មិនសូវគាំទ្រពីគ្រួសារ តែជៀប ស៊ីបូរ៉ា ថា នឹងបើកហាងតុក្កតាខ្មែរឱ្យបរទេសស្គាល់ខ្មែរ
- 2015-08-13 14:00:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនសូវគាំទ្រពីគ្រួសារ តែជៀប ស៊ីបូរ៉ា ថា នឹងបើកហាងតុក្កតាខ្មែរឱ្យបរទេសស្គាល់ខ្មែរ
ចន្លោះមិនឃើញ
អ្នកខេត្តសៀមរាប ជៀប ស៊ីបូរ៉ា ជាយុវជនខ្មែរទីមួយ ដែលបានច្នៃរូបតុក្កតាជ័រ (Barbie) ស្លៀកពាក់សិចស៊ី តាមរបៀបបរទេស ទៅជារូបនារីអប្សរា នារីរបាំបែបខ្មែរដ៏ទាក់ទាញ ឆក់យកចិត្តបរទេស និង អាណិកជនខ្មែរនៅក្រៅស្រុក ប៉ុន្តែទោះជាបែបនេះក្ដី ក្រុមគ្រួសាររបស់យុវជនរូបនេះ មិនសូវជាគាំទ្រប៉ុន្មានទេ។ យ៉ាងណាក្ដី អ្នករស់នៅក្នុងទឹកដីអង្គរ ខេត្តរៀបរាមប្រាប់ថា រូបគេប្ដេជ្ញានឹងបើកហាងតុក្កតា Barbie ឈុតខ្មែរ ឱ្យបាន ដើម្បីឱ្យបរទេសលើសកលលោក ស្គាល់ខ្មែរកាន់តែច្បាស់។
មិនសូវមានការគាំទ្រច្រើនពីគ្រួសារ មិនទាន់មានលទ្ធភាព និង គ្មានពេលវេលាគ្រប់គ្រាន់ ស៊ីបូរ៉ា មិនទាន់ច្នៃរូបតុក្កតា Barbie ឈុតខ្មែរ ឱ្យចេញជារូបរាងធំដុំនៅឡើយទេ ប៉ុន្តែបច្ចុប្បន្នយុវជនរូបនេះ កំពុងតែសន្សំលុយបណ្ដើរៗ ក្រែងថ្ងៃណាមួយក្ដីស្រមៃក្លាយជាការពិត។
"អត់មានពេល និង លុយធ្វើទេបង ព្រោះខ្ញុំជាប់រៀន និងធ្វើការ ហើយណាមួយមានតែប៉ាម្នាក់ទេ ដែលគាំទ្រលើកទឹកចិត្តខ្ញុំ ព្រោះម៉ាក់បងៗថា វាចំណាយពេលយូរ ហើយខ្លាចខ្ញុំខូចភ្នែក។ ពេលខ្លះខ្ញុំលួចធ្វើស្ងាត់ៗ ឥលូវខ្ញុំចាប់ផ្ដើមសន្សំបណ្ដើរៗហើយ ហើយថ្ងៃណាមួយខ្ញុំនឹងបើកហាងនេះ"។ ស៊ីបូរ៉ា បញ្ជាក់។
សព្វថ្ងៃ យុវជនដែលជាកូនពៅ នៃគ្រួសារអាជីវកររូបនេះជានិស្សិត ផ្នែកព័ត៌មានវិទ្យា ឆ្នាំទី ៣ នៃសាកលវិទ្យាល័យ USEA ហើយក៏កំពុងបម្រើការងារផ្នែក IT ក្នុងក្រុមហ៊ុនមួយផងដែរ។ ស៊ីបូរ៉ា ព្រលយសម្ដីថា ការងារដែលខ្លួនកំពុងធ្វើ មានប្រាក់ខែសមល្មមអាចនឹងផ្គត់ផ្គង់ ការងារច្នៃតុក្កតាបាន។
នៅពេលសួរថារៀនមុខជំនាញ IT សោះ ហេតុអ្វីបានជាយកការងារសិល្បៈច្នៃតុក្កតាទៅវិញ? ស៊ីបូរ៉ា ឆ្លើយតបទាំងរីករាយថា ព្រោះតែរូបគេចូលចិត្តស្រលាញ់សិល្បៈបុរាណ តាំងពីក្មេងមកម្ល៉េះ។ មិនតែប៉ុណ្ណោះកូនទី ៦ រូបនេះ ជាអតីតសិស្សពូកែខាងគូររូបប្រចាំថ្នាក់ទៀតផង ដោយប្អូនធ្លាប់មកដាក់ពាក្យប្រឡងយកអាហារូបករណ៍ ផ្នែកលម្អស្ថាបត្យកម្ម នៅសាលារចនា ប៉ុន្តែលទ្ធផលមិនទទួលបានការសាទរឡើយ ហើយត្រូវជិះឡានត្រឡប់បន្តជំនាញ IT នៅខេត្តសៀមរាបវិញ កាលឆ្នាំ២០១៣ ។
ទោះរៀនជំនាញនេះពិតមែន តែស៊ីបូរ៉ា មិនបោះបង់ការងារសិល្បៈ ច្នៃតុក្កតាជ័របែបរបាំខ្មែរឡើយ ហើយក៏មិនប្រលែងចោលជំនាញ IT ដែរ។ IT ជំនាញដែល ស៊ីបូរ៉ា ត្រូវរៀន ដើម្បីជួយការងារគ្រួសារ ចំណែកការងារសិល្បៈ ជាការងារដែលស៊ីបូរ៉ា ស្រលាញ់ និងចង់ជួយលើកស្ទួយវប្បធម៌ប្រពៃណីជាតិខ្មែរ។
ដោយគ្រួសារមានរបរជា អ្នកប្រកបរបរជួលម៉ូតូឱ្យភ្ញៀវ ជៀប ស៊ីបូរ៉ា ហៅ បញ្ចារ៉េត បញ្ជាក់ថា "ខ្ញុំត្រូវរៀន IT ព្រោះដើម្បីជួយកាន់ វិបសាយ ផេក ឬ Social Media ធ្វើ Add ជាដើមឱ្យគ្រួសារខ្ញុំ។ ចំណែកការច្នៃតុក្កតា ធ្វើដើម្បីលើកស្ទួយវប្បធម៌ជាតិយើង ចង់ឱ្យបរទេសស្គាល់យើងច្រើន"។
ងាកមកមើលការច្នៃឯណេះវិញ យុវជនសម្បុរស្រអែមទម្លាយយ៉ាងដូច្នេះ បើគ្មានពេលតុក្កតារបាំមានស្បៃមួយឈុត ចំណាយមួយអាទិត្យ តែបើមានពេលច្រើនធ្វើតែបីបួនថ្ងៃទេ ហើយតុក្កតាមិនមានស្បៃងាយស្រួល និងធ្វើឆាប់ហើយ។ ចំពោះតុក្កតាទៀតសោត បានទិញពីហាង Band Name ល្បីៗ មានតម្លៃជាង ២០ ដុល្លារក្នុងមួយរូប។ បើនិយាយពីតម្លៃលក់ ស៊ីបូរ៉ាថាអាស្រ័យទៅតាមរូប ពោលគឺរូបដែលល្អស្អាត គុណភាពល្អ ថ្លៃបំផុតត្រឹម ៤៣ ដុល្លារ តែរូបល្មមៗចាប់ពី ៣០ ដុល្លារឡើងទៅ។
ជុំវិញតម្លៃនេះ ស៊ីបូរ៉ា បង្ហើបថា ប្រជាជនខ្មែរជីវភាពល្មមៗមិនហ៊ានទិញទេ ដោយភ្ញៀវកុម្ម៉ង់ភាគច្រើនជាជនបរទេស និងអាណិកជនខ្មែរក្រៅប្រទេស។ អ្នកភូមិសាលាកំរើក ឃុំសាលាកំរើក បញ្ជាក់ទៀតថា ពេលមានអ្នកបញ្ជាទិញ ទើបរូបគេធ្វើលក់។
"ខ្ញុំធ្វើលក់ប្រហែលច្រើនរូបហើយ គេកុម្ម៉ង់បានធ្វើ ពុំមានក្នុងស្តុកទេ [...] ដោយសារខ្ញុំរវល់រៀន និងធ្វើការផង អ៊ីចឹងអត់មានពេលធ្វើ។ ខ្មែរយើងអត់សូវទិញទេ ព្រោះវារាងថ្លៃ ភាគច្រើនបរទេស និងអាណិកជនខ្មែរ។ គេកុម៉្មង់ម្ដងបីបួនរូប តែធ្វើអត់ទាន់ ខ្លះគេយកមួយរូបអីសិនទៅ"។
ការងារតែងមានចំណុចពិបាកនិងស្រួល ចំណែកស៊ីបូរ៉ាថ្លែងថា ចំណុចពិបាក និងជាឧបសគ្គ គឺការចាក់ស្បៃ ធ្វើមកុដ និងគ្រឿងអលង្ការ។ ពិបាករកទិញហូល ពិបាករកពណ៌ហូល ហូលថ្លៃ ពោលគឺគេដណ្ដើមគ្នាទិញ "ខ្ញុំទិញគេខ្ទេចកំណាត់គេ ១ គីឡូ ១៥ ទៅ ២០ ដុល្លារ មកកាត់ដែរជាសំលៀកបំពាក់"។
យុវជនក្មេងខ្ចីរូបនេះ បានបែកគំនិតច្នៃតុក្កតាជ័រ (Apsara Barbie ឬ Barbie ឈុតខ្មែរ) នេះ តាំងពីឆ្នាំ២០១១ ប៉ុន្តែមិនសូវមានការចាប់អារម្មណ៍ប៉ុន្មានទេ ទើបប៉ុន្មានឆ្នាំចុងក្រោយនេះមានការគាំទ្រច្រើន បន្ទាប់ពីធ្វើការចុះផ្សាយលើគេហទំព័រ បង្ហោះតាមបណ្ដាញសង្គមមក។ មិនតែប៉ុណ្ណោះ ស៊ីបូរ៉ា ក៏ធ្លាប់ដាក់តាំងបង្ហាញក្នុងពិព័រណ៍ នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បះ ២ ដង សាលាសន្និសីទចតុមុខ ១ ដង និងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ១ ដង៕
តើអ្នកយល់យ៉ាងណាដែរ ចំពោះស្នាដៃច្នៃតុក្កតា Barbie ឈុតខ្មែរ របស់ ស៊ីបូរ៉ា?
ចុចអាន៖ ហេតុអ្វីសិស្សថ្នាក់ទី ១០ ពីររូបនេះ បានមេដាយមាសពីសហរដ្ឋអាមេរិក?
ចុចអាន៖ ផលិតផលខ្មែរ ៥ មុខទទួលការចាប់អារម្មណ៍ ក្នុងពិពណ៌នាអាស៊ាន-ចិន
អត្ថបទ៖ អ៊ុំ សុភក្តិ