សនកិច្ច​ តែ​ម្នាក់​ឯង៖

 

វា​ជា​គំនិត​មួយ​ល្អ ដែល​អ្នក​គួរ​តែ​ដើរ​កម្សាន្ត​ក្រៅ​ប្រទេស​ នៅ​វ័យ​ខ្ទង់​២០​ឆ្នាំ​ប្លាយ ប៉ុន្តែ​វា​នឹង​កាន់​តែ​ល្អ​ជាង​នោះ​ បើ​អ្នក​អាច​ទៅ​តែ​ម្នាក់​ឯង។ ការ​ចាក​ចេញ​ពី​ប្រទេស​កំណើត​ តែ​ម្នាក់​ឯង មាន​ន័យ​ថា អ្នក​ជា​មនុស្ស​រឹង​មាំ ​ដែល​ចេះ​លត់​ដំ​ខ្លួន​ឯង​ ​ដោយ​មិន​ពឹង​ផ្អែក​អ្នក​ដទៃ ​ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​មាន​ស្នាម​ញញឹម។

 

១១. ស្វែង​យល់​ គោល​ដៅ​​ជោគជ័យ​របស់​អ្នក៖

 

​អ្នក​គួរ​សួរ​ខ្លួន​ឯង​បណ្តើរៗ​ថា តើ​ខ្លួន​ចង់​ធ្វើ​អ្វី ដើម្បី​ភាព​ជោគជ័យ​ទៅ​ថ្ងៃ​អនាគត? ដូច​ជា ​ចង់​ធ្វើ​ជំនួញ​អ្វី​មួយ ឬ​ក៏​ធ្វើ​ការ​នៅ​ក្រុម​ហ៊ុន​, ស្ថាប័ន ​នូវ​តំណែង​ណា​មួយ។ ដូច្នេះ​អ្នក​ត្រូវ​តែ​ ស្វែង​យល់​អត្ថន័យ​ភាព​ជោគជ័យ​សម្រាប់​ខ្លួន​ឯង ឲ្យ​បាន​ច្បាស់៕

 

ចុះ​ប្រិយមិត្ត ​យល់​ស្រប ឬ​មាន​អ្វី​ចង់​បន្ថែម​លើ​ចំណុច​ខាង​លើ​នេះ​​ដែរ​ទេ?

 

-ចុចអាន៖ ៥​យ៉ាង​​មិន​គួរ​​លាត​ត្រដាង​នៅ​​​កន្លែង​ការងារ

 

​​​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ businessinsider