សក្ដានុពលក្រុមហ៊ុនវិនិយោគឯកជនបរទេសនៅកម្ពុជាមានការវិវត្ត ជាការឆ្លុះបញ្ចាំងលើ កត្តា ៣
- 2015-08-14 21:49:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សក្ដានុពលក្រុមហ៊ុនវិនិយោគឯកជនបរទេសនៅកម្ពុជាមានការវិវត្ត ជាការឆ្លុះបញ្ចាំងលើ កត្តា ៣
ចន្លោះមិនឃើញ
សំណង់អគារ ខុនដូ កំពុងដុះដាលដូចផ្សិតនៅកម្ពុជា ព្រមទាំងការទាក់ទាញក្រុមហ៊ុនវិនិយោគបរទេស ធ្វើឲ្យវិស័យនេះ មានការកើនឡើងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ដែលរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និង សំណង់ជឿជាក់ថា ជាការឆ្លុះបញ្ចាំងលើកត្តា ៣ យ៉ាងក្នុងស្ថិរភាពនៅកម្ពុជា។
ថ្លែងក្នុងឱកាសពិធីប្រកាសជាផ្លូវការក្រុមហ៊ុន CREED GROUP និង គម្រោងវិនិយោគរបស់ក្រុមហ៊ុន នៅសណ្ឋគារ Sofitel ឯកឧត្ដមទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និង សំណង់ បាននិយាយថា ផ្នែកនគរូបនីយកម្ម និង សំណង់នៅកម្ពុជាមានការវិវត្តឆាប់រហ័ស ដែលការវិនិយោគលើវិស័យសំណង់ជាកត្តាសំខាន់មួយ នៃកំណើនសេដ្ឋកិច្ចជាតិ។ ចំពោះទំហំវិនិយោគលើវិស័យសំណង់រយៈពេលជាង ១៤ ឆ្នាំ ចាប់ពីឆ្នាំ ២០០០-២០១៤ គិតជាមធ្យមមាន ១៥០០ លានដុល្លារក្នុង ១ ឆ្នាំ។
លោកបន្តថា កំណើននេះ កើនជាលំដាប់ ដោយនៅក្នុងឆ្នាំ ២០១២ ការវិនិយោគបាន ២ ១០៩ លានដុល្លារ ចំណែកឆ្នាំ ២០១៣ មាន ២ ៧៧៣ លានដុល្លារ និង ឆ្នាំ ២០១៤ មាន ២៥០៧ លានដុល្លារ។ សម្រាប់ឆ្នាំ ២០១៤ វិស័យសំណង់ និង អចលនវត្ថុបានរួមវិភាគទានដល់កំណើនសេដ្ឋកិច្ចជាតិចំនួន ១៥% ផងដែរ។
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ដដែល បានបញ្ជាក់ថា មួយរយៈនេះមានក្រុមហ៊ុនបរទេសផ្នែកសំណង់ និង អចលនទ្រព្យជាច្រើនចាប់អារម្មណ៍មកបណ្ដាក់ទុននៅស្រុកខ្មែរ តួយ៉ាងដូចជា ផ្សារទំនើប សណ្ឋាគារ រោងចក្រជាដើម។ ជាក់ស្ដែង គម្រោង Bodaiju Residences របស់ក្រុមហ៊ុនអចលនទ្រព្យជប៉ុន Creed Group ក៏នឹងមានវត្តមានក្នុងពេលឆាប់ៗនៅភ្នំពេញ ដែលចាប់ផ្ដើមដំណើរការសាងសង់ចុងខែ សីហា នេះ នៅទីតាំងមុខប្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលស្ថិតនៅខាងក្រោយផ្សារទំនើប Lion Mall ដែលខុនដូនេះ ចំណាយទុនអស់ ១៣៤ លានដុល្លារ និង មាន 928 unit។
“កំណើននៃការវិនិយោគឯកជនរបស់ជប៉ុនពិតជាឆ្លុះបញ្ចាំងនូវការជឿទុកចិត្តលើនយោបាយសេដ្ឋកិច្ចសេរី បើកចំហ ក្នុងទស្សនវិស័យរំពឹងថា ទំនាក់ទំនង និង សកម្មភាពសេដ្ឋកិច្ចក្នុងតំបន់អាស៊ាន និង កាន់តែមានភាពរលូន និង សកម្មថែមទៀតនៅពេលបើកសម្ពោធសហគមន៍សេដ្ឋកិច្ចអាស៊ាននៅចុងឆ្នាំ ២០១៥ នេះ"។ នេះបើតាមការបន្ថែមរបស់ឯកឧត្ដម អ៊ឹម ឈុនលឹម។
ចំពោះលោក TOSHIHIKO MUNEYOSHI ស្ថាបនិក និង នាយកគ្រប់គ្រងក្រុមហ៊ុន CREED GROUP បានប្រាប់ថា លោកមានហេតុផល ៣ ដែលជំរុញចិត្តចង់មកវិនិយោគនៅស្រុកខ្មែរ។ ទី១គឺ កត្តានយោបាយដែលអនុគ្រោះដល់វិស័យធុរកិច្ច និង ច្បាប់ស្ដីពីការវិនិយោគមានលក្ខណៈអំណោយផលល្អ។ ទី២ គឺកត្តាសេដ្ឋកិច្ច ដែលកម្ពុជាមាន GDP មធ្យម ៨,២% បើយោងតាមធនាគារពិភពលោក។ ចំណែកទី ៣ ដោយសារលោកឃើញថាកម្ពុជា-ជប៉ុនមានចំណងមិត្តភាពប្រវត្តិសាស្ត្រយូរឆ្នាំ។
ការសាងសង់សំណង់ធំតូច បានរីកដុះដាលយ៉ាងខ្លាំងនៅតាមទីក្រុង ប៉ូលសេដ្ឋកិច្ចធំៗទាំង៣ រាជធានីភ្នំពេញ និង ទីប្រជុំជនធំតូចជាច្រើននៅតាមបណ្ដោយអ័ក្សសេដ្ឋកិច្ចសំខាន់ៗ។ ទន្ទឹមនឹងនេះ ការសាងសង់លំនៅដ្ឋាន របស់ប្រជាពលរដ្ឋទូទៅនៅតាមទីជនបទក៏មានការរីកដុះដាលរហូតដល់តំបន់ឆ្ងាយៗផងដែរ៕
សូមអាន ៖ ជ័យ សោភា៖ យុវជនខ្មែរយល់ដឹងពីអាស៊ានកាន់តែច្រើនឡើង
អត្ថបទ៖ លឹម សុនា