តើ​លោក Lee Tae Hoon យក​កីឡាករ​​ណា​​​ជំនួស ប្រាក់ មុន្នីឧត្តម ក្នុង​ក្រុម​ជម្រើស​ជាតិ?

  • 2015-08-19 17:15:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ និង ជា​ប្រធាន​ក្រុម​មក​ពី​ក្លិប​ស្វាយរៀង កីឡាករ ប្រាក់ មុន្នីឧត្តម បាន​ប្រកាស​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​​នៅ​ថ្ងៃ​អង្គារ ទី ១៨ ខែ សីហា ម្សិលមិញ​ថា រូប​គេ​មិន​អាច​ជួយ​ក្រុម​​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា ក្នុង​យុទ្ធនាការ​ប្រកួត​ជម្រុះ​​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក 2018 FIFA World Cup Russia បាន​នោះ​ទេ ព្រោះ​មាន​បញ្ហា​សុខភាព។

 

 

ប្រាក់ មុន្នីឧត្តម (ស្ដាំ) បង្ហាញ​ខ្លួន​ជាមួយ​ក្រុម​ជម្រើសជាតិ​ពេល​ប្រមូល​ផ្ដុំ​ដំបូង

 

ជុំ​វិញ​បញ្ហា​នេះ​លោក ឆាំង ពិសិដ្ឋ អ្នកចាត់ការ​ទូទៅ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា បាន​លើក​ឡើង​ថា​មុន​ការ​ប្រកួត​មួយ​ខែ សហព័ន្ធ​បាន​បញ្ជូន​ឈ្មោះ​កីឡាករ​ចំនួន ២៥ នាក់​ទៅ​កាន់​សហព័ន្ធ​កីឡា​បាល់ទាត់​ទ្វីប​អាស៊ី (AFC)។ ក្នុង​ចំណោម ២៥ នាក់​នេះ​​បាន​ជ្រើស​ចេញ​ពី​បញ្ជី ៥០ នាក់​ដែល​បាន​ចុះ​ឈ្មោះ​តាំង​ពី​​លើក​ដំបូង​មក​ម៉្លេះ។ តាម​គម្រោង​កីឡាករ​ទាំង ២៥ នាក់​ត្រូវ​ជម្រុះ ២ នាក់​ចេញ ដោយ​ទុក​តែ ២៣ នាក់​ប៉ុណ្ណោះ ធ្វើ​ដំណើរ​ទៅ​ប្រកួត​នៅ​ជប៉ុន។

 

លោក​ថា លោក Lee Tae Hoon មិន​ជ្រើសរើស​កីឡាករ​បន្ថែម​​ជំនួស កន្លែង ប្រាក់ មុន្នីឧត្តម នោះ​ទេ ដោយ​​រក្សា​កីឡាករ ២៤ នាក់​បណ្ដោះអាសន្ន​ ហើយ​ត្រូវ​ជម្រុះ​តែ​ម្នាក់​ប៉ុណ្ណោះ​​ក្រោយ​ចប់​យុទ្ធនាការ​ប្រកួត​​កម្ដៅ​សាច់ដុំ​នៅ​ប្រទេស​ថៃ។

 

កីឡាករ ប្រាក់ មុន្នីឧត្តម មាន​បញ្ហា​របួស​ត្រង់​ក្រលៀន ក្នុង​ពេល​​ជួយ​ក្រុម​ស្វាយរៀង ប្រកួត​ឈ្នះ​បៀលប្រាយ ដោយ​លទ្ធផល ៣ ទល់ ១ ​ប្រកួត​កាល​ពី​ជើង​ទី១ ដើម​ខែ​​សីហា កន្លង​ទៅ​ក្នុង​ពាន​រង្វាន់​បាល់ទាត់​ក្របខណ្ឌ​មិត្តហ្វូនខេមបូឌានលីក ២០១៥ (MCL 2015)។

 

​ក្រុម​​កម្ពុជា ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ប្រទេស​ប៊ូតាន់ នៅ​វេលា​ម៉ោង ៦ ថ្ងៃ​​ព្រហស្បតិ៍ ទី ២០ ខែ សីហា ខាង​មុខ​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ក្នុង​រាជធានី​ភ្នំពេញ ហើយ​​នៅ​ថ្ងៃ​ទី ២៤ ខែ សីហា ខាង​មុខ​ក្រុម​កម្ពុជា​ត្រូវ​ដំណើរ​ទៅ​កាន់​ទីក្រុង​បាងកក ប្រទេស​ថៃ​ ដើម្បី​មិត្តភាព​ជាមួយ​ក្រុម​​នៅ​ក្នុង​លីក​កំពូល​​របស់ថៃ (កំពុង​ទាក់ទង) នៅ​ថ្ងៃ​ទី ២៦ ខែ សីហា ហើយ​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ ជម្រើស​ជាតិ​ឡាវ នៅ​ទីនោះ​ក្នុង​ថ្ងៃ ២៩ ខែ​សីហា ផង​ដែរ។ ចេញ​ពី​ថៃ ក្រុម​ជម្រើសជាតិ​កម្ពុជា ត្រូវ​បន្ត​ដំណើរ​ទៅ​ប្រទេស​ជប៉ុន តែ​ម្ដង​នៅ​ថ្ងៃ​ទី ៣១ ខែ សីហា។

 

ចំពោះ​ប្រកួត​ផ្លូវការ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ត្រូវ​ជួប​ម្ចាស់​ផ្ទះ​ជប៉ុន ក្នុង​វគ្គ​​ជម្រុះ​ពូល E នៃ​ពាន​រង្វាន់ FIFA World Cup ប្រចាំ​ទ្វីប​អាស៊ី ​នៅ​​កីឡដ្ឋាន Saitama Stadium 2002 ក្នុង​ទីក្រុង Saitama នា​​ថ្ងៃ​ទី ៣ ​ខែ កញ្ញា ​ឆ្នាំ ២០១៥ ហើយ​ត្រូវ​ត្រឡប់​មក​រាជធានី​ភ្នំពេញវិញ ​ដើម្បី​ទទួល​ភ្ញៀវ​ក្រុម​ស៊ីរី នៅ​ពហុ​កីឡដ្ឋាន​ជាតិ នាសៀល​​ថ្ងៃ​ទី ៨ ខែ កញ្ញា ឆ្នាំ ២០១៥ វិញ​ម្ដង៕

 

អត្ថបទ៖ ម៉ឺន រស្មី

អត្ថបទពេញនិយម