តន្ត្រីករ ចឹក ស៊ីណាត ជិះ​ម៉ូតូពី​ភ្នំពេញ​​​​​ទៅ​បង្រៀន​ភ្លេង​ខ្មែរ​តាម​ខេត្ត

  • 2015-07-29 12:00:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​សារ​តែ​ស្រលាញ់ និង​ មិន​ចង់​ឱ្យ​បាត់បង់​ទៅ តន្ត្រីករ​បុរាណ​វ័យ​ក្មេង ចឹក ស៊ីណាត បាន​ជិះ​ម៉ូតូ​​ពី​ភ្នំពេញ​ទៅ​បង្រៀន​ឧបករណ៍​​ភ្លេង​ខ្មែរ ដល់​ក្មេងៗ​រស់នៅ​តាម​បណ្ដា​ខេត្ត ដោយ​មិន​ខ្លាច​នឿយហត់។

 

 

លោក​បាន​ប្រាប់ Sabay ថា ការ​សម្រេច​ដូច្នេះ ក៏​ព្រោះ​តែ​មាន​ក្ដី​សង្ឃឹម​ថា កូន​អ្នក​ភូមិ​ទាំង​នោះ អាច​បន្ត​ផ្សព្វផ្សាយ​ភ្លេង​ខ្មែរ និង​វប្បធម៌​ខ្មែរ​បាន​កាន់​តែ​ច្រើន​កុំ​ឱ្យ​បាត់បង់​ទៅ។ លោក​និយាយ​ថា៖ “ខ្ញុំ​ដើរ​សួរ​ចាស់ៗ​ទៅ ភ្លេង​ខ្មែរ​ខ្លះ​ពួក​គាត់​អត់​ស្គាល់​ទេ ចុះ​ទម្រាំ​ក្មេងៗ​វិញ។ តើ​ពួក​គេ​រំពឹង​អី​វិញ?"។

 

តន្ត្រីករ​រូប​នេះ​ បន្ថែម​ថា បច្ចុប្បន្ន​កំពុង​បង្រៀន​ក្មេងៗ​នៅ​ខេត្ត​កំពង់ស្ពឺ ព្រោះ​នៅ​ជិត​រាជធានី​ភ្នំពេញ​ងាយ​ស្រួល​ជិះ​ម៉ូតូ​ទៅ​មក។ ហើយ​ជា​គម្រោង​បន្ទាប់​លោក នឹង​ទៅ​បង្រៀន​នៅ​ខេត្ត​ពោធិ៍សាត់​បន្ត​ទៀត​តាម​គម្រោង​របស់​អ្នក​ស្រី កែវ ច័ន្ទបូរណ៍ ដែល​សាង​សាលា​ទី​នោះ។ ដោយ​ឡែក ខេត្ត​សៀមរាប​ជា​ទឹក​ដី​កំណើត ក៏​ស្ថិត​នៅ​ក្នុង​គម្រោង​ដូច​គ្នា​ដែរ។

 

អ្នក​ប្រគំ​បទ" See You Again” ដោយ​ឧបករណ៍​ភ្លេង​បុរាណ​រូប​នេះ ក៏​មាន​ពេល​វេលា​ខ្លះ បង្រៀន​សិស្ស​នៅ​ផ្ទះ​របស់​លោក​នៅ​ភូមិ បាយាប សង្កាត់​ភ្នំពេញ​ថ្មី។

 

 

អតីត​កូន​សិស្ស​របស់​ព្រឹទ្ធាចារ្យ សុខ ឌុច ខាង​លើ​អះអាង​ថា ក្មេងៗ​ទាំង​នោះ​សុទ្ធសឹងតែ​មាន​ទេពកោសល្យ​សិល្បៈ និង​ មាន​ការ​ខិតខំ​ប្រឹងប្រែង​រៀន។ ប្រការ​នេះ ធ្វើ​ឱ្យ​លោក​មាន​ទឹកចិត្ត​បង្រៀន​ផ្ទេរ​ចំណេះ​ដឹង​ភ្លេងខ្មែរ​​ប្រកប​ដោយ​ក្ដី​សង្ឃឹម។ លោក​អះអាង​ថា៖" សង្ឃឹម​ថា ក្មេង​ទាំង​អស់​បន្ត​ពី​ខ្ញុំ និង​ធ្វើ​ឱ្យ​ប្រទេស​យើង​មាន​វប្បធម៌​របស់​ខ្លួន​ពេញលេញ ហើយ​មិន​ចម្លង​បរទេស​ទេ"។

 

ចឹក ស៊ីណាត មាន​វ័យ ២៨ ឆ្នាំ​ហើយ និង​ ចាប់​ផ្ដើម​បង្រៀន​សិស្ស​ផ្នែក​ឧបករណ៍​តន្ត្រី​បុរាណ​ជា​ច្រើន​ប្រភេទ​តាំង​ពី​ឆ្នាំ ២០០៩ មក​ម្ល៉េះ​ តាម​រយៈ​អង្គការ​នានា។ ចឹក ស៊ីណាត ចាត់​ទុក​ថា នេះ​ជា​ការ​បន្ត​វេន​ពី​លោក​គ្រូ​របស់​លោក​ជា​ច្រើន​រូប​ធ្លាប់​បាន​ផ្ទេរ​ចំណេះ​ដឹង​ផ្នែក​តន្ត្រី​បុរាណ​នេះ រួមមាន​ព្រឹទ្ធាចារ្យ សុខ ឌុច ជា​ដើម។ តន្ត្រីករ​រូប​នេះ​អះអាង​ថា នឹង​មិន​ធ្វើ​ឱ្យ​លោក​គ្រូ​ទាំង​អស់ ខក​បំណង​ឡើយ៕​

 

អាន​អត្ថបទ៖  អ៊ីវ៉ា ជម្រះទំនាក់​ទំនង​នាង និង​តារា​កំប្លែង ប៉ុមពុយ

អាន​អត្ថបទ៖  ឯក សុវណ្ណរ័ត្ន ថត​តួ​ឆ្នាស​លើក​ដំបូង

 

 

អត្ថបទ៖ សំ ជំនាញ

អត្ថបទពេញនិយម