ម៉ាស​បិទ​មុខ​ដំឡូង​បារាំង​ធម្មជាតិ​ធ្វើ​ឲ្យ​ស្បែក​មុខ​ស​តឹង​ស្អាត ១០០%

  • 2015-07-23 15:31:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សប្ដាហ៍​មុន ទំព័រ​សុខភាព និង​សម្រស់​របស់ Sabay បាន​បង្ហាញ​ពី​វិធី​ស្ទីម​មុខ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា​ទន់​ល្មើយ​តាម​បែប​ធម្មជាតិ​ដែល​ណែនាំ​ដោយ​ស្រី​ស្អាត បរមី ហៅ Mini Angel។ ហើយ​ចុះ ប្រិយមិត្ត​មាន​សាកល្បង​ហើយ​នៅ? មិត្ត​អ្នកអាន​លួច​ខ្សឹប​​ថា មាន​ប្រសិទ្ធភាព​របស់​គេ​មែន!

 

អាន​អត្ថបទ៖ ស្រី​ស្អាត​បង្ហាញ​វិធី​ស្ទីម​មុខ​ប្រសិទ្ធភាព​បំផុត​រក្សា​ស្បែក​មុខ​ស្រស់​ថ្លា​តាម​បែប​ធម្មជាតិ

 

ដោយ​ឡែក ថ្ងៃ​នេះ អ្នក​ជំនាញ​ខាង Makeup អាជីព​វ័យ​ក្មេង​រូប​នេះ បាន​នាំ​យក​វិធី​ថែរក្សា​សម្រស់​មួយ​ទៀត គឺ​ម៉ាស​បិទ​មុខ​ធម្មជាតិ​ធ្វើ​ពី​ដំឡូង​បារាំង និង​ទឹកដោះ​គោ​ស្រស់ ដែល​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បន្តឹង និង​ធ្វើ​ឲ្យ​ស្បែក​មុខ​ស​១០០%។

 

 

* អត្ថប្រយោជន៍

  • ធ្វើ​ឲ្យ​ស្បែក​មុខ​តឹង​មិន​ជ្រីវជ្រួញ ក្មេង​ជាង​វ័យ

  • ធ្វើ​ឲ្យ​ស្បែក​មុខ​ស ម៉ត់ រលោង

  • បំបាត់​ខ្លាញ់​លើ​ផ្ទៃ​មុខ

  • បំបាត់​ជាតិ​ពុល និង​ធូលី​លើ​ផ្ទៃ​មុខ

 

* សម្ភារៈ

  • ដំឡូង​បារាំង ១ ដុំ

  • ទឹកដោះ​គោ​ស្រស់

  • កូន​ចាន​តូច​មួយ

 

 

* វិធី​ធ្វើ

  • ចិត​សម្បក​ដំឡូង​ចេញ​ឲ្យ​អស់ រួច​លាង​ទឹក​ឲ្យ​ស្អាត

  • ស្ងោរ​ដំឡូង​បារាំង​នោះ​រហូត​ដល់​ផុយ​រលួយ​ដល់​ថ្នាក់​ដាក់​ស្លាបព្រា​សង្កត់​បែក​ខ្ទេច

  • ដាក់​ដំឡូង​ស្ងោរ​រួច​ក្នុង​កូន​ចាន ហើយ​យក​ស្លាបព្រា​សង្កត់​កិន​ឲ្យ​ម៉ត់​ខៃ

  • ទុក​ដំឡូង​កិន​នោះ​ឲ្យ​ត្រជាក់ រួច​ចាក់​ទឹកដោះគោ​ស្រស់​ចូល ឲ្យ​ល្មម​ប៉ិ​ៗ​បន្តិច។ ការ​ប្រើ​ប្រាស់​ទឹក​ដោះ​គោ​នេះ​ នឹង​អស់​ច្រើន ដោយសារ​ដំឡូង​បារាំង​បឺត​ស្រូប​ខ្លាំង។

 

 

* វិធី​បិទ​ម៉ាស

  • លាង​សម្អាត​ផ្ទៃ​មុខ​នឹង​ទឹក​ស្អាត

  • យក​ល្បាយ​ដំឡូង​បារាំង​នោះ​មាន​លាប​ថើៗ​លើ​ស្បែក​ផ្ទៃ​មុខ​ ហើយ​ទុក​ចោល​រយៈពេល ១៥ នាទី។ ជាក់​ស្ដែង ត្រឹម ៥ នាទី​ដំបូង អ្នក​នឹង​មាន​អារម្មណ៍​ថា​ស្បែក​មុខ​តឹង​ម្ដង​បន្តិចៗ ស្ទើរ​ទ្រាំ​មិន​បាន។

  • បន្ទាប់​ពី​សម្អាត​ម៉ាស​ហើយ អ្នក​អាច​លាង​សម្អាត​ផ្ទៃ​មុខ​នឹង​ទឹក​ស្អាត​ត្រជាក់​ធម្មតា។ ហាម​ដាច់​ខាត ប្រើ​ហ្វម​លាង​មុខ​មក​លាង​សម្អាត ព្រោះ​ពេល​ប្រើ​ម៉ាស រន្ធ​ញើស​ស្បែក​មុខ​បើក​រីក​ធំ។ ប្រើ​ទឹក​ស្អាត​ត្រជាក់​ធម្មតា ដើម្បី​ឲ្យ​រន្ធ​ញើស​ស្បែក​រួម​តូច​វិញ។

  • អនុវត្ត​វិធី​បិទ​ម៉ាស​នេះ ២ ដង​ក្នុង​មួយ​សប្ដាហ៍ នៅ​ពេល​ព្រឹក ឬ​យប់ អាស្រ័យ​លើ​ពេល​វេលា​ទំនេរ​របស់​អ្នក។

 

 

បញ្ជាក់៖ អ្នក​ក៏​អាច​បិទ​ម៉ាស​នេះ​ត្រូវ​បរិមាណ​ក្រោម​ចង្កា និង​ក​ផង​ដែរ ដើម្បី​ឲ្យ​ស្បែក​ស​តឹង​ស្អាត។

 

កុំ​ភ្លេច​អនុវត្ត​ណា​សុភាព​នារីៗ!

 

ដោយ៖ សុផាត

អត្ថបទថ្មី