សៅ សុខា តែងតាំង ជួន ណារិន្ទ ដឹកនាំ​​ជម្រើស​ជាតិ​ទៅ​ Suzuki Cup 2014 ខ្លាច​មាន​បញ្ហា​មិន​ប្រក្រតី​កើត​ឡើង​ទៀត

  • 2014-09-16 22:25:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​នាយ​ឧត្ដម​សេនីយ៍ សៅ សុខា ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា បាន​សម្រេច​​តែងតាំង លោក​​ឧត្ដម​សេនីយ៍​ត្រី ជួន ណារិន្ទ ស្នងការ​រង​​នៃ​ស្នងការដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ និង ជា​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​​ ឱ្យ​ធ្វើ​ជា​ជា​ប្រធាន​ប្រតិភូ​ដឹកនាំ​ក្រុម​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា ទៅ​ចូលរួម​ប្រកួត​ជម្រុះ​​ពាន​រង្វាន់​បាល់ទាត់​ធំ​ប្រចាំ​តំបន់​អាស៊ាន AFF Suzuki Cup 2014។

 

លោក ជួន ណារិន្ទ (រាប់ពី​ស្ដាំ​ទី៣)

ការ​សម្រេច​បែប​នេះ​ដោយ​ផ្អែក​តាម​លិខិត​លេខ ៤៣២/១៤ ស.ណ/ស.ប.ក ចុះ​ថ្ងៃ​ទី ៩ កញ្ញា ចេញ​ដោយ​លោក សៅ សុខា ផ្ទាល់​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា យោង​តាម​​ការ​សម្រេច​​​របស់​អង្គ​ប្រជុំ​​​គណៈកម្មាធិការ​ប្រតិបត្តិ​​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា កាល​ពី​ថ្ងៃ​ទី ២ កញ្ញា ឆ្នាំ ២០១៤ និង ជា​សេចក្ដី​ត្រូវការ​ចាំបាច់​របស់​សហព័ន្ធ។

 

គោលបំណង​សំខាន់​​​​នៃ​ការ​តែងតាំង​នេះ​គឺ​​ដើម្បី​ជំរុញ​ការ​លើក​ទឹក​ចិត្ត ការ​ពង្រឹង​វិន័យ និង សន្តិសុខ របស់​ក្រុម​ជម្រើស​ជាតិ ក្នុង​យុទ្ធនាការ​ប្រកួត​ជម្រុះ​ពាន​រង្វាន់​មួយ​នេះ។

 

ការ​សម្រេច​បែប​នេះ​របស់​​ថ្នាក់​ដឹកនាំ​​កំពូល​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ទំនង​ជា​ចង់​ជម្នះ​ពាក្យ​​ចចាម​អារ៉ាម​​​មិន​​ប្រក្រតី​​កើត​​មាន​​នា​ពេល​​កន្លង​​មក​​ក្នុង​​ក្រុម​បាល់ទាត់​​ជម្រើស​ជាតិ​កម្ពុជា បន្ទាប់​ពី​សម្រេច​ដាក់​ពិន័យ​​ព្យួរ​កីឡាករ​ចំនួន ៣ នាក់​រួម​មាន កែវ សុខង៉ន, ទុំ សារ៉ាយ និង សុខ រិទ្ធី មិន​ឱ្យ​ចូលរួម​សកម្មភាព​បាល់ទាត់​ថ្នាក់​ជាតិ​ចំនួន ៦ ខែ និង សកម្មភាព​បាល់ទាត់​អន្តរជាតិ​ចំនួន ១២ ខែ កាល​ពី​ថ្ងៃ​ទី ១៣ ឧសភា ឆ្នាំ ២០១៤ កន្លង​ទៅ៕

 

ថ្នាក់​ដឹកនាំ​​​ក្នុង​សមាជិក​ប្រតិបត្តិ​របស់​សហព័ន្ធ​​បាន​ទៅ​ចូលរួម​ដឹកនាំ​​ផ្ទាល់​បែប​នេះ​ហើយ តើ​​អាច​បង្កើន​ទំនុក​ចិត្ត​​ដល់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា បាន​កម្រិត​ណា?

 

ព័ត៌មាន​កីឡា​ជា​ច្រើន​ទៀត​សូម​ចុច​ទីនេះ...

 

អត្ថបទ៖ ម៉ឺន រស្មី