ការ​ប្រកួត​របស់ Floyd ​និង Berto ​អាច​ជា​គ្មាន​អ្នក​ចូល​មើល​ច្រើន​

  • 2015-08-20 20:25:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​របស់ Floyd Mayweather ​និង Andre Berto ​នឹង​​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១២ ​ខែ​កញ្ញា​​ក្រោយ​នេះ​ហើយ ប៉ុន្តែ​ការ​លក់​សំបុត្រ​ចូល​ទស្សនា​វិញ​ហាក់​ដូចជា​មិន​ជោគជ័យ​នោះ​ទេ ​ទោះ​ជា​លក់​ក្នុង​តម្លៃ​ថោក​យ៉ាង​ណា​ក្ដី។

 

 

សំបុត្រ​ចូល​មើល​ការ​ប្រកួត​ចុង​ក្រោយ​មុន​ចូល​និវត្តន៍​របស់ Floyd ​ត្រូវ​បាន​ដាក់​លក់​ហើយ​នៅ​លើ​ទីផ្សារ​នានា ​តែ​​មិន​មាន​តម្លៃ​ថ្លៃ​ និង​ពេញ​និយម​ដូច​ការ​ប្រកួត​ជាមួយ Manny Pacquiao ​នោះ​ទេ។ យោង​តាម​ទីផ្សារ secondary ​ដែល​បាន​ដាក់​លក់​សំបុត្រ​នោះ បាន​ឱ្យ​ដឹង​ថា​សំបុត្រ​ចូល​មើល​ការ​ប្រកួត Floyd ​និង Berto លក់​ត្រឹម​តែ ​១២៤២​ដុល្លារ​ប៉ុណ្ណោះ​ហើយ​មិន​សូវ​មាន​គេ​ទិញ​នោះ​ទេ ចំណែក​ឯ​កាល​ប្រកួត​ជាមួយ Pacman ​វិញ​ដាក់​លក់​ដល់​ទៅ​ ៤៨៣០ដុល្លារ​ហើយ រក​សំបុត្រ​លក់​គ្មាន​ទៀត។ នេះ​មាន​ន័យ​ថា​ ការ​ប្រកួត​នៅ​ពេល​ខាង​មុខ​អាច​ជា​មិន​សូវ​អ៊ូរ​អរ​ដូច​មុន​នោះ​ទេ។

 

ងាក​ទៅ​ខាង​កន្លែង​ស្នាក់​នៅ​វិញ គិត​ត្រឹម​ថ្ងៃ​នេះ​ដូច​គ្នា​កាល​ប្រកួត​ជាមួយ Pacquiao ​គ្រប់​សណ្ឋាគារ​ទាំង​អស់​ត្រូវ​បាន​កក់​ទុក​អស់​ទៅ​ហើយ ដោយ​មាន​តម្លៃ​ខ្ពស់​ទៀត ប៉ុន្តែ​ប្រកួត​នេះ​វិញ​សណ្ឋាគារ​ទាំង​អស់​នៅ​ទំនេរ ហើយ​មាន​តម្លៃ​ថោក​ត្រឹម​តែ​១៣៤​ដុល្លារ​ប៉ុណ្ណោះ​អាច​កក់​ទុក​បាន​ហើយ។

 

ទោះ​ជា​យ៉ាង​នេះ​ក្ដី ការ​ប្រកួត​ខាង​លើ​នេះ Floyd ​ធ្លាប់​បាន​ប្រកាស​ហើយ​ថា​រូប​គេ​មិន​ចង់​បាន​លុយ​ទៀត​ទេ ព្រោះ​ជា​ប្រកួត​ចុង​ក្រោយ​មុន​ចូល​និវត្តន៍។ លើស​ពី​នេះ​ទៅ​ទៀត អ្នក​ប្រដាល់​មិន​ដែល​ចាញ់​រូប​នេះ​និយាយ​ទៀត​ថា​នឹង​មាន​​ការ​ប្រគំ​តន្ត្រី​ដោយ​មាន​ការ​អញ្ជើញ​ពី​តារា​ល្បី​ៗ​ចូល​រួម​ទៀត​ផង​ក្នុង​រាត្រី​ថ្ងៃ​ប្រកួត​នោះ៕

 

ចុចអាន៖  Floyd ​ថា​ប្រកួត​ចុង​ក្រោយ ​នឹង​ធ្វើ​ឱ្យ​ប្លែក​ជាង​គេ​មិន​ធ្លាប់​មាន

 

ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ huffingtonpost