ស្រីស្អាតជួយដោយស្មោះ មិនទទួលសំណូក
- 2015-08-03 21:37:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រីស្អាតជួយដោយស្មោះ មិនទទួលសំណូក
ចន្លោះមិនឃើញ
ដោយសារតែភាពយឺតយ៉ាវនិងមិនយកចិត្តទុកដាក់របស់ខ្ញុំ ខ្ញុំស្ទើរតែរកសាលារៀនមិនបាន។ ទើបតែបញ្ចប់ថ្នាក់ទី១២ ខ្ញុំក៏ប្រុងនឹងដាក់ពាក្យចូលរៀននៅសាកលវិទ្យាល័យមួយកន្លែងនៅរាជធានី ភ្នំពេញ។ ពីមួយថ្ងៃទៅមួយថ្ងៃ ខ្ញុំចេះតែហីសិន ចាំស្អែក ចាំស្អែក! ខ្វះមួយថ្ងៃទៀតដល់ថ្ងៃចុងក្រោយនៃថ្ងៃទទួលពាក្យខ្ញុំក៏ទៅដាក់ ស្រាប់តែពេលនោះ ទើបដឹងថា សញ្ញាប័ត្របាក់ឌុបរបស់ខ្ញុំមិនទាន់បានបញ្ជាក់នៅសាលាខណ្ឌនៅឡើយទេ។ ខ្ញុំក៏ទៅដាក់ពាក្យសិនក្រែង សាលាឱ្យជំពាក់សញ្ញាប័ត្រ ទម្រាំទៅបញ្ជាក់បានព្រោះ រយៈពេលប្រាំថ្ងៃទើប បាន។
តែជាលទ្ធផលសមមុខខ្ញុំហើយ ដែលសាលាបដិសេធមិនឱ្យជំពាក់។
ខ្ញុំដឹងថានេះជាការធ្វេសប្រហែសរបស់ខ្ញុំ តែខ្ញុំពិតជាត្រូវការឱកាសម្ដងទៀតដើម្បីកែខ្លួន។ ខ្ញុំទទួលស្គាល់ថា សាកលនៅភ្នំពេញមិនខ្វះទេ តែគេចូលរៀនអស់ហើយ នៅតែសាកលមួយនេះទេ ដែលនៅទទួលសិស្សឱ្យចូលរៀន។
ខ្ញុំក៏copy សញ្ញាប័ត្រ ហើយទៅបញ្ជាក់នៅ សាលាខណ្ឌ មួយកន្លែងក្នុងរាជធានីភ្នំពេញ។ មានតែតាមកម្មផលហើយ គឺចាំចូលរៀនឆ្នាំទីមួយនៅឆ្នាំក្រោយ។ ខ្មាសគេតិចចុះ មិត្តភ័ក្ដិ ប្រឡងជាប់បាក់ឌុបលើកទីពីរ គេរកសាលារៀនបានអស់ហើយ ខ្ញុំឯណេះ ប្រឡងជាប់តាំងជុំទីមួយ តែលតោលដូចខ្មោច ប្រាំពីរថ្ងៃរក សាលារៀនមិនឃើញ រកឃើញហើយដល់ថ្ងៃចុងក្រោយទៀត។
រូបតំណាង
ពេលទៅដល់សាលាខណ្ឌ ដាក់សញ្ញាប័ត្របញ្ជាក់ បង់ថ្លៃតែមរួចអស់ហើយខ្ញុំក៏សួរទៅពូបេឡា ថាអាចដកវិញនៅថ្ងៃនេះ ឬយ៉ាងយូរថ្ងៃស្អែកបានដែរឬទេ ?
«ម៉េចបានអូន? ប្រាំថ្ងៃបានបាន!» គាត់តប «......» ខ្ញុំមិនតបតែធ្វើមុខស្ងួត «ហ្អែងប្រញាប់មែន?» គាត់សួរ «ចាស! ខ្ញុំត្រូវចុះឈ្មោះចូលរៀន ហើយគេអត់ឱ្យជំពាក់សញ្ញាប័ត្រផង» «ធ្វើម៉េចទៅ បើមេអត់នៅផងហ្នឹង! … ចាំតិចទៅសួរគេសិន» គាត់ក៏ស្រែកសួរ បុគ្គលិកនៅក្នុងនោះ។ បងស្រីស្អាតម្នាក់ គាត់ងាកមកខ្ញុំ និយាយរួម គឺបុគ្គលិកដែលនៅក្នុងបញ្ជរព័ត៌មាន ទាំងប៉ុន្មាន ងាកមកទាំងអស់។ «អត់បានទេពៅ! បើមេនៅបង យកទៅឱ្យគាត់ស៊ីញេហើយ តែគាត់អត់នៅ»។
ខ្ញុំកាន់តែ កន្ទុយសន្លឹក សម្រាប់ដកយកសញ្ញាប័ត្រ ហើយដើរទៅ វិញទាំងអត់កម្លាំង មិនមែនមកពីអត់បាយទេ តែនេះគេហៅថាស៊យ។ ពេលដើរទៅដល់ម៉ូតូ ខ្ញុំក៏ព្យួរថង់ដែលដាក់កន្ទុយសន្លឹក នោះហើយអត់កឹបគន្លឹះទេ ជិះម៉ូតូបណ្ដើររវល់តែចូលតួបណ្ដើរ ងាកទៅមើលថង់ដែលព្យួរនោះ បាត់ឈឹង! ស្អីអញ្ចេះ? មិនទាន់ទៅដល់ផ្ទះ ផង បាត់កន្ទុយសន្លឹក? ខ្ញុំខំជិះម៉ូតូ ដើររកក្រែងលោវាជ្រុះនៅតាមផ្លូវ តែអត់ឃើញទេ ទោះជាខំជិះសារចុះសារឡើងបីបកក៏ដោយ។
ខ្ញុំក៏សម្រេចចិត្តត្រឡប់ទៅសាលាខណ្ឌវិញ ដើម្បីសួរក្រែងលោ មានវិធីអីជួយស្រោចស្រង់ជីវិតខ្ញុំពីនរកនេះបាន។ ខ្ញុំឆ្ងល់ថា តើថ្ងៃនោះជាថ្ងៃអ្វីរបស់ខ្ញុំ? ពិតជាស៊យមហាស៊យ ហើយ!
«បាត់អាហ្នឹង ដកសញ្ញាប័ត្រម៉េចបានទាំងអាច្បាប់ដើមអី ក៏ដកអត់បានដែរ!» នេះជាចម្លើយដែលពូបេឡាប្រាប់មកខ្ញុំ បន្ទាប់ពីខ្ញុំប្រាប់រឿងរ៉ាវទៅកាន់គាត់។
គ្រប់គ្នាហួសចិត្តនឹងខ្ញុំ កន្ទុយសន្លឹក យកទៅ មិនបាន១០នាទី ផងក៏បាត់។ ខ្ញុំអើយខ្ញុំ ហេតុអីក៏អាប់រស្មី ម្ល៉េះ បើថា ត្រូវខាតរៀនមួយឆ្នាំហើយ ហេតុអី ក៏ធ្វើបាបខ្ញុំឱ្យអត់សញ្ញាប័ត្រទៀត? តែ...................កណ្ដាលសមុទ្រគង់តែមាន កូនកោះមួយជាមិនខាន.....
ពេលនោះខ្ញុំស្ទើរតែទ្រហោយំឱ្យខ្មាសគេពេញ សាលាខណ្ឌហើយតែភ្លាមនោះបងស្រីស្អាតម្នាក់ មិនដឹងថាតួនាទីគាត់ជាស្អីទេ តែគ្រាន់តែដឹងថា គាត់អ្នកវាយឈ្មោះលើកន្ទុយសន្លឹក ងាកទៅសួរពូបេឡា។
«ញ៉ុមចេញកន្ទុយសន្លឹកថ្មីឱ្យគាត់បានអត់?»
«ឱ្យតែហ្អែងហ៊ានធានាឱ្យគាត់?» ពូបេឡាតប «អត់អីទេ ខ្ញុំធានាឱ្យគាត់!» បងស្រីស្អាតតប ខណៈគ្រប់គ្នាឆ្ងល់ហេតុអីក៏គាត់ហ៊ាន ធានាឱ្យខ្ញុំ ជាមនុស្សខ្ចាត់ព្រាត់មកពីណាផងក៏មិនដឹង ដែលការធានានេះអាចប៉ះពាល់ដល់ការងាររបស់គាត់។
«ទុកឱ្យស្រួលណា! បើបាត់ទៀតបងមិនដឹងទេ!» គាត់ហុចកន្ទុយសន្លឹកឱ្យខ្ញុំ ខ្ញុំទទួលយកពីគាត់ដោយត្រេកអរ ស្ទើរតែហក់ឱបគាត់ (តែខ្លាចគេថាខ្ញុំជាមនុស្សស្រីស្រឡាញ់ស្រី)។
បានកន្ទុយសន្លឹកនេះហើយ ខ្ញុំក៏ធូរចិត្តមួយកម្រិតព្រោះយ៉ាងណាក៏ខ្ញុំបានសញ្ញាប័ត្រមកវិញ ដែរនៅ ៥ ថ្ងៃក្រោយទៀត។ ស្អែកឡើងជាថ្ងៃចុងក្រោយនៃការដាក់ពាក្យចូលរៀន ខ្ញុំក៏ត្រៀមចិត្តរួចហើយ ថាត្រូវចូលរៀននៅឆ្នាំក្រោយហើយសន្យាថា លែងធ្វេសប្រហែសឱ្យខាតមួយឆ្នាំចោលដូចឆ្នាំនេះហើយ។ ពេលកំពុងជិះម៉ូតូ ជិតដល់ផ្សារអូរឫស្សី ទូរសព្ទក៏រោទ៍ជាច្រើនដងតែ ខ្ញុំមិន
បានលើកព្រោះមិនចង់ ជិះម៉ូតូបណ្ដើរ និយាយទូរសព្ទបណ្ដើរ។ ពេលមកដល់ផ្សារខ្ញុំក៏តេទៅកាន់លេខនោះភ្លាម ៖ « អាឡូអូន! បងទូរសព្ទពីខណ្ឌណាអូន!» សំឡេងមនុស្សស្រី «ចាស! បង មានការណ៍អីដែរ?» ខ្ញុំសួរទៅវិញ « សញ្ញាប័ត្រអូនរួចហើយ អូនអាចមកយកបាន»
ឮហើយខ្ញុំស្ទើរតែស្រែក ផ្អើលគេពេញមួយផ្សារអូរឫស្សី។ ខ្ញុំទិញឥវ៉ាន់ប្រញាប់ប្រញាល់ និង បានទិញនំអាកោខ្ទិះ ពីរប្រអប់ ទៀតផងទុកផ្ញើបងស្រីស្អាត។
ពេលទៅដល់ខ្ញុំក៏ដក សញ្ញាប័ត្របាន ដូចបំណង ដោយប្រើរយៈពេលមួយថ្ងៃប៉ុណ្ណោះ មុនពេលបាន បងស្រីស្អាត បានប្រាប់ខ្ញុំថា «យកទៅហើយប្រញាប់បង់លុយចូលរៀន កុំឱ្យខាតមួយឆ្នាំចោល!»។ ខ្ញុំមិនដឹងជាអរគុណគាត់ប៉ុន្មានដងទេ ហើយក៏ជូននំអាកោពីរប្រអប់នោះទៅកាន់គាត់ គាត់បានទទួលដោយញញឹម និងបានអរគុណខ្ញុំវិញ។ គ្រាន់តែគាត់ដាក់លើតុ មិនទាន់ផង ពូបេឡា និង បងៗដែលនៅក្នុងនោះស្រាយថង់ចែកគ្នាញ៉ាំភ្លាម ។
បងស្រីស្អាតគ្រាន់តែស្រែកថា «គេទិញផ្ញើខ្ញុំសោះ!» ។ ឃើញពួកគាត់រីករាយ ខ្ញុំក៏លាគាត់ត្រឡប់ទៅវិញ បងស្រីស្អាតក៏ អរគុណខ្ញុំម្ដងទៀត។
ខ្ញុំដើរចេញមកវិញហើយគិត ថាតើអាកោខ្ទិះដែលខ្ញុំទិញផ្ញើពួកគាត់ ជាសំណូកទេ? ដែលតាមច្បាប់គេបញ្ជាក់ ៥ ថ្ងៃបាន តែខ្ញុំត្រឹមមួយថ្ងៃបាន។ ប្រិយមិត្តដែលជាអ្នកច្បាប់ជួយប្រាប់ខ្ញុំផង។
តែទោះជាយ៉ាងណាក៏ដោយ សម្រាប់ខ្ញុំ នេះមិនមែនជាអំពើពុករលួយទេ តែនេះជាទឹកចិត្តរបស់បងស្រីស្អាត ទាំងការធានាចេញកន្ទុយសន្លឹកថ្មីឱ្យខ្ញុំ ទាំងការរូតរះឱ្យថ្នាក់លើ ស៊ីញេ។ មូលហេតុនោះប្រហែលជាគាត់ផ្ទាល់ក៏មិនចង់ ឱ្យខ្ញុំខាតការរៀនមួយឆ្នាំចោលទេ។
ក្រោយពេលបានសញ្ញាប័ត្រដែលបញ្ជាក់រួចរាល់ហើយ មិនប្រាប់ក៏ដឹងដែរថាខ្ញុំនឹងធ្វើយ៉ាងណា។ ជាលទ្ធផលនៃការជួយរបស់បងស្រីស្អាត ឥឡូវខ្ញុំរៀនឆ្នាំទីមួយជិតចប់ឆមាសទីពីរទៀតហើយ។
ពេលបានអានអត្ថបទនេះរួច សូមប្រិយមិត្ត Sabay ជួយ share បន្តហើយខ្ញុំសង្ឃឹមថា បងស្រីស្អាតបានអានអត្ថបទនេះដែរ។
មិនបញ្ចេញឈ្មោះ តែផ្អែកលើដំណើររឿងនេះ ខ្ញុំជឿថា បងស្រីស្អាតនិង បងៗដែលនៅសាលាខណ្ឌ ការិយាល័យ «ច្រកចេញចូលតែមួយ» នឹងដឹងហើយថាខ្ញុំជាអ្នកណា។
អត្ថបទ៖ ភ្លេចភ្លាំង