ប៊ិន យ៉ាន៖ ​​​បើ​គ្រប់​គ្នា​ចង់​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​​កាន់​តែ​ល្អ

  • 2015-07-27 22:42:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៊ិន យ៉ាន​ត្រូវ​សារព័ត៌មាន​ក្នុង​ស្រុក​ជា​ច្រើន​​ចាប់អារម្មណ៍​​​​​ដោយសារ​គាត់​​ជា​ជនជាតិ​ដើម​ភាគតិច​​ដែល​មាន​មហិច្ឆតា​ធំ​ចង់​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា។​​​ ​ក្នុង​វេទិកា​ "ការ​កសាង​ខ្លួន​​ក្លាយ​ជា​យុវជន​ឆ្នើម​សតវត្ស​ទី​ ២១" ​​​នៅ​សាកលវិទ្យាល័យ​បញ្ញាសាស្ត្រ​​​កាល​ពី​ថ្ងៃ​អាទិត្យ​ ​បុរស​ជនជាតិ​ដើម​កួយ​រូប​នេះ​បាន​លើក​ឡើង​ថា ​​បើ​យុវជន​គ្រប់​គ្នា​សុទ្ធ​តែ​ចង់​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​គឺ​ជា​រឿង​ល្អ។

 

​និយាយ​ក្នុង​វគ្គ​សំណួរ​ចម្លើយ​ជាមួយ​វាគ្មិន​ពីរ​រូប​ទៀត​គឺ​ កញ្ញា ​អៀង លីនដា​​ ​និង​តោ គឹមស៊ី ​​​យុវជន​វ័យ​ ២៤ ​ឆ្នាំ​រូប​នេះ​​លើក​អំណះអំណាង​គាំទ្រ​ការ​និយាយ​ខាង​លើ​ថា ​«បើ​យុវជន​យើង​សុទ្ធ​តែ​ចង់​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​គ្រប់គ្នា​ ពួកគេ​នឹង​ខិតខំ​ជាង​មុន ​គិត​គួរ​ពី​បញ្ហា​សង្គម ​សេដ្ឋកិច្ច ​កាន់តែ​ច្រើន​ឡើង[...]»។ ​​​បុរស​ដែល​កំព្រា​ម្ដាយ​តាំង​ពី​អាយុ ​២ ​ឆ្នាំ​​ និង​ត្រូវ​ឪពុក​បោះបង់​នៅ​អាយុ ​៤ ​ឆ្នាំ​​បន្ថែម​ថា ​​បើ​យុវជន​មាន​ក្ដី​សុបិន​ធំ​ ពួកគេ​នឹង​ខិតខំ​ប្រឹងប្រែង​ធ្វើ​​​​​ដើម្បី​សង្គម​កាន់​តែ​ច្រើន​ ​ហើយ​វា​អាច​ធ្វើ​ឲ្យ​សង្គម​រីកចម្រើន​កាន់​តែ​ឆាប់​រហ័ស។

 

 

យុវជន ​ប៊ិន​ យ៉ាន

 

បុរស​ដែល​មាន​ដើម​កំណើត​នៅ​ខេត្ត​ស្ទឹងត្រែង​ក៏​បាន​​ចែក​រំលែក​ចំណេះដឹង​មួយ​ចំនួន​ដល់​យុវជន​ដើម្បី​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ​ពេល​សមាហរណកម្ម​អាស៊ាន​ចូល​មក​ដល់។ ​​មាន​ ៥ ​ចំណុច​ដែល​យុវជន​យើង​បាន​លើក​ឡើង។ ​

 

ទី​មួយ​គឺ​ត្រូវ​ពង្រឹង​​ភាសា​បរទេស។ ​យ៉ាន​ រៀបរាប់​ថា ​ការ​ចេះ​ភាសា​ជា​ការ​ល្អ​ បើ​យក​ល្អ​គួរ​រៀន​ភាសា​អង់គ្លេស​ឲ្យ​បាន​ស្ទាត់​ជំនាញ​ដើម្បី​​បង្កើត​ទំនាក់ទំនង ​ហើយ​ភាសា​ផ្សេង​ទៀត​បើ​ចេះ​កាន់​តែ​ច្រើន​គឺ​រឹត​តែ​ល្អ​ ព្រោះ​​​ងាយស្រួល​ទាក់ទង​បាន​គ្រប់​ជាតិ​សាសន៍។ ​ទី​ពីរ​ត្រូវ​ចេះ​បច្ចេកវិទ្យា។ ​ ​​​​បច្ចេកវិទ្យា​ចេះ​តែ​វិវត្ត​ឈាន​ឡើង​ជា​លំដាប់​ ដូច្នេះ​បើ​ចង់​ប្រកួត​ប្រជែង​នឹង​យុវជន​មកពី​ប្រទេស​ដទៃ ​ត្រូវ​ពង្រឹង​ចំណេះដឹង​ផ្នែក​បច្ចេកវិទ្យា​​​ឲ្យ​បាន​ល្អ។ ​ទី​បី​ត្រូវ​រៀន​ជំនាញ​វិជ្ជាជីវៈ។ ​ក្រៅ​ពី​ចំណេះដឹង​ផ្នែក​ភាសា​ និង​បច្ចេកវិទ្យា​ យុវជន​ដែល​មិន​មាន​ឱកាស​ទទួល​ការ​អប់រំ​ខ្ពស់ ​អាច​ចាប់​យក​ជំនាញ​វិជ្ជាជីវៈ​ណាមួយ​​​ជាក់លាក់​ ​​ហើយ​រៀន​ដោយ​យក​ចិត្ត​ទុក​ដាក់។ ​​ចំណុច​ទី​បួន ​និង​ទី​ប្រាំ ​បុរស​សម្បុរ​ស្រអែម​បន្ថែម​ថា ​​ត្រូវ​រៀន​ចេះ​​ប្រាស្រ័យ​ទាក់ទង​ល្អ​ជាមួយ​អ្នក​ដទៃ​ដើម្បី​ពង្រីក​បណ្ដាញ​​និង​ឱកាស ​ហើយ​ស្ម័គ្រចិត្ត​​​​ចូល​រួម​ការងារ​សង្គម​ក៏​បាន​បន្ថែម​នូវ​គុណ​សម្បត្តិ​​ឲ្យ​យុវជន​ងាយ​រក​ការងារ​បាន​ធ្វើដែរ។

 

 

រាប់​ពី​ឆ្វេង​មក​ស្តាំ៖ ​លោក ប៊ិន យ៉ាន ​កញ្ញា ​តោ គឹមស៊ី ឌីជេ ណាណា ​និង​កញ្ញា អៀង លីនដា

 

​​ប៊ិន យ៉ាន​​​ឲ្យ​ដឹង​ដែរ​ថា ​ទៅអនាគត​ ​គាត់​ចង់​​ដាក់​អាហារូបករណ៍​ទៅ​សិក្សា​ថ្នាក់​បណ្ឌិត​​ផ្នែក​ច្បាប់​នៅ​សាកលវិទ្យាល័យ​ Harvard ​សហរដ្ឋ​អាមេរិក ​​​មុន​នឹង​ត្រឡប់​មក​ចូល​​​ប្រឡូក​​ឆាក​នយោបាយ​ ដើម្បី​សម្រេច​ក្ដី​ប្រាថ្នា​របស់​ខ្លួន​ បើ​ទោះ​ជា​មាន​មនុស្ស​ជាច្រើន​ចាំ​សើច​ពេបជ្រាយ​ឲ្យ​ក៏ដោយចុះ៕

 

អត្ថបទ៖ ​​ប្រាក់ ចាន់សីហា​​​​​​