ជម្រើស​ជាតិ​កម្ពុជា ទៅ​ប្រកួត​​មិត្តភាព​អន្តរជាតិ​​នៅ​ម៉ាឡេស៊ី ថ្ងៃ​ទី ១៨ កញ្ញា ខាង​មុខ

  • 2014-09-16 16:09:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា នឹង​ចេញ​ទៅ​ប្រកួត​មិត្តភាព​កម្ដៅ​សាច់ដុំ ជាមួយ​ម្ចាស់​ផ្ទះ​ម៉ាឡេស៊ី នៅ​ថ្ងៃ​ទី ១៨ កញ្ញា ខាង​មុខ តាម​ជើង​ហោះហើរ​ភ្នំពេញ-កូឡាឡាំពួរ វេលា​ម៉ោង ៥:១០ នាទី​ល្ងាច។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​របស់​លោក​ ឆាំង ពិសិដ្ឋ អ្នក​ចាត់ការ​ទូទៅ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា។

 

​លោក​ថា ​ថ្ងៃ​នោះ​ដែរ ក្រុម​កម្ពុជា​នឹង​ចាកចេញ​ពី​ជុំរុំ​ហ្វឹកហាត់​​ក្នុង​មជ្ឈមណ្ឌល និង សាលា​បាល់ទាត់​ជាតិ​បាទី នៅ​វេលា​ម៉ោង ២ រសៀល ហើយ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ប្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ផ្ទាល់​តែ​ម្ដង។ លោក Lee Tae Hoon នឹង​ដឹកនាំ​កីឡាករ​សរុប​ចំនួន ២០ នាក់ និង មន្ត្រី​សរុប ៨ នាក់​ចេញ​ទៅ​ចូលរួម​ប្រកួត​នៅ​ក្រៅ​ប្រទេស​លើក​នេះ។

 

 ក្រុម​ជម្រើស​ជាតិ​កម្ពុជា

ក្រុម​កម្ពុជា នឹង​ប្រកួត​មិត្តភាព​​ជាមួយ​ម្ចាស់​ផ្ទះ​ម៉ាឡេស៊ី នៅ​ថ្ងៃ​ទី ២០ កញ្ញា វេលា​ម៉ោង ៧:៤៥ នាទី យប់ (ត្រូវ​នឹង​ម៉ោង ៦:៤៥ នាទី​នៅ​កម្ពុជា) ក្នុង​កីឡដ្ឋាន​ Stadium Shah Alam (Shah Alam) នៃ​ទីក្រុង Selangor។

 

អត្ថបទ​ពាក់ព័ន្ធ៖ កម្ពុជា​ បាន​ត្រឹម​ស្មើ​ ក្រុម​លីក​ស្ម័គ្រ​ចិត្ត​អាជីព​ជប៉ុន​ ២-២​ កាល​ពី​រសៀល​ថ្ងៃ​នេះ​

 

ទាំង​ក្រុម​កម្ពុជា និង ម៉ាឡេស៊ី សុទ្ធ​តែ​​ប្រកួត​កម្ដៅ​សាច់ដុំ​រៀង​ខ្លួន​ត្រៀម​ចូលរួម​ប្រកួត​ក្នុង​ពាន​រង្វាន់ AFF Suzuki Cup នា​ចុង​ឆ្នាំ ២០១៤ នេះ ស្រប​ពេល​ក្រុម​កម្ពុជា​ត្រូវ​ប្រកួត​​វគ្គ​ជម្រុះ​​នៅ​ប្រទេស​​ប្រទេស​ឡាវ តែ​ក្រុម​ម៉ាឡេស៊ី ត្រូវ​នៅ​វគ្គ​ចែក​ពូល។

 

ក្នុង​ជំនួប​មិត្តភាព​អន្តរជាតិ​ថ្មីៗ នេះ​ក្រុម​ម៉ាឡេស៊ី បាន​ចាញ់​ម្ចាស់​ផ្ទះ​ឥណ្ឌូណេស៊ី ក្នុង​លទ្ធផល ២ ទល់ ០ កាល​ពី​ថ្ងៃ​ទី ១៤ កញ្ញា។ ចំណែក​ក្រុម​កម្ពុជា បាន​ប្រកួត​ស្មើ​ក្រុម​​ជម្រើស​លីក​ស្ម័គ្រ​ចិត្ត​អាជីព​មក​ពី​ជប៉ុន ២ ទល់ ២ កាល​ពី​ថ្ងៃ​ទី ១៣ កញ្ញា៕

 

អត្ថបទ៖ ម៉ឺន រស្មី