ប្រើ​ម៉ាស៊ីន​គិត​លេខ​ពេល​ប្រឡង​បាក់ឌុប​​​​​​ល្អ ឬ​មិន​ល្អ?

  • 2015-07-20 23:09:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រើប្រាស់​ម៉ាស៊ីន​គិត​លេខ​នៅ​ក្នុង​ការ​ប្រឡង​ថ្នាក់​ជាតិ​មធ្យម​សិក្សា​ទុតិយភូមិ​​នៅ​តែ​ជា​​ប្រធានបទ​​​​ជជែក​ពិភាក្សា​ឥត​​ដាច់​​ក្នុង​ចំណោម​មហាជន ក៏​ដូចជា​អ្នក​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​វិស័យ​អប់រំ​ផ្ទាល់​ជុំវិញ​សារៈសំខាន់ ​និង​ផល​ប៉ះពាល់​របស់​វា។

 

​លោក​ ប៊ូ រ៉ាដា ​​​អាយុ ​២៦​ឆ្នាំ​ បុគ្គលិក​វិស្វករ​ក្រុមហ៊ុន​សាងសង់​ឯកជន​មួយ​​​បាន​លើក​ឡើង​​ថា ​ការ​ប្រើប្រាស់​ម៉ាស៊ីន​គិត​លេខ​នៅ​ពេល​ប្រឡង​​​ល្អ​ផង ​និង​មិន​ល្អ​ផង។ ​​លោក​រៀបរាប់​ថា​ «តាម​ពិត​ទៅ​ ការ​ប្រើប្រាស់​ម៉ាស៊ីន​គិត​លេខ​គឺ​​ល្អ​សម្រាប់​អ្នក​ធ្វើការ​វិស័យ​សំណង់​ដូច​ខ្ញុំ ​ព្រោះ​វា​ងាយ​ និង​រហ័ស។ ​​តែ​​ពេល​ខ្លះ​ គ្មាន​កាស្យូ ​(ម៉ាស៊ីនគិតលេខ) ​យើង​ត្រូវ​ប្រើ​ខួរ​ក្បាល​ខ្លះ​ដែរ ​អីចឹង​បើ​រៀន​បង្វឹក​ខួរ​ក្បាល​ខ្លះ​ក៏​ល្អ​ដែរ"។ ​បុរស​សម្បុរ​ស្រអែម​ខ្ពស់​ស្រាវ​​​យល់​ថា ​ការ​ប្រើ​ម៉ាស៊ីន​គិត​លេខ​ពេល​ប្រឡង​​មាន​ផល​ល្អ និង​មិន​ល្អ​ម៉្យាង​ម្នាក់។

 

 

កុល វិរៈ ​បុគ្គលិក​អង្គការ​ក្រៅ​រដ្ឋាភិបាល​​មិន​គាំទ្រ​ឲ្យ​មាន​ការ​ប្រើ​ម៉ាស៊ីន​គិត​លេខ​ពេល​ប្រឡង​ទេ។ ​លោក​និយាយ​ថា ​«ខ្ញុំ​យល់​ថា ​ពេល​រៀន​  ​​​​​គ្រូ​បង្រៀន​ឲ្យ​យើង​ថ្នឹក​នឹង​ការ​គិត​លេខ​ប្រើ​មាត់​ហើយ។ ​អីចឹង​ដល់​ពេល​ប្រឡង​ មិន​ចាំ​បាច់​ខ្វល់​រឿង​​ម៉ាស៊ីន​គិត​លេខ​អី​ទេ ​ប្រើ​តែ​ខួរ​ក្បាល​ហ្នឹង​ក៏​គិត​ចេញ​ដែរ។ ​បើ​យើង​ប្រើ​ អ្នក​ផ្សេង​អត់​ប្រើ​ម៉េច​ស្មើ​ភាព​គ្នា?»។​​

 

​ផ្ទុយ​ពី​ការ​លើក​ឡើង​ខាង​លើ​កញ្ញា ​កៅ សុកជា​ គរុ​និស្សិត​វិទ្យាស្ថាន​ជាតិ​អប់រំ​​គាំទ្រ​ឲ្យ​មាន​ការ​ប្រើប្រាស់​ម៉ាស៊ីន​គិត​លេខ​នៅ​ពេល​ប្រឡង។ ​​កញ្ញា​លើក​ឡើង​ថា​ «ខ្ញុំ​យល់​ថា ​វា​ (ការ​ប្រើ​ម៉ាស៊ីន​គិត​លេខ) ​ល្អ ​ព្រោះ​វា​ចំណេញ​ពេលវេលា ​ហើយ​សម័យ​ឥលូវ​បើ​គាត់​ចេះ​ក៏​ល្អ​ដែរ​ព្រោះ​ពេល​ចេញ​​ទៅ​អនុវត្ត​​ការងារ​ពិត​ក៏​ប្រើ​ម៉ាស៊ីន​គិត​លេខ​ដើម្បី​ជំនួយ​​​​ញឹកញាប់​ដែរ»។ ​គរុ​និស្សិត​វ័យ​ ២៤ ​ឆ្នាំ​ បន្ថែម​ថា ​​​ការ​ចេះ​ប្រើ​ម៉ាស៊ីន​គិត​លេខ​ដោះស្រាយ​សមីការ​ធំៗ​ក៏​តម្រូវ​ឲ្យ​​អ្នក​ប្រើ​​​ចេះ​ប្រើ​ដែរ​​​ទើប​ដោះស្រាយ​ចេញ ​ដូច្នេះ​វា​មិន​អាក្រក់​ទេ​ ដែល​អនុញ្ញាត​ឲ្យ​មាន​ការ​ប្រើ​ម៉ាស៊ីន​គិត​លេខ​នៅ​ពេល​ប្រឡង។

 

​​ស្រដៀង​គ្នា​​នេះ​ដែរ ​រដ្ឋា​ សិស្ស​វិទ្យាល័យ​បាក់ទូក​ដែល​ត្រៀម​ប្រឡង​បាក់ឌុប​នៅ​ពេល​ខាង​មុខ​ថា ​ប្រើម៉ាស៊ីន​គិត​លេខ​ជា​​ការ​ល្អ។ ​យុវតី​រាង​ស្រាវ​ស្ដើង​បញ្ជាក់​ថា ​«មិន​មែន​ដោយសារ​ខ្ញុំ​ត្រូវ​ប្រឡង​ឆ្នាំ​ហ្នឹង​បាន​និយាយ​អីចឹង​ទេ​បង។ សម្រាប់​ខ្ញុំ​គិត​ថា ​សម័យ​នេះ​ហើយ​ បច្ចេកវិទ្យា​ក៏​ជឿន​លឿន​ដែរ ​អីចឹង​បើ​យើង​រៀន​ការ​ប្រើ​កាស្យូ​ក៏​​ល្អ​ច្រើន​ដែរ ​ព្រោះ​យើង​ចាំបាច់​អី​យក​ខួរ​ក្បាល​ទៅ​គិត​លើ​រឿង​ហ្នឹង​ (លេខ) ​ច្រើន​ពេក​ ម៉េច​មិន​ទុក​វា​ទៅ​ប្រើ​អី​ផ្សេង?»។ ​​សិស្ស​វិទ្យាល័យ​រូប​នេះ​​ចង់​ឲ្យ​គ្រូ​ៗ​បំពាក់បំប៉ន​ជំនាញ​ប្រើ​ម៉ាស៊ីន​គិត​លេខ​ដល់​សិស្ស​ទើប​ជា​ការ​ល្អ ​ហើយ​សម្រាប់​កញ្ញា​គឺ​ ​​​រៀន​ការ​ប្រើ​ម៉ាស៊ីន​គិត​លេខ​ដោះស្រាយ​សមីការ​សំខាន់ៗ​តាម​រយៈ​ក្លឹប​សិក្សា​ចែក​រំលែក​ចំណេះដឹង​ក្នុង​ចំណោម​មិត្តភ័ក្ដិ​គ្នា​ឯង។

 

​​​នៅ​លើ​ទំព័រ​ Facebook ​​​​របស់​ក្រសួង​អប់រំ​ យុវជន​ ​និង​កីឡា​បង្ហោះ​ថ្មីៗ​នេះ​ថា ​នឹង​មិន​អនុញ្ញាត​ឲ្យ​ប្រើ​ម៉ាស៊ីន​គិត​លេខ​ពេល​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ឡើយ។​ ​ចំពោះ​មូលហេតុ​​ក្បាល​ម៉ាស៊ីន​ផ្នែក​អប់រំ​​​រៀបរាប់​ដូច​ខាងក្រោម​នេះ៖

 

«បេក្ខជន​មិន​អាច​ប្រើ​ម៉ាស៊ីន​គិត​លេខ​ក្នុង​ពេល​ប្រឡង​បាន​ទេ។ ​ហេតុផល​មិន​អនុញ្ញាត​ឲ្យ​ប្រើ​ម៉ាស៊ីន​គិត​លេខ​ គឺ​ដើម្បី​ធានា​នូវ​សមភាព​ និង​យុត្តិធម៌​សម្រាប់​បេក្ខជន​ទាំងអស់។​ ការរៀបចំ​នូវ​វិញ្ញាសា​នីមួយៗ​បាន​គិតគូរ​យ៉ាង​ល្អិតល្អន់​ផ្អែក​ទៅ​តាម​ពេលវេលា​ដែល​បាន​កំណត់។​ ម៉ាស៊ីន​គិតលេខ​ មាន​ច្រើន​ប្រភេទ​រាប់​មិន​អស់​ មាន​មុខងារ​ប្រើប្រាស់​ តិច​ ឬ​ច្រើន​ទៅ​តាម​តម្លៃ​ខ្ពស់ ​ឬ​ទាប ​ដែល​ពុំ​មាន​សមធម៌ ​និង​យុត្តិធម៌​សម្រាប់​បេក្ខជន​ទាំងអស់។​ ការ​គិត​លេខ​ដោយ​ខួរក្បាល​នឹង​បង្កើន​ភាព​រស់រវើក​ធ្វើ​ឲ្យ​មាន​ការ​ចងចាំ​បាន​ល្អ»។ ​

 

 

រូបព្រីនស្គ្រីន​ពី​ទំព័រ​ហ្វេសប៊ុក​របស់​ក្រុសួង​អប់រំ​ យុវជន ​និង​កីឡា

 

ចុះ​អ្នក​វិញ​​​យល់​ថា ​ការ​ប្រើប្រាស់​ម៉ាស៊ីន​គិត​លេខ​ពេល​ប្រឡង​បាក់ឌុប​ខាង​មុខ​ ល្អ​ ឬ​​យ៉ាង​ណា?

អត្ថបទ៖ ​ប្រាក់ ចាន់សីហា​